(ភ្នំពេញ)៖ ការចរចាលើការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ត្រូវបានបិទបញ្ចប់ជាផ្លូវការហើយ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ បន្ទាប់ពីបានបើកកិច្ចចរចាជាមួយគ្នារយៈពេលកន្លះឆ្នាំ។
ពិធីប្រកាសបិទបញ្ចប់កិច្ចចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ ត្រូវបានធ្វើឡើងនៅថ្ងៃនេះតាមរយៈប្រព័ន្ធវីដេអូ ដោយភាគីកម្ពុជា អញ្ជើញជាតំណាងដោយ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រីឯភាគីចិនអញ្ជើញជាតំណាងដោយលោក ចុង ស្សាន (Zhong Shan) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន។
ក្នុងពិធីប្រកាសបិទបញ្ចប់កិច្ចចរចាលើការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ រដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលជាកិច្ចព្រមព្រៀងមួយដែលឆ្លុះបញ្ចាំងអំពីទំនាក់ទំនងយូរអង្វែងជាប្រពៃណី ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
រដ្ឋមន្ត្រីពាណិជ្ជកម្មប្រទេសទាំងពីរ បានកត់សម្គាល់ទៀតថា ការបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយដោយជោគជ័យ ក្នុងរយៈពេលមួយដ៏ខ្លីនេះ បានបង្ហាញពីឆន្ទៈនៃថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងការពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ និងទូលំទូលាយ។
លោករដ្ឋមន្ត្រីបន្ថែមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ នឹងផ្ដល់ផលប្រយោជន៍សេដ្ឋកិច្ច និងសង្គមជាច្រើន ដល់ប្រជាជននៃប្រទេសទាំងពីរ តាមរយៈការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទំនិញ និងសេវា ការជំរុញការវិនិយោគទូលំទូលាយ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនទៀតផងដែរ។
បន្ទាប់ពីប្រកាសបិទបញ្ចប់កិច្ចចរចាលើការបង្កើតកិច្ចព្រមព្រៀងហើយនោះ ជាជំហានបន្ទាប់ ភាគីទាំងពីរ នឹងអនុវត្តនីតិវិធីផ្ទៃក្នុងរៀងៗខ្លួន ដើម្បីឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី នៅក្នុងឆ្នាំ២០២០នេះ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហៅថា FTA គឺជាការកិច្ចព្រមព្រៀងលើកលែងរបាំងពន្ធអាករទៅវិញទៅមករវាងប្រទេស និងប្រទេសដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ កិច្ចព្រមព្រៀងនេះ គឺនឹងសម្រួលជាមួយរបាំងពន្ធអាករ ការកំណត់ចំនួនទំនិញ ដែលគេអាចយល់បានថា ជាការធ្វើសេដ្ឋកិច្ចបែបផែនទីផ្សារសេរី ឬ ក្នុងអត្ថន័យរួមបញ្ចូលសេដ្ឋកិច្ចតែមួយ។
ការធ្វើពាណិជ្ជកម្មសេរីនេះមិនត្រឹមតែការព្រមព្រៀងត្រឹមការលើកលែងរបាំងពន្ធអាករនោះទេ តែបានគ្របដណ្តប់លើវិស័យជាច្រើនទៀត មានដូចជាផ្នែកសេវាកម្ម វិនិយោគ កិច្ចសម្រួលពាណិជ្ជកម្ម ការលុបបំបាត់របាំងមិនមែនពន្ធគយជាដើម។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង លោក លី គឺជាំង នាយករដ្ឋមន្ត្រីចិន ក្នុងជំនួបទ្វេភាគីកាលពីថ្ងៃទី២០-២៣ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង បានសម្រេចឱ្យមានការសិក្សាពីលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ដើម្បីពង្រីកការធ្វើពាណិជ្ជកម្មវិនិយោគ សេវា និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាងមុន សំដៅសម្រេចឱ្យបានគោលដៅពាណិជ្ជកម្មសរុបចំនួន១០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៣ តាមការកំណត់។
បើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិនឈានដល់ការចុះហត្ថលេខា វានឹងនឹងក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីលើកដំបូងហើយសម្រាប់កម្ពុជា។ ក្រសួងពាណិជ្ជកម្មបានអះអាងថា ផ្អែកលើគោលការណ៍រួមដែលបានឯកភាពគ្នាដោយក្រុមចរចានោះ ប្រសិនបើរដ្ឋាភិបាលប្រទេសទាំងពីរឯកភាពលើអត្ថបទនៃកិច្ចព្រមព្រៀង និងការបើកច្រកទីផ្សារដែលបានស្នើឡើងនោះ កំណើននាំចេញពីកម្ពុជាត្រូវបានរំពឹងថានឹងកើនឡើងប្រមាណ ២០ភាគរយ។
ជាមួយគ្នានេះកំណើនវិនិយោគពីបរទេសក៏ត្រូវបានរំពឹងថា នឹងកើនឡើងខ្លាំងដែលជាប្រភពចំណូល និងការងារជូនប្រជាជនកម្ពុជា៕