(ប៉េកាំង)៖ នៅសល់តែ ០៣ថ្ងៃទៀតប៉ុណ្ណោះ​បេសកកម្មជាប្រវត្តិសាស្ត្ររបស់ចិន​ទៅកាន់ភពព្រះអង្គារមានឈ្មោះថា ធានវិន-១ (Tianwen-1) នឹងត្រូវធ្វើការបាញ់បង្ហោះជាផ្លូវការ ចេញពីទឹកដីចិនដោយប្រើប្រាស់គ្រាប់រ៉ុក្កែត Long March 5។ នេះបើតាមការដកស្រង់ព័ត៌មាន ចេញពីវែបសាយ Space នៅល្ងាចថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០។

បើតាមទីភ្នាក់ងារអវកាសជាតិចិន (CNSA) យានស្រាវជ្រាវភពអង្គារ Tianwen-1 (Tian Wen បកប្រែថាឋានសួគ៌) នឹងត្រូវបាញ់បង្ហោះនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ប៉ុន្តែវាក៏នឹងមិនខុសពីយាន-ផ្កាយរណបអាម៉ាល់ (Amal ឬ Hope) របស់អេមីរ៉ាត់អារ៉ាប់រួមនោះដែរ ដោយការបាញ់បង្ហោះអាចនឹងពន្យារពេល ឬក៏យ៉ាងណានោះ អាស្រ័យទៅលើស្ថានភាពជាក់ស្តែង ជាពិសេសគឺអាកាសធាតុតែម្តង។

គួរបញ្ជាក់ថា ប្រសិនបើការបាញ់បង្ហោះធ្វើឡើងតាមការគ្រោងទុក នោះយានអវកាស Tianwen-1 នៃបេសកកកម្មដំបូងរបស់ចិន​នឹងទៅដល់ភពអង្គារ នៅអំឡុងខែកុម្ភៈ ឆ្នាំ២០២១។ នៅក្នុងចង្កោមនៃបេសកកម្ម Tianwen-1 គឺមានដូចជា ផ្កាយរណបសម្រាប់គោចរជុំវិញភពអង្គារ, ជើងទម្រយានសម្រាប់ចុះចត​លើផ្ទៃភពអង្គារ និងរ៉ូបូតដែលអាចចល័តនៅលើ ផ្ទៃភពក្រហមនោះក្នុងបេសកកម្មតែមួយ។

ដោយឡែកបេសកកម្ម Amal របស់អេមីរ៉ាត់អារ៉ាប់រួម ត្រូវបានបាញ់បង្ហោះដោយជោគជ័យរួចទៅហើយ កាលពីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ ខណៈយានភើសេវើរិនស៍ (Perseverance) របស់អង្គការអវកាសអាមេរិក NASA នឹងត្រូវបាញ់បង្ហោះ​នៅថ្ងៃទី៣០ ខែកក្កដា ឆាប់ៗខាងមុខនេះដែរ។ ហេតុដែលប្រទេសទាំងបី​ ជ្រើសរើសយកខែកក្កដា ឆ្នាំ២០២០នេះ ដើម្បីបាញ់បង្ហោះយានទៅកាន់ភពអង្គារ ក៏ព្រោះតែវាជាពេលដែលភពអង្គារ​ កំពុងគោចរមកកាន់គន្លងកៀកផែនដីបន្តិចម្តងៗ ដែលពេលវេលាបែបនេះ មានតែក្នុងរយៈពេល ២៦ខែម្តងប៉ុណ្ណោះ៕