(ភ្នំពេញ)៖ លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា តំណាងលោកបណ្ឌិត លី ឆេង តំណាងរាស្រ្ដមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយកប៊ែលធី គ្រុប ព្រមទាំងថ្នាក់ដឹកនាំ បាននាំយកថវិកាចំនួន ១៤,០០០,០០០រៀល (ដប់បួនលាន) និងអាហារូបករណ៍ ១០០% ចំនួន ៣កន្លែង សម្រាប់សិក្សាថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ រហូតដល់ចប់ថ្នាក់ទី១២ និងកម្រិតទី១២ (Level 12) ព្រមទាំងសិក្សាថ្នាក់បរិញ្ញាបត្រ រយៈពេល៤ឆ្នាំ ប្រគល់ជូនសិស្សសាលា ប៊ែលធី អន្តរជាតិ ២នាក់ ដែលជួបឧបទ្ទវហេតុភ្លើង ឆេះផ្ទះនៅខណ្ឌដូនពេញ។
សិស្សទាំង២នាក់រួមមាន៖ សិស្សឈ្មោះ ឡាំ សេងតាយ និងឈ្មោះ ឡាំ គីមជូ ដែលគ្រួសារបានជួបឧបទ្ទវហេតុភ្លើងឆេះផ្ទះ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ បណ្តាលឱ្យបងប្អូនបង្កើតចំនួន ២នាក់ បាត់បង់ជីវិត និងសមាជិកគ្រួសារផ្សេងទៀតរងរបួសធ្ងន់-ស្រាល រហូតត្រូវសម្រាកនៅមន្ទីរពេទ្យ។
លោក លី ប៊ុនឆៃ បានថ្លែងថា «ក្នុងនាមថ្នាក់ដឹកនាំ ប៊ែលធី គ្រុប ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»។
ក្នុងនោះផងដែរ ក៏មានសិស្សប៊ែលធី ម្នាក់ទៀតឈ្មោះ តាំង ចុងហ៊ួ ដែលផ្ទះនៅជាប់គ្នា ហើយបានទទួលរងនូវភ្លើងឆេះផ្ទះដែរនោះ ក៏ទទួលបានថវិកាចំនួន ២,០០០,០០០រៀល (ពីរលានរៀល) និងអាហារូបករណ៍ ១០០% សិក្សាថ្នាក់ចំណេះទូទៅ ថ្នាក់ទី១២ និងថ្នាក់បរិញ្ញាបត្រ រយៈពេល៤ឆ្នាំផងដែរ។
ប្រសិនបើប្អូនៗសិស្សានុសិស្ស និងសប្បុរសជនទាំងអស់ ដែលមានបំណងចង់ចូលរួមឧបត្ថម្ភថវិកា ដើម្បីជួយសម្រាលបន្ទុក ដល់គ្រួសារជនរងគ្រោះដែលបានជួបឧបទ្ទវហេតុ ដូចបានជម្រាបជូនខាងលើនេះ សូមទំនាក់ទំនងលេខទូរស័ព្ទ 099 308 708 (ឪពុក)។
សូមបញ្ជាក់ថា អគ្គិភ័យឆេះផ្ទះលក់ហ្គាសយ៉ាងសន្ធោសន្ធៅ នៅតាមបណ្ដាយផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាល្ងាចថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០២០ បានសម្លាប់មនុស្ស៤នាក់ និង៥នាក់ទៀតរងរបួសធ្ងន់ស្រាល។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅយប់ថ្ងៃនេះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ត នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ បានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍នេះ មានកូនម្ចាស់ផ្ទះ២នាក់ និងកម្មករ២នាក់។ ជនរងគ្រោះទី១៖ឈ្មោះ ឡាំ សេងហាវ អាយុ២៧ឆ្នាំ ភេទប្រុស (កូនម្ចាស់ផ្ទះ), ទី២៖ឈ្មោះ ឡាំ គីមឡាង អាយុ៨ឆ្នាំ ភេទស្រី (កូនម្ចាស់ផ្ទះ), ទី៣៖ឈ្មោះ ម៉ៅ ស៊ីណាត អាយុ២២ឆ្នាំ ភេទប្រុស (កម្មករ) និងទី៤៖ឈ្មោះ មុន មករា អាយុ១៨ឆ្នាំ ភេទប្រុស (កម្មករ)។
ដោយឡែក អ្នករងរបួសរួមមាន ទី១៖ឈ្មោះ ប្រាក់ ឡាំហុង អាយុ៦៩ឆ្នាំ ភេទប្រុស (ម្ចាស់ផ្ទះ) របួសស្រាល, ទី២៖ឈ្មោះ លី សឿង អាយុ៤៩ឆ្នាំ ប្រពន្ធ (របួសធ្ងន់), ទី៣៖ឈ្មោះ ឡាំ សេងតាយ អាយុ១៩ឆ្នាំ ភេទប្រុស (កូន), ទី៤៖ឈ្មោះ ឡាំ គីមជូ ១៣ឆ្នាំ ភេទស្រី (កូន) និងទី៥៖ឈ្មោះ ប្រាក់ សេងគា អាយុ៣២ឆ្នាំ ភេទប្រុស (ប្អូនម្ចាស់ផ្ទះ) របួសស្រាល៕