(ភ្នំពេញ)៖ លោក សុវណ្ណ យ៉ាវ នាយកប្រតិបត្តិក្រុមហ៊ុន Huawei ប្រចាំកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុន Huawei នឹងបន្តសហការក្រោមការចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយនាំយកនូវបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ (5G) ដើម្បីបម្រើដល់ប្រជាជនកម្ពុជា។

ការបញ្ជាក់យ៉ាងដូច្នេះ របស់នាយកប្រតិបត្តិក្រុមហ៊ុន Huawei ប្រចាំកម្ពុជា ធ្វើឡើងក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទស្សន៍ Fresh News ក្រោមប្រធានបទស្ដីពី «ផលប៉ះពាល់នៃជំងឺ COVID-19 លើការធ្វើជំនួញរបស់ Huawei នៅកម្ពុជា»។

លោក សុវណ្ណ យ៉ាវ បានឲ្យដឹងថា បច្ចេកវិទ្យា 5G គឺជាប្រធានបទដ៏ក្តៅគគុក ដែលគេលើកមកនិយាយតៗគ្នា ពីព្រោះបច្ចេកវិទ្យា 5G អាចផ្លាស់ប្តូរនូវបរិបទ រស់នៅជាច្រើនក្នុងជីវិតរបស់យើង ហើយនៅក្នុងតំបន់អាស៊ានដូចជា ប្រទេសថៃ ហ្វីលីពីន ម៉ាឡេស៊ី និងបណ្តាប្រទេស ជាសមាជិកដទៃទៀត កំពុងបន្តការខិតខំអភិវឌ្ឍ យ៉ាងសកម្មនូវបច្ចេកវិទ្យា 5G នេះ។

លោកក៏បានលើកឡើងផងដែរថា កាលពីឆ្នាំកន្លងទៅក្រុមហ៊ុន Huawei បានបញ្ចប់ការសាកល្បង នូវបច្ចេកវិទ្យា 5G ដោយមានការសហការ ពីរាជរដ្ឋាភិបាលកម្ពុជា និងប្រតិបត្តិកររបស់យើង ហើយយើងសង្កេតឃើញថា លទ្ធផលនៃដំណើរការ គឺពិតជាល្អប្រសើរ។

នាយកប្រតិបត្តិក្រុមហ៊ុន Huawei ប្រចាំកម្ពុជា បានគូសបញ្ជាក់ថា ជាមួយនឹងការរីកចម្រើនយ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យាព័ត៌មានវិទ្យា យើងសង្កេតឃើញថា បច្ចេកវិទ្យាថ្មីៗ ជាច្រើនដូចជា Big Data, Cloud, AI និងបច្ចេកវិទ្យា 5G កំពុងតែអភិវឌ្ឍទៅមុខជាបន្តបន្ទាប់។

លោក សុវណ្ណ យ៉ាវ បានបញ្ជាក់យ៉ាងដូច្នេះថា «សម្រាប់ជំហានបន្ទាប់ យើងនឹងបន្តសហការក្រោមការចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាល ដោយនាំយកនូវបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ ដើម្បីបម្រើដល់ប្រជាជនកម្ពុជាទាំងអស់។ ម៉្យាងវិញទៀតបច្ចេកវិទ្យាទូរគមនាគមន៍នេះ ក៏នាំមកនូវបណ្តាញតភ្ជាប់ឌីជីថល ទៅកាន់តំបន់ដាច់ស្រយាល ជាពិសេសសាលារៀន និងមន្ទីរពេទ្យ ស្របទៅតាមប្រសាសន៍របស់សម្តេចតេជោ ក៏ដូចជាចក្ខុវិស័យរបស់រដ្ឋាភិបាល លើផ្នែកទូរគមនាគមន៍ផងដែរ»

លោកបានលើកឡើងទៀតថា ក្រុមហ៊ុន Huawei នឹងបន្តសហការជាមួយអតិថិជន ក៏ដូចជាដៃគូអាជីវកម្មទាំងអស់ នៅក្នុងប្រទេស ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល របស់ប្រទេសកម្ពុជា។

ក្រុមហ៊ុន Huawei សង្ឃឹមថា នឹងអាចអញ្ជើញយុវជនកម្ពុជា ដែលមានទេពកោសល្យផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យាពីប្រទេសកម្ពុជា មកទស្សនាទីស្នាក់ការរបស់ក្រុមហ៊ុន Huawei នៅឯទីក្រុងសិនជិន ប្រទេសចិន។

លោកជឿជាក់ថា យុវជនកម្ពុជាដែលមានសមត្ថភាពទាំងអស់នេះ នឹងក្លាយជាគ្រឹះដ៏រឹងមាំ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល របស់ប្រទេស។ ក្រុមហ៊ុន Huawei ប្តេជ្ញានឹងបន្តចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍឌីជីថលនីយកម្ម របស់ប្រទេសកម្ពុជា៕