(សៀមរាប)៖ លោក ហ៊ុន ណេង សមាជិករដ្ឋសភា និងជាអ្នកតំណាងរាស្រ្ដ មណ្ឌលខេត្តកំពុងចាម បានអញ្ជើញមកចូលរួមក្នុងពិធីបុណ្យសពឧបាសក ឈុន ហាក់ ដែលជាឳពុករបស់លោកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប។ ដែលពិធីបុណ្យនេះ ស្ថិតនៅក្នុងបុរី សៀងណាំ ២ សង្កាត់ស្រង៉ែ ក្រុង-ខេត្តសៀមរាប ។
លោក ហ៊ុន ណេង អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម និងឥស្សរជន ជាច្រើនរូប បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧបាសក ឈុន ហាក់ ដែលត្រូវជាឪពុកបង្កើតរបស់ លោកឧកញ៉ា សៀង ណាំ ជាបន្តបន្ទាប់ ក្នុងនោះមាន លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ, លោកនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ និងទី៥, លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប, រួមនិងអ្នកតំណាងរាស្រ្ត, អភិបាលខេត្ត, អភិបាលរងខេត្ត, ក្រុមប្រឹក្សាខេត្ត, មេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីសង្ឃជាច្រើនអង្គ/រូបទៀតផងដែរ ។
ក្នុងពិធីគោរពវិញ្ញាណក្ខន្ធនេះ ហ៊ុន ណេង ក៏ដូចជាឥស្សរជនទាំងអស់បានសម្ដែងនូវក្តីក្រៀមក្រម ក្ដុកក្ដួលឥតឧបមា និងសោកស្តាយក្រៃលែង ចំពោះការបាត់បង់ឧបាសក ឈុន ហាក់ គឺជាការបាត់បង់នូវឪពុកបង្កើត ឪពុកក្មេកនិងជីតា ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៏ សំរាប់កូនៗនិងចៅទាំងអស់។
រូបឧបាសកឈុនហាក់បាត់បង់ទៅក៏ពិតមែនក៏ប៉ន្តែកិត្តិយស គំរូវីរៈភាពនិងសេចក្តីល្អរបស់ឧបាសកនៅស្ថិតស្ថេរជានិច្ចក្នុងដួងចិត្តរបស់លោក លោកស្រី បុត្រា បុត្រី ចៅប្រុស ចៅស្រី និងបងប្អូនសាច់ញាតិជិតឆ្ងាយរបស់របស់លោក និងលោកស្រី ប្រកបដោយព្រហ្មវិហារធម៌។
លោក ហ៊ុន ណេង និងឥស្សរជនទាំងអស់ សូមចូលរួមរំលែកនូវសេចក្ដីទុក្ខក្រៀមក្រំ ក្ដុកក្ដួល អាឡោះអាល័យជាទីបំផុត ជាមួយលោកឧកញ៉ា សៀង ណាំ និងក្រុមគ្រួសារ ញាតិមិត្តជិតឆ្ងាយទាំងអស់នៃសព ព្រមទាំងសូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងតេជៈបារម៉ី ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធឧបាសក ឈុន ហាក់ បានទៅសោយសុខក្នុងសុគតិភពជានិច្ចនិរន្តរ៍តរៀងទៅ ។
សូមបញ្ជាក់ថា៖ ឧបាសក ឈុន ហាក់ បានទទួលមរណៈភាពនៅវេលាម៉ោង១១៖៣០នាទី កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ ក្នុងជន្មាយុ៩៥ ឆ្នាំ ដោយជរាពាធ ។ ហើយសពរបស់ឧបាសក ឈុន ហាក់ ត្រូវបានរៀបចំតម្តល់ទុកធ្វើបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនា រយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ នៅក្នុងបុរីសៀងណាំ ២ ដែលស្ថិតនៅភូមិចន្លោង សង្កាត់ស្រង៉ែ ក្រុង-ខេត្តសៀមរាប៕