(ក្រចេះ)៖ ប្រជាពលរដ្ឋក្រីក្រចំនួន១៦គ្រួសារ ដែលកំពុងរស់នៅ ក្នុងទីតាំងចំណុចគីឡូម៉ែត្រលេខ១០១ ភូមិដូង ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ បានស្នើដល់អាជ្ញាធរឲ្យមានការដោះស្រាយ ទៅលើផ្ទៃដីរបស់ពួកគាត់ ដែលកំពុងទទួលរងការធ្វើទុក្ខបុកម្នេញពីលោក គៀម ប៊ុនណា (ហៅប៊ុន)ជាមន្ត្រីយោធានៅវរៈការពារព្រំដែនលេខ២០៤។
អ្នកស្រី សុក សុផាត តំណាងប្រជាពលរដ្ឋទាំង១៦គ្រួសារ បាននិយាយថា ពួកគាត់មានគ្នាចំនួន១៦គ្រួសារ បានមករស់នៅលើផ្ទៃដីមានទំហំ ២៤០ម៉ែត្រx ៣០០ម៉ែត្រ ក្នុងទីតាំងខាងលើ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ព្រមទាំងមានការសង់លំនៅដ្ឋាន រួមទាំងដាំដំណាំបង្កបង្កើនផលនៅទីនោះទៀតផង។ អ្នកស្រីបានបន្តថា ប៉ុន្តែរយៈកាលកន្លងមក ក៏ដូចជា ពេលបច្ចុប្បន្ននេះ ពួកគាត់ត្រូវបានរារាំង មិនឲ្យសាងសង់លំនៅដ្ឋានពីសំណាក់លោក គៀម ប៊ុនណា មិនចេះចប់មិនចេះហើយដោយសារលោក គៀម ប៊ុនណា អះអាងថា ជាដីរបស់គាត់ ព្រមទាំងគ្រោងបណ្តេញពួកប្រជាពលរដ្ឋទាំងនោះចេញពីដីនេះទៀតផង។
ទាក់ទង និងទំនាស់ដីធ្លីនេះដែរ ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ខាងលើ ក៏ធ្លាប់បានស្នើទៅកាន់អាជ្ញាធរសុំឲ្យធ្វើការដោះស្រាយ ប៉ុន្តែហាក់បីដួចមិនដែលមានការឆ្លើយតបម្តងណាឡើយ។ មេឃុំឃ្សឹម បានថ្លែងថា គាត់បានជ្រាបហើយករណីនេះ ដោយមានទាំងពាក្យបណ្តឹង របស់ប្រជាពលរដ្ឋទៀតផង ប៉ុន្តែករណីនេះ លោកមិនហានដោះស្រាយ ឬសម្រេចយ៉ាងណាទេ ព្រោះដីទាំងនេះ គឺស្ថិតនៅក្នុងដែនជម្រកសត្វព្រៃស្រុកស្នួល គ្រប់គ្រងដោយក្រសួងបរិស្ថាន ហើយគាត់បានប្រគល់កិច្ចការនេះ ទៅប្រធានដែនជម្រកជាអ្នកដោះស្រាយវិញ។
ជំវិញវិវាទដីធ្លី រវាងប្រជាពលរដ្ឋទាំង១៦គ្រួសារ ជាមួយលោក គៀម ប៊ុនណា ខាងលើនេះ គេនៅមិនទាន់ទទួលបានប្រភពព័ត៌មានណាមួយពីខាង លោក គៀង ប៊ុនណា មន្រ្តីយោធាវរៈ២០៤នៅឡើយទេ។ យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋនៅតែទទូចស្នើឲ្យអាជ្ញាធរដោះស្រាយ វិវាទនេះ ឲ្យបានឆាប់រហ័សព្រោះពួកគាត់ក្រីក្រ ហើយផ្ទៃដីទាំងនេះ យកមកចែកគ្នាបានត្រឹមតែ៧ទៅ៨ម៉ែត្រ ក្នុងមួយគ្រួសារតែប៉ុណ្ណោះ៕