(ក្រចេះ)៖ បន្ទាប់ពីបានបញ្ចប់ភារកិច្ចនៅខេត្តមណ្ឌលគិរី លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបន្តដំណើរទៅជួបសំណេះសំណាលជាមួយមន្ត្រីនៃលេខា ធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តក្រចេះ នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ។
ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តក្រចេះ លោកស្រី អ៊ាង សារិ បានរាយការណ៍សង្ខេបជូនគណៈប្រតិភូជាន់ខ្ពស់ គ.ជ.ប ថា ខេត្តក្រចេះ មាន ៦ ក្រុង ស្រុក និង ៤៧ ឃុំ សង្កាត់ ហើយបច្ចុប្បន្នមានប្រជាពលរដ្ឋចំនួន ៩៤.០៨០ គ្រួសារ ស្មើនឹង ៤១៧.២៣១ នាក់ ក្នុងនោះអ្នកដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង មានចំនួន ២៤៥.៧៦១ នាក់។ ខេត្តក្រចេះ មានបងប្អូនជនជាតិដើមភាគតិចចំនួន ៤៩.៨៨២ នាក់ ស្មើនឹង ១១.៩៥% នៃចំនួនប្រជាពលរដ្ឋសរុបទូទាំងខេត្ត ហើយមានចំនួន ៧អំបូរ រួមមាន ជនជាតិព្នង គួយ ស្ទៀង ខោញ មិល ថ្មួន និង ក្រោល ដែលភាគច្រើនរស់នៅក្នុងភូមិសាស្រ្តស្រុកសំបូរ ស្រុកចិត្របុរី និងស្រុកស្នួល។
លោកស្រី បានឱ្យដឹងទៀតថា ភូមិសាស្រ្តនៅក្នុងខេត្តក្រចេះ គឺមានឃុំចំនួន ១២ មានស្ថានភាព ផ្លូវលំបាក ត្រូវឆ្លងទឹក ចុះអូរ ផ្លូវរអិល ជាដើម នៅពេលដែលត្រូវប្រតិបត្តិការចល័តក្រុមចុះឈ្មោះបោះឆ្នោត ក៏ដូចជាការដឹកសម្ភារៈបម្រើឱ្យការបោះឆ្នោត ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតម្តងៗ គឺត្រូវប្រើប្រាស់ទូក រទេះគោ គោយន្ត និងឧទ្ធម្ភាគចក្រ។ ជាក់ស្តែង លោកស្រីប្រធាន ល.ខ.ប ក្រចេះ បានរំលឹកថានៅក្នុងអំឡុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ ល.ខ.ប បានជួលឧទ្ធម្ភាគចក្រ ដើម្បីដឹកសម្ភារៈបោះឆ្នោតទៅកាន់ការិយាល័យបោះឆ្នោតលេខ ០៣៨៩ ដែលមានទីតាំងស្ថិត នៅភូមិកូនវ៉ា ឃុំស្រែជិះ ស្រុកសំបូរ ដែលអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ចំនួន ១៦៣ នាក់។ ទីតាំងភូមិសាស្រ្តដ៏លំបាកនេះ គឺមិនអាចប្រើមធ្យោបាយដឹកជញ្ជូនអ្វីក្រៅពីនេះបានទេ។
បញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៩ បានបង្ហាញថា អ្នកដែលមានឈ្មោះបោះឆ្នោតក្នុងខេត្តក្រចេះ មានចំនួន ១៩៥.២០២ នាក់ និងមានការិយាល័យបោះឆ្នោត ចំនួន ៥៧១ ការិយាល័យ។ ដោយឡែកនៅឆ្នាំ២០២០ នេះ លោកស្រីប្រធាន ល.ខ.ប បានស្នើសុំបង្កើតការិយាល័យបោះឆ្នោត ចំនួន ២ បន្ថែមទៀត ហើយតាមការប៉ាន់ស្មានអ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត មានចំនួន ១៣.៩៣០ នាក់ និងផែនការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ គឺមានចំនួន ៧.៥៣៨ នាក់។
សូមជម្រាបជូនថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។ សូមអ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត និងអ្នកដែលទើបគ្រប់អាយុបោះឆ្នោត សូមអញ្ជើញត្រៀមខ្លួនទៅចុះឈ្មោះឱ្យបានគ្រប់ៗគ្នា។
បន្ទាប់ពីបានស្តាប់សំណូមពររបស់ ល.ខ.ប ក្រចេះ លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានឆ្លើយតបថា ទស្សនកិច្ចផ្ទាល់នៅតាមបណ្តាលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) គឺដើម្បីស្វែងយល់ជុំវិញការប្រឈម និងស្វែងរកដំណោះស្រាយស្របតាមផែនការរបស់ គ.ជ.ប ដោយឡែក ៗ ពីគ្នា ក៏ដូចជាសិក្សាសំណើរបស់ លធ.ខប ជារួម ដើម្បីដោះស្រាយនៅថ្នាក់ជាតិ។ សម្រាប់លោក ស៊ិក ប៊ុនហុក ការចុះមកផ្ទាល់ គឺដើម្បីពង្រឹងកោសិកានៃការបោះឆ្នោតនៅថ្នាក់មូលដ្ឋាន។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវរបស់មន្ត្រីបោះឆ្នោតនៅ ល.ខ.ប ក្រចេះ ដែលបានប្រើប្រាស់គ្រប់មធ្យោបាយ រួមមាន កាណូត ម៉ូតូ ឆ្លងកាត់ផ្លូវលិចទឹក ដោយថ្មើរ ជើង និងជាពិសេសដោយឧទ្ធម្ភាគចក្រ ដើម្បីបម្រើឱ្យការបោះឆ្នោត។
ដោយសារកត្តាភូមិសាស្ត្រមិនខុសពីខេត្តមណ្ឌលគិរី លោកបានគូសបញ្ជាក់ថា «យើងត្រូវតែបន្តប្រើប្រាស់មធ្យោបាយទាំងអស់នេះតទៅទៀត ដែលនេះហើយភាពជាអ្នកបម្រើសេវារបស់ គ.ជ.ប»។ លោកបានផ្តាំផ្ញើថា «ក្នុងនាមជាមន្រ្តីបោះឆ្នោត ត្រូវគោរពសិទ្ធិម្ចាស់ឆ្នោត ត្រូវស្រឡាញ់ និងបម្រើម្ចាស់ឆ្នោត។ គេមានសិទ្ធិមកបោះឆ្នោត និងមានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត នេះហើយដែលគេហៅថា ប្រជាធិបតេយ្យនោះ» ។
ក្រៅពីភាពជាអ្នកបម្រើសេវា លោកប្រធានបានអះអាងថា «យើងត្រូវតែប្រកាន់ខ្ជាប់គោលការណ៍ផ្សេងៗទៀត គឺឯករាជភាព អព្យា ក្រឹ ត ភាព សុចរិតភាព តម្លាភាព ប្រសិទ្ធភាព និងវិជ្ជាជីវភាព។ បើអនុវត្តតាមគោលការណ៍ទាំងនេះបាន គ្មាននរណាហ៊ានតវ៉ា ហើយពិតជាបានការទទួលស្គាល់ពីម្ចាស់ឆ្នោត និងគ្រប់ភាគីពាក់ព័ន្ធ។ កន្លងមក គ.ជ.ប ធ្វើបាន ជាពិសេស ការបោះឆ្នោតឃុំ សង្កាត់ នៅឆ្នាំ២០១៧ និងជ្រើសតាំងតំណាងរាស្រ្ត នៅឆ្នាំ២០១៨»។
នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ លោក ស៊ិក ប៊ុនហុក ត្រូវបន្តសំណេះសំណាលជាមួយមន្រ្តីលេខាធិការ ដ្ឋានរៀបចំការបោះឆ្នោត ខេត្តត្បូងឃ្មុំផងដែរ៕