(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន បានថ្លែងអំពាវដល់គ្រូបង្រៀន និងថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ ធ្វើយ៉ាងណាត្រូវចូលរួម ជួយបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយប្រសិទ្ធិភាព និងគុណភាពសម្រាប់ក្មេងជំនាន់ក្រោយ។ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះ លោកអភិបាលខេត្ត បានអញ្ជើញចូលរូមជាអធិបតីភាព នៅក្នុងពិធីបូកសរុបលទ្ធផលការងារ អប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០១៤-២០១៥ និងលើកទិសដៅ ឆ្នាំសិក្សា២០១៥-២០១៦ បន្ទាប់ពីបានដំណើរការ រយៈពេល២ថ្ងៃ នៅក្នុងសាលប្រជុំបណ្ណាល័យសាមគ្គី វិទ្យាល័យពោធិ៍សាត់។
លោក វង្ស សុត្តម អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានលើកឡើងថា នៅឆ្នាំសិក្សា ២០១៤-២០១៥ បានឆ្លុះបញ្ចាំងពីការ រីកចម្រើនទាំងបរិមាណ និងគុណភាពនៃវិស័យអប់រំ ស្របតាមយុទ្ធសាស្ត្រ និងសូចនាករថ្នាក់ខេត្តឆ្នាំ២០១៤-២០១៧។ លោកឲ្យដឹងទៀតថា ទូទាំងខេត្តមានបុគ្គលិកអប់រំចំនួន ៣.៩៥៥នាក់ ក្នុងនោះ ស្រី ១.៥៥៧នាក់ សិស្សានុសិស្សគ្រប់ភូមិសិក្សា មានចំនួន ៩៥.៦២៩នាក់ ក្នុងនោះ ស្រី ៤៧.៥២៧នាក់ ។ សាលាមត្តេយ្យទាំងសាធារណៈ ឯកជន និងសហគមន៍មាន៣៧៧ កើនបាន៣៣ សាលាបឋមសិក្សា២៩៥ កើនបាន១២ អនុវិទ្យាល័យ៤៤កើនបាន២ និងវិទ្យាល័យចំនួន១៥ ដែលក្នុងនោះ មានអគារចំនួន១២០ខ្នង ស្មើនឹង៦៦០បន្ទប់ ជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ នៅក្នុងកិច្ចប្រជុំក្នុងរយៈពេល២ថ្ងៃនេះ គឺផ្តោតការយកចិត្កទុកដាក់ ក្នុងការពិភាក្សារកឲ្យឃើញគ្រប់ជ្រុងជ្រោយ និងអនុសាសន៍នានា ដែលទាក់ទងនឹងប្រធានបទនៃអនុវិស័យទាំង ៦ នៃផែនការយុទ្ធ សាស្ត្រវិស័យអប់រំ ដូចជាអប់រំកុមារតូច បឋម មធ្យម និង អប់រំក្រៅប្រព័ន្ធ ។ លោក ម៉ៅ ធនិន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ មន្ត្រីអប់រំព្រមទាំងអង្គការជាតិ អន្តជាតិ សម្បុរសជន និង ដៃគូអភិវឌ្ឍន៍ ដែលបានជួយឧបត្ថម្ភគាំទ្រ ដល់វិស័យអប់រំ ដែលជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ។ សមិទ្ធិផលទាំងនេះ កើតឡើងដោយសារការ ចូលរួមពីគ្រប់មជ្ឈដ្ឋាន ពិសេសលោកគ្រូ អ្នកគ្រូ មាតាបិតា និង អាណាព្យាលសិស្ស ដែលបានខិតខំបង្រៀន និងរៀន។
លោកបានបញ្ជាក់ថា អប់រំគឺជាគ្រឹះជាពុម្ពហេតុនេះសូមឲ្យគ្រឹះ និងពុម្ពនេះបានល្អ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយប្រសិទ្ធិភាព និងគុណភាព។ ឆ្លងតាមការពិភាក្សា និងការធ្វើបទបង្ហាញ ពិតជាបានរកឃើញនូវបទពិសោធន៍ ចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមនានា នៅក្នុងវិស័យអប់រំ សម្រាប់កែលម្ព និងរកដំណោះស្រាយ ដើម្បីពង្រឹងគុណភាព អប់រំគ្រប់កម្រិតសិក្សា សំដៅធ្វើយ៉ាងណាឲ្យកុមារ និងយុវជនទទួលបានសេវាអប់រំ ត្រង់ចំណុចនេះ គប្បីមន្រ្តីអប់រំទាំងអស់បន្តការខិតខំប្រឹងប្រែង បង្រៀន និង រៀន រួមចំណែកកាត់បន្ថយអត្រា បោះបង់ការសិក្សា។ នៅក្នុងខណៈនោះ ឯកឧត្តម បានចែកជូនវត្ថុកំដរដៃ នូវសារុងម្នាក់មួយ ដល់លោកគ្រូ អ្នកគ្រូ ២៤០នាក់ នាពេលនោះផងដែរ ៕