(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានណែនាំដល់បេក្ខជនជយលាភីអាហារូបករណ៍ អភិវឌ្ឍធនធានមនុស្សរបស់ប្រទេសជប៉ុន ឆ្នាំ២០២០ ត្រូវខិតខំប្រឹងប្រែងស្វែងសិក្សា ពង្រឹងសមត្ថភាព និងកុំគេចឱ្យសោះពីការងារដែលលំបាក គឺត្រូវតែខិតខំប្រឹងប្រែងធ្វើវាកាន់តែខ្លាំងឱ្យអស់ពីលទ្ធភាព នឹងកាន់តែទទួលបានជោគជ័យ។

ការថ្លែងបែបនេះ របស់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក្នុងឱកាសអនុញ្ញាតឱ្យបេក្ខជនជយលាភីអាហារូបករណ៍ អភិវឌ្ឍធនធានមនុស្សរបស់ប្រទេសជប៉ុន ចូលជួបសម្ដែងការគួរសម និងទទួលនូវអនុសាសន៍ណែនាំ មុនចេញទៅកាន់ប្រទេសជប៉ុន ដែលប្រព្រឹត្ដទៅនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ នាទីស្ដីការក្រសួងសុខាភិបាល។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដទៀតថា «មិនថាធ្វើកិច្ចការងារ ក៏ដូចជាការរៀននោះទេ រៀនកាន់តែលំបាក លទ្ធផលចំណេះយើងកាន់តែខ្ពស់ បើធ្វើលំៗ វានឹងទទួលបានលទ្ធផលវិញក៏យ៉ាងដូច្នេះដែរ ។ កុំខ្ចិលហើយត្រូវតែខិតខំឱ្យអស់ពីកម្លាំងកាយចិត្ដ របស់យើង»

ជាងនេះទៅទៀត រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានណែនាំការរីកចម្រើន និងការងារសំខាន់នៃវិស័យសុខាភិបាល ដើម្បីយកទៅចែករំលែក ទៅដល់ក្រុមនិស្សិតនៅជប៉ុនផងដែរ។ ជាពិសេស លោកបានជំរុញលើកទឹកចិត្ដឱ្យនិស្សិតកម្ពុជា ត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីបង្ហាញទៅកាន់យុវជនប្រទេសដទៃថា ពលរដ្ឋកម្ពុជាពិតជាមានសាមគ្គីភាព ចេះស្រឡាញ់គ្នា និងគោរពវិន័យបានល្អ ដើម្បីទទួលបានការគោរពស្រឡាញ់ ពីគ្នាទៅវិញទៅមក។

ក្នុងឱកាសនោះ បេក្ខជនជយលាភីទាំង២៤រូប ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ចំពោះអនុសាសន៍ណែនាំ ប្រកបដោយពុទ្ធិល្អៗ ដែលជាបទពិសោធន៍ដ៏កម្រ ដើម្បីយកទៅអនុវត្ដកាន់តែជោគជ័យ របស់សិស្សនិស្សិតពេលចេញ ទៅសិក្សានៅជប៉ុន។

សូមជម្រាបផងដែរ កម្មវិធីអាហារូបករណ៍នេះ ក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន សម្រាប់ការអភិវឌ្ឍធនធានមនុស្ស បានបង្កើតឡើងតាំងពីឆ្នាំ២០០០ និងរហូតដល់ពេលនេះ និស្សិតកម្ពុជា ចំនួន៤១៦នាក់ ត្រូវបានបញ្ជូនទៅសិក្សានៅប្រទេសជប៉ុន តាមជំនាញសិក្សារៀងៗខ្លួន។

កម្មវិធីអាហារូបករណ៍អភិវឌ្ឍធនធានមនុស្សនេះ ដើម្បីគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា ផ្ដោតសំខាន់លើមន្ដ្រីរាជការវ័យក្មេង ដែលមានសមត្ថិភាពក្នុងវិស័យរាជរដ្ឋាភិបាលចូលរួមប្រកួតប្រជែង ដើម្បីទៅសិក្សានៅប្រទេសជប៉ុន រយៈពេល២ឆ្នាំ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងនោះក៏មានវិស័យសុខាភិបាលផងដែរ៕