(ភ្នំពេញ)៖ ព្រឹកថ្ងៃអង្គារ ១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចុះពិនិត្យការធ្វើស្រែ ព្រមទាំងសំណេះសំណាលជាមួយប្រជាកសិករនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកើតចេញពីត្រកូលអ្នកស្រែចម្ការស្ថិតតាមដងទន្លេមេគង្គ គឺជាមេដឹកនាំមួយរូបយកចិត្តទុកដាក់ខ្ពស់បំផុតលើវិស័យកសិកម្ម។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជារូបនេះ ក៏ជាមេដឹកនាំដែលបានជំរុញការអភិវឌ្ឍលើវិស័យកសិកម្ម រហូតរុញប្រទេសកម្ពុជាចេញពីប្រទេសខ្វះស្បៀងអាហារ ឆ្ពោះទៅបំពេញការហូបចុករបស់ប្រជាពលរដ្ឋគ្រប់គ្រាន់ និងសល់ស្រូវអង្កររាប់ម៉ឺនតោននាពេលបច្ចុប្បន្នផងដែរ។
ក្នុងពេលប្រទេសកម្ពុជា ក៏ដូចជាពិភពលោកជួបនូវវិបត្តិនៃជំងឺកូវីដ១៩ វិស័យកសិកម្មត្រូវបានរាជរដ្ឋាភិបាលកម្ពុជា មើលឃើញជាឱកាសដ៏សំខាន់មួយសម្រាប់ជួយទ្រទ្រង់សេដ្ឋកិច្ច ដោះស្រាយបញ្ហាអត់ការងាររបស់ប្រជាពលរដ្ឋ និងជួយដោះស្រាយការលំបាកក្នុងជីវភាពរបស់ប្រជាពលរដ្ឋផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យក្រសួងពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋកម្ពុជា ឱ្យរួមគ្នាប្រែក្លាយបញ្ហាបង្កដោយជំងឺកូវីដ១៩នេះ ទៅជាឱកាសមួយសម្រាប់ការកែប្រែ និងអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា។
ដំណើរអញ្ជើញពិនិត្យការធ្វើស្រែ និងសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកព្រៃកប្បាស ខេត្តតាកែវនេះ ត្រូវបានចាត់ទុកជាការរួមចំណែកមួយទៀត ក្នុងការលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា។ ជាពិសេសនៅក្នុងកំលុងពេលនៃវិបត្តិបង្កឡើងដោយជំងឺកូវីដ១៩នេះ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ដំណើរអញ្ជើញរបស់សម្តេចតេជោចុះទៅកាន់វាលស្រែនេះ បង្ហាញឱ្យឃើញយ៉ាងប្រត្យក្សអំពីសក្តានុពលនៃការប្រើប្រាស់យន្ធូបនីយកម្មកសិកម្មឱ្យមានសន្ទុះកាន់តែខ្លាំងក្លា ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ ឆ្លើយតបទៅនឹងចក្ខុវិស័យំប្រកបដោយបញ្ញាញាញឈ្លាសវៃបំផុត ដើម្បីប្រែក្លាយមាតុភូមិកម្ពុជាយើងទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ តាមគោលដៅរំពឹងទុកប្រកបដោយក្ដីសង្ឃឹម និងភាពកក់ក្តៅពីប្រជាជន។
សូមបញ្ជាក់ថា មុនពេលមានការរាតត្បាតនៃជំងឺកូវីដ១៩ បើទោះបីថាវិស័យសេវា និងឧស្សាហកម្ម បានដើរតួនាទីសំខាន់ក្នុងសេដ្ឋកិច្ចជាតិ តែវិស័យកសិកម្ម ក៏នៅតែមានតួនាទីសំខាន់ផងដែរ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
លោក វេង សាខុន បានឱ្យដឹងថា នៅឆ្នាំ២០១៩ វិស័យកសិកម្មបានចូលរួមចំណែកប្រមាណ ២០.៨% នៃផលិតផលក្នុងស្រុកសរុប។ ក្នុងនោះ ផ្នែក ដំណាំបានចូលរួម ៥៧.៦៧% ផ្នែកផលិតកម្មសត្វ ១១.១១% ផ្នែកជលផល ២៤.៣០% និងផ្នែកព្រៃឈើ ៦.៩១%។ រីឯការនាំចេញផលិតផលកសិកម្មសរុបបានកើនឡើងពី ៤.១៦លានតោននៅឆ្នាំ២០១៥ ដល់ ៤.៨៨លានតោននៅឆ្នាំ២០១៩ ស្មើនឹង ១៧.៣%។ បរិមាណអង្ករនាំចេញផ្លូវការបានកើនពី ៥៣៨ពាន់តោន ដល់ជាង ៦២០ពាន់តោនក្នុងឆ្នាំ២០១៩ គិតជាមធ្យមក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ គឺមានកំណើនប្រមាណ ១៥,២៤%។
សម្រាប់ឆមាសទី១ ឆ្នាំ២០២០នេះ បរិមាណនាំចេញអង្ករបានចំនួន ៤០២,៤២៤តោន ស្មើនឹង ៨៦.៥៦% និងនាំចេញទៅកាន់ទិសដៅចំនួន ៥៦ ប្រទេស នៅតាមបណ្ដាប្រទេសសមាជិកអាស៊ាន សមាជិកសហភាពអឺរ៉ុប ប្រទេសចិន និងប្រទេសមួយចំនួនទៀត ដោយក្រុមហ៊ុនឯកជនចំនួន ៦៦ ក្រុមហ៊ុន។
រីឯការនាំចេញផលិតផល កសិកម្មផ្សេងៗទៅក្រៅប្រទេស ក៏មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ផងដែរ ទាំងផ្លូវការ និងក្រៅផ្លូវការមានចំនួនជាង ៤លានតោន។ លោក វេង សាខុន បានលើកឡើងថា សមិទ្ធផលដែលទទួលបានខាងលើនេះគឺបង្ហាញអំពីលទ្ធផលនៃការអនុវត្តគោលនយោបាយ ស្ដីពីការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្កររបស់រាជរដ្ឋាភិបាលដោយទទួលបានលទ្ធផលល្អប្រសើរ ទោះបីជានៅមិនទាន់សម្រេចគោលដៅនាំចេញជាផ្លូវការបានចំនួន ១លានតោនក៏ដោយ។
ជាពិសេសគុណភាពអង្ករ កម្ពុជាពូជស្រូវផ្ការំដួល ត្រូវបានទទួលស្គាល់ថា មានគុណភាពល្អ និងរសជាតិឆ្ងាញ់នៅលើសកលលោក នៅតែមាន់ឧត្តមភាពប្រកួតប្រជែង និងទទួលបាននូវការលើកតម្កើងកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ ហើយកម្ពុជាស្ថិតក្នុង ចំណោមប្រទេសនាំចេញអង្ករធំៗទាំង ១០នៅលើសកលលោក។
លោក វេង សុខុន បានលើកឡើងដែរថា ទោះបីកម្ពុជាកំពុងទទួលរងនូវហានិភ័យពីវិបត្តិនៃកូវីដ១៩យ៉ាងណាក្តី តែការងារបង្កបង្កើនផលនៅតែមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់។ លោករដ្ឋមន្ត្រី បានឱ្យដឹងថា ការបង្កបង្កើនផលអនុវត្តបានជាង ២.០៩លានហិកតា ស្មើនឹង ៨០.៣៤% នៃផែនការជាង ២.៥៨លានហិកតា លើសឆ្នាំមុនជាង ២៤ម៉ឺនហិកតា ធៀបនឹងរយៈពេលដូចគ្នា។ រីឯការភ្ជួររាស់រៀបចំដីដោយគ្រឿងយន្តកសិកម្ម ស្មើនឹង ៩៩.៣៨% និងដោយគោ-ក្របី ស្មើនឹង ០.៦២%។
លោករដ្ឋមន្ត្រីកសិកម្ម បានឱ្យដឹងដែរថា ការងារប្រមូលផលស្រូវស្រាលដើមរដូវវស្សាសម្រេចបានជាង ៤១ពាន់ហិកតា លើផ្ទៃដីអនុវត្តស្រូវស្រាលសរុប ៦៣៥,៤៦៤ហិកតា ដោយទទួលបានបរិមាណផលសរុបជាង ១៧៨ពាន់តោន លើសឆ្នាំមុនចំនួន ៨៧,៧៤៦តោន ទទួលបានទិន្នផលគិតជាមធ្យម ៤.២៦តោន ក្នុងមួយហិកតា។ ចំពោះផ្ទៃដីដំណាំសាកវប្បកម្ម (ពោតស ដំឡូងជ្វា បន្លែគ្រប់មុខ ម្ទេស ឪឡឹក) អនុវត្តបានចំនួន ៤៦,៩៩១ហិកតា ស្មើនឹង ៩៥.០៨% នៃផែនការ ៤៩,៤២០ហិកតា លើសឆ្នាំមុន ៦,៨៩៤ហិកតា។
រីឯផ្ទៃដីដំណាំឧស្សាហកម្ម (ពោតក្រហម ដំឡូងមី សណ្ដែកបាយ សណ្ដែកដី សណ្ដែកសៀង ល្ង អំពៅ ក្រចៅ ថ្នាំជក់ និងឈូក) អនុវត្តបាន ចំនួន ៧០៦,៦៣៥ហិកតា ស្មើនឹង ៨០.៨០% នៃផែនការ ៨៧៤,៥៩៥ហិកតា លើសឆ្នាំមុន ១៥,៥១៨ហិកតា។ ប៉ុន្តែដោយកត្តាអាកាសធាតុមិនអំណោយផលបានបង្កឱ្យដំណាំស្រូវទទួលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតចំនួន ៣១,៣៨៨ហិកតា ស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ កំពង់ធំ ព្រៃវែង និងស្វាយរៀង ហើយដំណាំរួមផ្សំ រង់ផលប៉ះពាល់ដោយគ្រោះរាំងស្ងួតចំនួន ១១,៧៥១ហិកតា នៅខេត្តបាត់ដំបង។ ជាមួយគ្នានោះ ក្រុមការងារ បច្ចេកទេសនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះអន្តរាគមន៍ ជួយសង្គ្រោះទាន់ពេលវេលា និងណែនាំអនុវត្តវិធានការដោះស្រាយបញ្ហាផ្សេងៗផងដែរ។
ក្នុងឆ្នាំ២០១៩ កន្លងទៅនេះ ផលិតកម្មសត្វសម្រេចបានចំនួន ៤៥.៨៥លានក្បាល គឺកើនលើសឆ្នាំមុន ចំនួន ៣.៣% ដែលធ្វើឱ្យកម្ពុជាមានសមត្ថភាពផលិតសាច់សម្រាប់បម្រើតម្រូវការក្នុងស្រុកបានប្រមាណ ២៣៩ពាន់តោន ឬស្មើនឹង ៨២% នៃតម្រូវការសាច់សរុបប្រមាណ ២៩០ពាន់តោនក្នុងមួយឆ្នាំ។ ការចិញ្ចឹមសត្វលក្ខណៈពាណិជ្ជកម្មមានការកើនឡើង ៣៧% ធៀបនឹងឆ្នាំមុន គឺដោយសារអ្នកចិញ្ចឹមមានការផ្លាស់ប្តូរឥរិយាបថពី ការចិញ្ចឹមតាមបែបធម្មជាតិ មកចិញ្ចឹមតាមបែបពាណិជ្ជកម្មដែលធ្វើឱ្យមានកំណើនប្រាក់ចំណូលខ្ពស់។
បើតាមលោក វេង សាខុន ខេត្តតាកែវ ក៏ជាខេត្តមួយដែលមានប្រជាជនសរុប ១,០១៤,៤៧៣នាក់ ក្នុងនោះ ស្ត្រី ៥១៨,៨៨០នាក់ ដោយមានប្រជាពលរដ្ឋប្រមាណ ៧៩% ពឹងផ្អែកទាំងស្រុងលើវិស័យកសិកម្ម ធ្វើស្រែចម្ការ នេសាទត្រី និងចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពរស់នៅរបស់ខ្លួន ហើយជាខេត្តដែលជាប់ចំណាត់ថ្នាក់ទី៣ បន្ទាប់ពីខេត្តព្រៃវែង និងខេត្តបាត់ដំបង លើផ្ទៃដីបង្កើបង្កើនផលស្រវ និងបរិមាណផលស្រវ។
ខេត្តតាកែវមានផ្ទៃដីសម្រាប់ផលិតកម្មកសិកម្មចំនួន ២៦៤,០០០ហិកតា ក្នុងនោះផ្ទៃដីស្រូវរដូវវស្សាមានចំនួន ១៨០,០០០ហិកតា ស្រូវរដូវប្រាំងចំនួន ៨,០០០ហិកតា និងផ្ទៃដីចម្ការចំនួន ៤,០០០ហិកតា។ សម្រាប់ការងារបង្កបង្កើនផលស្រូវប្រាំង២០១៩-២០២០ នៅក្នុងខេត្តតាកែវអនុវត្តបានចំនួន ១០១,៥១១ហិកតា ស្មើនឹង ១២៦.៨៩% ដោយទទួលបានទិន្នផល ៤.៨៩តោន ក្នុងមួយហិកតា បរិមាណផលស្រូវទទួលបានសរុបចំនួន ៤៩៧,២០១តោន គឺតិចជាងឆ្នាំមុនចំនួន ៦,៦៨៤តោន ដោយសារខ្វះទឹកមិនអាចធ្វើស្រូវប្រាំងលើកទី២បាននោះឡើយ។
សម្រាប់ការងារបង្កបង្កើនផលស្រូវរដូវវស្សានៅក្នុងខេត្តតាកែវ គិតត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ សម្រេចភ្ជួររាស់បានលើផ្ទៃដីសរុបចំនួន ២៣១, ៥៦៨ហិកតា ភ្ជួររាស់ដោយគ្រឿងយន្ត ១០០% ស្ទូងនិងព្រោះ សរុបបាន ១៥០,០៨៥ហិកតា ស្មើនឹង ៨៣.៣៨% ក្នុងនោះស្រូវដើមរដូវចំនួន ៥២, ៦៤៥ហិកតា។
សម្រាប់ការងារប្រមូលផលស្រូវដើមរដូវវស្សាមកទល់ពេលនេះសម្រេចបាន ២០,០១៥ហិកតា ស្មើនឹង ៣៨.១៩% នៃផ្ទៃដីអនុវត្តក្នុងខេត្តសរុប ដោយទទួលបានទិន្នផលជាមធ្យម ៤.៦៦ តោន ក្នុងមួយហិកតា និងទទួលបានបរិមាណផលចំនួន ៩៣.៨៧៩តោន។ តាមការប៉ាន់ស្មានតុល្យភាពស្បៀងឆ្នាំ២០២០ ខេត្តតាកែវនៅសល់អង្ករចំនួន ៥២៥.៧៦៤តោន គិតជាស្រូវ ៨២១,៥០៧តោន កើនលើសឆ្នាំមុន ២២,០០៤តោន ដែលអាចលក់ចេញទៅកាន់ទីផ្សារក្នុងស្រុក និងក្រៅស្រុកផង៕