(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានក្រើនរំលឹកមន្ត្រី អាជ្ញាធរពាក់ព័ន្ធ ត្រូវសហការគ្នាបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ កន្លែងណាមានបញ្ហាទុក្ខលំបាក ដែលពាក់ព័ន្ធប្រជាពលរដ្ឋ ត្រូវនាំគ្នាចុះទៅដោះស្រាយដល់កន្លែងនោះ។
ក្រើនរំលឹកបែបនេះ ខណៈលោកបាលខេត្ត ដឹកនាំក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២០ នៅសាលប្រជុំសាលាខេត្តកំពត ដោយចូលរួម ពីអាជ្ញាធរក្រុង ស្រុក មន្ទីរជំនាញ និងអង្គភាពកងកម្លាំងប្រដាប់អាវុធ និងស្ថាប័នតុលាការ អយ្យការ អមសាលាដំបូងខេត្តកំពត។
លោកអភិបាលខេត្ត ជាវ តាយ បានលើកឡើងទៀតថា ពីមួយថ្ងៃទៅមួយថ្ងៃ បញ្ហាតែងតែកើតមាន ជាបន្តបន្ទាប់នៅតាមមូលដ្ឋាននៃស្រុកក្រុងនីមួយៗ ខណៈដែលបញ្ហាចាស់មួយចំនួន ដោះស្រាយមិនទាន់ចប់រួចរាល់នៅឡើយ។ ហើយបញ្ហាជាងនេះទៀត គឺមន្ត្រីមួយចំនួនតូច ហាក់មិនសូវអើពើ ក្នុងកិច្ចខិតខំដោះស្រាយបញ្ហាដែលទាក់ទង់នឹងជំនាញ ឬបញ្ហាក្នុងដែន សមត្ថកិច្ចរបស់ខ្លួននោះទេ ធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន មិនសូវពេញចិត្ត និងគ្មានទំនុកចិត្តលើចំណាត់ការរបស់មន្ត្រីរាជរដ្ឋាភិបាល។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ដើម្បីបំពេញ ឬដោះស្រាយការងារមួយឲ្យបានជោគជ័យ មន្ត្រីជំនាញពាក់ព័ន្ធ ត្រូវរួមសហការជាមួយអាជ្ញាធរ អនុវត្តតួនាទីតាមជំនាញ និងសមត្ថកិច្ចរៀងៗខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ តម្លាភាព កន្លែងណាមានបញ្ហា ត្រូវនាំគ្នាចុះទៅដោះដល់កន្លែងនោះ មិនអាចនៅរង់ចាំ ហើយមើលបំណាំគ្នានោះទេ។
លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ដែរថា រដ្ឋបាលខេត្ត ក៏តំណាងរបស់រាជរដ្ឋាភិបាល ហើយរដ្ឋបាលក្រុងស្រុក ក៏ជាតំណាងឲ្យរាជរដ្ឋាភិបាលដូចគ្នា ខុសគ្នាត្រង់តែការតែងតាំងដោយព្រះរាជក្រឹត្យ និងអនុក្រឹត្យប៉ុណ្ណោះទេ ដូច្នេះរដ្ឋបាលក្រុងស្រុកត្រូវបង្កើនស្មារតីទទួលខុសត្រូវរាល់ការងារនៅក្នុងមូលដ្ឋានរបស់ខ្លួន ហើយក្នុងករណីព្យាយាមដោះស្រាយ បើគ្មានលទ្ធផល ត្រូវរាយការណ៍មករដ្ឋបាលខេត្ត ដើម្បីជួយដោះស្រាយបន្ត។
ចំណែកមន្ត្រីមន្ទីរជំនាញ ក៏ដូចគ្នាដែរ នៅពេលមានបញ្ហាអ្វីមួយទាក់ទងនឹងជំនាញរបស់ខ្លួន ត្រូវចុះទៅដោះស្រាយ ហើយធ្វើរបាយការណ៍បញ្ជាក់ជូនទៅស្រុកមួយច្បាប់ និងរដ្ឋបាលខេត្តមួយច្បាប់ តាមរយៈប្រព័ន្ធ Telegram ឬ Whatsapp ដែលអង្គភាពធ្លាប់ប្រើប្រាស់។
លោកអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់អង្គប្រជុំដោយលើកបញ្ជាក់ថា ដើម្បីឆ្លើយតបតាមការណែនាំរបស់សម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតែងតែបានក្រើនរំលឹកណែនាំ ជំរុញថ្នាក់រដ្ឋបាលខេត្ត ក្រុង ស្រុក ឲ្យមានការយកចិត្តទុកដាក់ខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានសកម្មបំផុត។
ពិសេសត្រូវខិតខំដោះស្រាយបញ្ហាប្រឈមនៅក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យទទួលបានលទ្ធផលជោគជ័យ។ ដូច្នេះសូមស្នើដល់មន្ត្រីទាំងអស់ត្រូវមានឆន្ទៈ មនសិការ យន្តការដោះស្រាយរាល់បញ្ហាកង្វល់ ការលំបាកខ្វះខាត សំណូមពរ និងបញ្ហាប្រឈមផ្សេងៗ ដោយផ្អែកលើមូលដ្ឋានច្បាប់ ពិសេស «រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ»៕