(ព្រះសីហនុ)៖ គម្រោង Ecocycle របស់ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ដែលជាអ្នកផ្តល់ដំណោះស្រាយកម្ទេចសំរាមទំនើប និងមាននិរន្តរភាពខ្ពស់ បានចុះហត្ថលេខាជាមួយ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ លើកិច្ចព្រមព្រៀងសាងសង់ កន្លែងផ្ទុកសំរាមឧស្សាហកម្ម ដែលមានទីតាំងនៅ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្ថិតនៅស្រុកព្រៃនប់ខេត្តព្រះសីហនុដែលសាងសង់ដោយ សហគ្រាសចិន និងខ្មែរឯកជន ជាច្រើនដែលជាគម្រោងដ៏ធំមួយនៃ គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និង ផ្លូវ» ក្នុងគោលបំណងបង្កើតវេទិកាវិនិយោគដ៏ល្អសម្រាប់ «វិនិយោគនៅអាស៊ាន ដើម្បីផ្សព្វផ្សាយទៅដល់ពិភពលោក» របស់សហគ្រាស។
នៅក្នុងដំណាក់កាលទី១ នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ឧស្សាហកម្មសំខាន់ៗធំៗរួមមានដូចជា វាយនភណ្ឌ និងកាត់ដេរ កាបូប និងផលិតផលស្បែក កាបូប និងផលិតផលស្បែក ឧបករណ៍ផ្សេងៗ សម្ភារៈសំណង់ គ្រឿងសង្ហារឹមក្នុងផ្ទះ និងសារធាតុគីមី។
នៅដំណាក់កាលទី២ នាពេលបច្ចុប្បន្ននេះមានសហគ្រាសចំនួន ១៦៥ មកពីប្រទេសចិន អាមេរិក អ៊ឺរ៉ុប អាស៊ីអាគ្នេយ៍ និងបណ្តាប្រទេសដទៃទៀតហើយ និងមានកម្មករ ៣០,០០០នាក់ ។
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ចង់ក្លាយខ្លួនទៅជាតំបន់ឧស្សាហកម្មគំរូផ្នែកអេកូឡូស៊ីដែលមានដំណើរការល្អ និងពេញលេញជាមួយសហគ្រាសសរុបចំនួន ៣០០ នឹងមានចំនួនកម្មករទៅដល់ ១០០,០០០នាក់។
លោក Jianjiang Cao អ្នកគ្រប់គ្រងទូទៅនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានមានប្រសាសន៍ថា៖ ទាំងក្នុងអំឡុងពេលដំណើរការអភិវឌ្ឍនិង ការសាងសង់ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ តែងតែប្រកាន់ខ្ជាប់នូវគំនិត «កិច្ចសហប្រតិបត្តិការឈ្នះឈ្នះ» ដែលមាន ៨ចំណុច។ ចំណុចមួយគឺចង់បានការអភិវឌ្ឍដែលមិនប៉ះពាល់ដល់បរិស្ថានដើម្បីបង្កើតទំនាក់ទំនងឈ្នះឈ្នះជាមួយបរិស្ថាន។
លោកបន្តថា «យើងមិនត្រឹមតែបង្កើតភាពបៃតងក្នុងពេលសាងសង់នោះទេ ប៉ុន្តែថែមទាំងបានសាងសង់បំពង់បង្ហូរទឹកដើម្បីបែងចែកទឹកភ្លៀង និងទឹកស្អុយ។ យើងមានមោទនភាពក្នុងការនិយាយថា រោងចក្រប្រព្រឹត្តកម្មទឹកស្អុយរបស់យើង គឺល្អជាងគេនៅកម្ពុជា»។
ការសហការជាមួយគម្រោង Ecocycle «យើងអាចបោះបង់ចោលកាកសំណល់ឧស្សាហកម្មបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ដែលជាវិធានការណ៍ដ៏មានឥទ្ធិពលមួយឆ្ពោះទៅរកការអនុវត្តគំនិត «កិច្ចសហប្រតិបត្តិការឈ្នះឈ្នះ»។ យើងជឿជាក់ថាបច្ចេកវិទ្យាគ្រប់គ្រងកាកសំណល់ដ៏ទំនើបរបស់ គម្រោង Ecocycle នឹងធ្វើឲ្យតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុក្លាយជាតំបន់ឧស្សាហកម្មបៃតង»។
ការគ្រប់គ្រងកាកសំណល់សំរាមបានក្លាយជាបញ្ហាសំខាន់នៅកម្ពុជា ដែលមានការលំបាកកាន់តែខ្លាំងស្របពេលដែលមានកំណើនសេដ្ឋកិច្ចខ្ពស់។ គំនិតផ្តួចផ្តើមនេះ នឹងផ្តល់នូវដំណោះស្រាយគ្រប់គ្រងកាកសំណល់ប្រកបដោយនិរន្តរភាព ដល់សហគ្រាសនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយប្រើប្រាស់បច្ចេកវិទ្យាដែលត្រូវបានទទួលស្គាល់ជាសកលដែលមានឈ្មោះថា «Co-processing»។
«Co-processing» ជាពាក្យបច្ចេកទេស ប្រើសម្រាប់កម្ទេចកាកសំណល់ឧស្សាហកម្ម តាមរយៈការដុតដោយឡស៊ីម៉ងត៍ ស្របពេលដែលកំពុងដំណើរការផលិតម៉ងត៍ ដោយមិនប៉ះពាល់ដល់ប្រសិទ្ធភាពណាមួយឡើយ។
កន្លែងផ្ទុកសំរាមឧស្សាហកម្មថ្មីនេះ ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ដើម្បីកសាងបរិស្ថានស្អាត នៅពេលដែលពិភពលោកកំពុងប្រឈមមុខទៅនឹងបញ្ហាប្រែប្រួលអាកាសធាតុ។ គម្រោង Ecocycle មានសមត្ថភាពកែច្នៃកាកសំណល់ឧស្សាហកម្មប្រហែល ១០ តោនក្នុងមួយម៉ោង ឬប្រហែល ៧,០០០ តោនក្នុងមួយខែ។
លោក Nicolas George នាយកប្រតិបត្តិនៃ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន បានឲ្យដឹងថា៖ «កិច្ចសហប្រតិបត្តិការជាមួយ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលយើងកំពុងផ្តួចផ្តើម គឺជាសញ្ញាដ៏ប្រសើរមួយដែលបង្ហាញថា វិនិយោគិនបានប្តេជ្ញាចិត្ដក្នុងកាត់បន្ថយសម្ពាធទៅលើបរិស្ថាន។ យើង នឹងមានមោទនភាពក្នុងការធ្វើឲ្យ កិច្ចសហប្រតិបត្តិការទទួលបានជោគជ័យ និងជួយគាំទ្រដល់តំបន់សេដ្ឋកិច្ចពិសេស និងសហគ្រាសនៅទីនោះជាមួយសេវាកម្មលំដាប់ថ្នាក់ល្អបំផុត»។
បច្ចេកវិទ្យា «co-processing» ត្រូវបានប្រើប្រាស់យ៉ាងជោគជ័យនៅសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងជប៉ុន អស់រយៈពេលជាង ៤០ឆ្នាំមកហើយ។ បច្ចេកវិទ្យានេះត្រូវបានទទួលស្គាល់ដោយអង្គការអន្តរជាតិជាច្រើន រួមទាំង អង្គការសុខភាពពិភពលោក និង GTZ ក៏ដូចជាអនុសញ្ញា Basel និង Stockholm ។
លោក Sajith Edirisuriya អ្នកគ្រប់គ្រងទូទៅនៃគម្រោង Ecocycle បានមានប្រសាសន៍ថា៖ «យើងមានទំនុកចិត្តថាយើងអាច ផ្តល់នូវដំណោះស្រាយគ្រប់គ្រងកាកសំណល់ប្រកបដោយនិរន្តរភាព ទៅដល់សហគ្រាសទាំងអស់នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ តាមរយៈការបំពេញតាមបទប្បញ្ញត្តិផ្នែកស្តង់ដារបច្ចេកទេស និងត្រូវបានអនុម័តជាសកលសម្រាប់ការគ្រប់គ្រងសំរាមឧស្សាហកម្ម។ ដំណោះស្រាយរបស់យើង គឺជាជម្រើសល្អប្រសើរបំផុត ជំនួសឲ្យការកប់សំរាម និងការដុតសំរាម ពីព្រោះវាផ្តល់នូវដំណោះស្រាយពេញលេញដោយមិនមានផលប៉ះពាល់ដល់បរិស្ថាន»។
ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន គឺជាការបណ្តាក់ទុនរួមគ្នា រវាង ជីប ម៉ុង គ្រុប នៃកម្ពុជា និងក្រុមហ៊ុនស៊ីម៉ងត៍ Siam City Cement Corporation របស់ប្រទេសថៃ។ Insee Group មានបទពិសោធន៍ជាងពីរទសវត្សរ៍ ក្នុងការផ្តល់នូវដំណោះស្រាយគ្រប់គ្រងសំរាមប្រកបដោយវិជ្ជាជីវៈដល់ឧស្សាហកម្មផ្សេងៗជាច្រើន។ ដោយប្រើប្រាស់ឡដែលទំនើប Insee Ecocycle ដែលជាអង្គភាពអាជីវកម្មមួយរបស់ Insee Group បានកម្ទេចសំណល់ឧស្សាហកម្មជាង ៧០០,០០០ តោនក្នុងមួយឆ្នាំ៕