(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអះអាងថា ក្រសួងសុខាភិបាលកម្ពុជា បានស្វែងរកឃើញអ្នកពាក់ព័ន្ធននឹងស្ត្រីខ្មែរជនជាតិអាមេរិក ចំនួន១០នាក់ ក្រោយពីរូបគាត់បានរត់ចេញពីមណ្ឌលចិត្តាឡីស័កភ្នំពេញ ទៅកាន់ខេត្តកំពង់ចាម ហើយពេលនេះក្រសួងសុខាភិបាលកំពុងតែតាមដានលើអ្នកពាក់ព័ន្ធទាំងនោះដោយមិនទាន់មានវិធានការអ្វីផ្សេងឡើយ។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ដែរថា ក្នុងចំណោមមនុស្ស ១០នាក់នោះមាន៣នាក់អ្នកជាអ្នកទទួលភ្ញៀវនៅសណ្ឋាគារ ៦នាក់ជាជាងកាត់សក់ និងអ្នកបើកតាក់ស៊ីម្នាក់។
ស្ត្រីខ្មែរសញ្ជាតិអាមេរិកាំងម្នាក់ ឈ្មោះ រ៉ូស វីរ៉ា ដែលបានលួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទ១៨ ខែកក្កដា ត្រូវបានសមត្ថកិច្ចស្វែងរកឃើញ នៅក្នុងផ្ទះសំណាក់មួយ ក្នុងទីរួមខេត្តកំពង់ចាម នៅល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០។
ស្រ្តីខ្មែរសញ្ជាតិអាមេរិកាំងរូបនេះ បានចូលមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ដោយរូបនាងបានធ្វើដំណើរក្នុងយន្តហោះជាមួយមន្ត្រីស្ថានទូតអាមេរិកពីររូប ដែលរកឃើញមានជំងឺកូវីដ១៩ កាលពីថ្ងៃទី១៦ ខែកក្កដា កន្លងទៅនេះ។ ស្ត្រីរូបនេះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ក្រោយមកដល់កម្ពុជា។
លោកស្រីអ្នកនាំពាក្យក្រសួងសុខាភិបាល បានពន្យល់ទៀតថា ដោយសារតែលទ្ធផលធ្វើតេស្តលើកទី២ ចំពោះស្ត្រីនៅតែអវិជ្ជមាន ក្រសួងសុខាភិបាល មិនបានធ្វើចត្តាឡីស័កទៅលើមនុស្ស ១០នាក់នោះទេ ដោយគ្រាន់តែធ្វើការការតាមដានសុខភាពរបស់ពួកគាត់។
លោកស្រី បានបន្តទៀតថា ក្រសួងសុខាភិបាល នឹងធ្វើតេស្តម្ដងទៀត ចំពោះស្ត្រីរូបនេះ នៅរយៈពេល១៤ថ្ងៃក្រោយ បន្ទាប់ពីធ្វើចត្តាឡីស័ក សារជាថ្មីម្ដងទៀត។
លោកស្រីបន្ថែមថា មូលហេតុដែលធ្វើឲ្យស្ត្រីរូបនោះរត់ចេញពីមណ្ឌលចត្តាឡីស័កនៅរាជធានីភ្នំពេញ គឺគាត់បានសារភាពថា ដោយសារតែគាត់ធ្វើតេស្តអវិជ្ជមានលើកទី១ ដោយគាត់បានគិតថាខ្លួនគាត់មិនមានមេរោគកូវីដ១៩ ឡើយ ហើយមួយទៀតគាត់គិតថាតម្លៃសណ្ឋាគារធ្វើចត្តាឡីស័កនេះថ្លៃ មួយទៀតគឺគាត់ចង់ជួបបងប្អូនរបស់គាត់នៅខេត្តកំពង់ចាម។
លោកស្រី ឱ វណ្ណឌីន បានស្តីបន្ទោសស្ត្រីខ្មែរសញ្ជាតិអាមេរិកាំងដែលបានលួចរត់ចេញពីមណ្ឌលចត្តាឡីស័កនេះថា ជាការសម្រេចចិត្តដោយខ្លួនឯងដោយមិនបានពិគ្រោះជាមួយមន្ត្រីសុខាភិបាល។
សូមជម្រាបថា កាលពីពេលថ្មីៗនេះ កម្ពុជាបានរកឃើញនូវអ្នកផ្ទុកមេរោគកូវីដ១៩ ជាបន្តបន្ទាប់ ដែលករណីទាំងនោះសុទ្ធសឹងតែជាករណីនាំចូល បន្ទាប់ពីស្ងប់ស្ងាត់នៅក្នុងប្រទេសមួយរយៈពេលកន្លងទៅនេះ។
តាមរបាយការណ៍របស់ ក្រសួងសុខាភិបាល បានឱ្យដឹងថា រហូតដល់ពេលនេះ កម្ពុជាបានរកឃើញអ្នកជំងឺកូវីដ១៩ទាំងអស់ នៅទូទាំងប្រទេស សរុបចំនួន ១៧១នាក់ (ស្ត្រី ៤២នាក់ និងបុរស ១២៩នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន ១៣៦នាក់ និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួន៣៣នាក់ និងសម្រាកព្យាបាលនៅបន្ទប់ដោយឡែក ក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា៖ ជនជាតិអាមេរិក០២នាក់៕