(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០ស្អែកនេះ នឹងអញ្ជើញចុះទៅពិនិត្យមើលការធ្វើស្រែ និងសំណេះសំណាលជាមួយប្រជាកសិករក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។ ឆ្លៀតក្នុងឱកាសនេះ Fresh News សូមលើកយកនូវរបាយការណ៍បង្កបង្កើនផលនៅក្នុងខេត្តនេះជូនមិត្តអ្នកអានបានជ្រាប។
វិស័យកសិកម្ម គឺជាវិស័យដ៏សំខាន់មួយសម្រាប់ប្រជាពលរដ្ឋកម្ពុជាចាប់តាំងពីការកកើតទឹកដីនេះមក។ ប្រជាពលរដ្ឋកម្ពុជាស្ទើរទូទាំងប្រទេស សុទ្ធសឹងជាអ្នកប្រកបរបរកសិកម្ម។ ខេត្តតាកែវ ដែនដីរាជធានីនគរគោកធ្លោក គឺជាដែនដីមានសក្តានុពលមួយលើវិស័យកសិកម្ម ហើយខេត្តនេះ បានជាប់ចំណាត់ថ្នាក់លេខ៣លើវិស័យកសិកម្ម បន្ទាប់ពីព្រៃវែង និងបាត់ដំបង។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ខេត្តតាកែវ ក៏ជាខេត្តមួយដែលមានប្រជាជនសរុប ១,០១៤,៤៧៣នាក់ ក្នុងនោះ ស្ត្រី ៥១៨,៨៨០នាក់ ដោយមានប្រជាពលរដ្ឋប្រមាណ ៧៩% ពឹងផ្អែកទាំងស្រុងលើវិស័យកសិកម្ម ធ្វើស្រែចម្ការ នេសាទត្រី និងចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពរស់នៅរបស់ខ្លួន។
លោករដ្ឋមន្ត្រី បានឱ្យដឹងថា ខេត្តតាកែវមានផ្ទៃដីសម្រាប់ផលិតកម្មកសិកម្មចំនួន ២៦៤,០០០ហិកតា ក្នុងនោះផ្ទៃដីស្រូវរដូវវស្សាមានចំនួន ១៨០,០០០ហិកតា ស្រូវរដូវប្រាំងចំនួន ៨,០០០ហិកតា និងផ្ទៃដីចម្ការចំនួន ៤,០០០ហិកតា។
សម្រាប់ការងារបង្កបង្កើនផលស្រូវប្រាំង២០១៩-២០២០ នៅក្នុងខេត្តតាកែវ អនុវត្តបានចំនួន ១០១,៥១១ហិកតា ស្មើនឹង ១២៦.៨៩% ដោយទទួលបានទិន្នផល ៤.៨៩តោន ក្នុងមួយហិកតា បរិមាណផលស្រូវទទួលបានសរុបចំនួន ៤៩៧,២០១តោន គឺតិចជាងឆ្នាំមុនចំនួន ៦,៦៨៤តោន ដោយសារខ្វះទឹកមិនអាចធ្វើស្រូវប្រាំងលើកទី២បាននោះឡើយ។
សម្រាប់ការងារបង្កបង្កើនផលស្រូវរដូវវស្សានៅក្នុងខេត្តតាកែវ គិតត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ សម្រេចភ្ជួររាស់បានលើផ្ទៃដីសរុបចំនួន ២៣១, ៥៦៨ហិកតា ភ្ជួររាស់ដោយគ្រឿងយន្ត ១០០% ស្ទូងនិងព្រោះ សរុបបាន ១៥០,០៨៥ហិកតា ស្មើនឹង ៨៣.៣៨% ក្នុងនោះស្រូវដើមរដូវចំនួន ៥២, ៦៤៥ហិកតា។
សម្រាប់ការងារប្រមូលផលស្រូវដើមរដូវវស្សាមកទល់ពេលនេះសម្រេចបាន ២០,០១៥ហិកតា ស្មើនឹង ៣៨.១៩% នៃផ្ទៃដីអនុវត្តក្នុងខេត្តសរុប ដោយទទួលបានទិន្នផលជាមធ្យម ៤.៦៦ តោន ក្នុងមួយហិកតា និងទទួលបានបរិមាណផលចំនួន ៩៣.៨៧៩តោន។ តាមការប៉ាន់ស្មានតុល្យភាពស្បៀងឆ្នាំ២០២០ ខេត្តតាកែវនៅសល់អង្ករចំនួន ៥២៥.៧៦៤តោន គិតជាស្រូវ ៨២១,៥០៧តោន កើនលើសឆ្នាំមុន ២២,០០៤តោន ដែលអាចលក់ចេញទៅកាន់ទីផ្សារក្នុងស្រុក និងក្រៅស្រុកផងដែរ៕