(កំពង់ចាម)៖ ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី២ នៃសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ចាម អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងអបអរសមិទ្ធផលដែលសាខាសមាគមនារីខេត្តសម្រេចបានក្នុងឆមាសទី១។
ក្នុងឱកាសនោះលោកអភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ក៏ដូចជាជាលោក លោកស្រីជាសមាជិកាទាំងអស់ ដែលបានដឹកនាំ និងអនុវត្តការងារក្នុងសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ទទួលបាលទ្ធផលផ្លែផ្កា ក្នុងរយៈពេល១ឆមាសកន្លងទៅនោះ។
លោកអភិបាលខេត្តបន្តថា ទាំងអស់នេះ គឺជាមោទនភាពរបស់ខេត្ត ដែលផ្ដើមចេញពីស្ត្រីទាំងអស់ នៅក្នុងគណៈកម្មការសាខាសមាគម ក៏ដូចជាគណៈចលនាស្ត្រី នៅក្នុងទូទាំងខេត្តកំពង់ចាម ផងដែរ។ យ៉ាងណាម៉ិញ ក្រោយពីការដាក់ចេញនូវផែនការហើយនោះ សាខាសមាគមខេត្ត តែងបានយកចិត្តទុកដាក់ជានិច្ច ក្នុងការអនុវត្តផែនការសកម្មភាពយ៉ាងសស្រាក់សស្រាំ ដោយបានធ្វើឲ្យសម្រេចបានលទ្ធផលផ្លែផ្កាជាបន្តបន្ទាប់។
ជាក់ស្ដែង នៅរាល់ពេលទទួលបានព័ត៌មាន ឬសេចក្ដីរាយការណ៍ពីមូលដ្ឋានភ្លាម ថ្នាក់ដឹកនាំ ក៏ដូចជាសហការី ក្រោមឱវាទក្នុងជួរសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត តែងបានចុះជួបផ្ទាល់ ជាមួយប្រជាពលរដ្ឋ រួមទាំងការចែករំលែកនូវធនធានផ្ទាល់ខ្លួន ដើម្បីជួយទៅដល់ប្រជាពលរដ្ឋជាមុខសញ្ញា នៅក្នុងមូលដ្ឋានគោលដៅនីមួយៗ បានទាន់ពេលវេលាផងដែរ។
ដោយឡែក ជាមួយនឹងសមិទ្ធផលសម្រេចបានទាំងអស់នេះដែរ លោកអភិបាលខេត្ត ក៏បានជម្រុញទៅដល់ ថ្នាក់ដឹកនាំ និងបងប្អូនស្ត្រី ក្នុងជួរសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម ទាំងអស់ សូមបន្តការអនុវត្តសកម្មភាពរបស់ខ្លួន ឲ្យកាន់តែខ្លាំងក្លាថែមទៀត ពីព្រោះថា ការចាប់ផ្ដើមរបស់យើង គឺត្រូវធ្វើឲ្យមាននិរន្តរ៍ភាព។
ដូច្នេះចាំបាច់ណាស់ គឺទាមទារឲ្យយើងទាំងអស់គ្នា ត្រូវមានផែនការ និងទិសដៅឲ្យបានច្បាស់លាស់ ព្រមទាំង ត្រូវមានសកម្មភាព ឲ្យកាន់តែច្រើន និងខ្លាំងក្លាថែមទៀត។ ទន្ទឹមនឹងនោះដែរ លោកអភិបាលខេត្ត ក៏បានស្នើទៅដល់បងប្អូនស្ត្រី ក្នុងជួរគណៈកម្មាធិការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តទាំងអស់សូមចូលរួមសាមគ្គីភាពផ្ទៃក្នុង ដើម្បីផ្ដល់នូវជំនឿ និងទំនុកចិត្តពីសមាជិករបស់ខ្លួន ជម្រុញធ្វើឲ្យសាខាសមាគមនារី នៅក្នុងខេត្ត កាន់តែមានការរីកចំរើន ទៅមុខថែមទៀត៕