(ភ្នំពេញ)៖ ឈរទស្សនៈចាស់បុរាណខ្មែរ «ក្រទ្រព្យ តែកុំឱ្យក្រគំនិត» នោះ លោក ជា ច័ន្ទបរិបូណ៌ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអ្នកប្រធានក្រុមការងារចុះជួយស្រុកក្រឡាញ់ ខេត្តសៀមរាប បានសម្រេចបង្កើតគម្រោងចំនួនពីរ គឺគម្រោងចិញ្ចឹមកង្កែប និងដាំទំពាំងផ្អែម ជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រកម្រិត១ និងកម្រិត២ នៅក្នុងឃុំតាអាន និងឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
សម្រាប់គម្រោងចិញ្ចឹមកង្កែប និងទំពាំងផ្អែមនេះ គឺលោក ជា ច័ន្ទបរិបូណ៌ ជាអ្នកផ្តល់សម្ភារៈ ពូជ និងគ្រូបង្គោល។
លោក ជា ច័ន្ទបរិបូណ៌ បានឱ្យដឹងថា សម្រាប់ក្នុងគម្រោងចិញ្ចឹមកង្កែប លោក ផ្តល់សម្ភារៈសម្រាប់ធ្វើទ្រង់ ពូជកង្កែប ៥០០ក្បាល ចំណី និងផ្តល់គ្រូបង្គោល សម្រាប់ជួយក្នុងការចិញ្ចឹម ហើយប្រមូលទិញពីក្រុមគោលដៅវិញ។
រីឯគម្រោងដាំឬស្សីទំពាំងផ្អែមវិញ ក៏ប្រហាក់ប្រហែលគម្រោងចិញ្ចឹមកង្កែប ៥០០ក្បាលដែរ។ លោក ជា ច័ន្ទបរិបូណ៌ ពូជឬស្សីផ្អែមដែលគ្រូបង្គោលបានផ្សាំហើយ យកទៅដាំតាមភូមិរបស់ខ្លួនទៅតាមលទ្ធភាពរាងៗខ្លួន។ លុះក្រោយពីបានផល មេក្រុមដើរកាត់ហើយផ្តល់តម្លៃទីផ្សារជាក់ស្តែង ទៅតាមចំនួនគីឡូដែលពួកគេម្នាក់ៗមាន ហើយគ្រូបង្គោលយកទៅបោះដុំឱ្យម៉ូយបន្ត។
សម្រាប់គ្រូបង្គោល លោក ជា ច័ន្ទបរិបូណ៌ បានជ្រើសចេញអំពីគម្រោងប្រឡងប្រណាំងដាំដំណាំ និងចិញ្ចឹមសត្វកំដរឆ្នាំង ដែលលោកបានបង្កើតឡើងកាលពីឆ្នាំ២០១៩កន្លងទៅ នៅស្រុក្រឡាញ់។
លោក ជា ច័ន្ទបរិបូណ៌ បានបញ្ជាក់ថា ការដែលលោកសម្រេចបង្កើតគម្រោងទាំងពីរនេះ បន្ទាប់ពីរូបលោកសង្កេតឃើញថា ប្រជាជននៅតាមមូលដ្ឋាន ដែលរស់នៅក្រោមបន្ទាត់ភាពក្រីក្រ ភាគច្រើនតែងតែទុកដីក្នុងភូមិរបស់គេឱ្យទំនេរ មិនបានដាំដំណាំ ចិញ្ចឹមសត្វសម្រាប់បរិភោគ ឬបេះបោចកំដរឆ្នាំងឡើយ។
លោកបន្ថែមថា ការធ្វើបែបនេះ ប្រៀបដូចជាចាប់ដៃពលរដ្ឋឱ្យឧស្សាហ៍ និងមានម្ចាស់ក្នុងការជួយខ្លួនឯង ដោយកុំរង់ចាំតែជំនួយ។
សូមបញ្ជាក់ថា គម្រោងសាកល្បងនេះ ទ្រទ្រង់ថវិការដោយលោក ជា ច័ន្ទបរិបូណ៌ និងសបុរសជន ជាមិត្តភក្តិរបស់លោក។ លោករដ្ឋលេខាធិការក្រសួងព័ត៌មានរូបនេះបន្ថែមថា ក្រោយពីគម្រោងសាកល្បងនេះបានជោគជ័យ លោកនឹងពង្រីកគម្រោងឱ្យមានទ្រង់ទ្រាយកាន់តែធំ៕