(ភ្នំពេញ)៖ ក្នុងឧបទ្ទវហេតុភ្លើងឆេះផ្ទះលក់ហ្គាស ដែលបណ្តាលឱ្យមនុស្ស ៤នាក់ស្លាប់ និងរងរបួសធ្ងន់-ស្រាល ៤នាក់ទៀតនោះ នៅថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្តែងនូវការសោកស្តាយយ៉ាងក្រៃលែងជាមួយក្រុមគ្រួសារជនរងគ្រោះទាំងអស់ ព្រមទាំងបានចាត់មន្ត្រីឲ្យទៅចូលរួមរំលែកទុក្ខ និងនាំយកអំណោយជួយសម្រាលការលំបាក ព្រមទាំងចូលបុណ្យសពជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យកាល់ម៉ែត និងបានដឹកទៅធ្វើបុណ្យនៅស្រុកកំណើត។
ក្រុមការងារកាកបាទក្រហមកម្ពុជាដឹកនាំដោយ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ រំលែកទុក្ខ និងផ្តល់អំណោយដល់ជនរងគ្រោះចំនួន ១គ្រួសារជាម្ចាស់ផ្ទះ ដែលមានអ្នកស្លាប់ ២នាក់ (ត្រូវជាកូនម្ចាស់ផ្ទះ), អ្នករងរបួសធ្ងន់ ១នាក់ (ត្រូវជាកូនម្ចាស់ផ្ទះ), និងអ្នករងរបួសស្រាល ៣នាក់ (ត្រូវជាម្ចាស់ផ្ទះ, ភរិយា និងប្អូន) កំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យកាល់ម៉ែត។
ក្នុងឱកាសនោះ លោកស្រី អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើនូវការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងក្តីសោកស្តាយយ៉ាងក្រៃលែង ចំពោះឧបទ្ទវហេតុអគ្គិភ័យឆេះផ្ទះ ដែលបណ្តាលឱ្យមានសោកនាដកម្មដ៏ធ្ងន់ធ្ងរនេះ។
ទន្ទឹមនឹងនេះ ក៏បានផ្តាំផ្ញើដល់អ្នករងរបួសទាំងអស់ សូមអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ ថែទាំសុខភាពឱ្យបានល្អ និងជូនពរឆាប់បានជាសះស្បើយឡើងវិញ ព្រមទាំងបួងសួងដល់វិញ្ញាណក្ខន្ធសព បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ដោយឡែក ក្រុមការងារ ដែលដឹកនាំដោយ លោកវេជ្ជ. អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា បានអញ្ជើញចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងចូលបុណ្យសពជនរងគ្រោះ ២នាក់ ជាកម្មករ ដែលបានធ្វើបុណ្យនៅស្រុកកំណើត ស្ថិតនៅភូមិក្រាំងតាយ៉ង ឃុំក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង។
សូមបញ្ជាក់ថា កាកបាទក្រហមកម្ពុជា បានចូលរួមបុណ្យសពទាំង ៤រូប ដោយគ្រួសារសពនីមួយៗ ទទួលបានគ្រឿងឧបភោគបរិភោគ និងបច្ច័យចំនួន ៥លានរៀល។ ឧបត្ថម្ភដល់អ្នករងរបួសធ្ងន់ ១នាក់ ថវិកា ៥លានរៀល និងឃីតអ្នកជំងឺ ១ឃីត។ ឧបត្ថម្ភដល់អ្នករងរបួសស្រាល ៣នាក់ ក្នុងម្នាក់ៗ ថវិកា ២លានរៀល និងឃីតអ្នកជំងឺ ១ឃីត៕