(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងក្រើនរំលឹកដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ នៅទូទាំងខេត្ត ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ របស់រដ្ឋាភិបាល ជូនគ្រួសារក្រីក្រក្នុងពេលកូវីត ១៩ឲ្យចំគោលដៅ។

លោកថ្លែងបែបនេះនៅក្នុងពិធីក្រុងពាលីសាងសង់អាគារប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០។

លោកបានបន្តថា អាគារប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់គយត្របែក ដែលបានរៀបចំពិធីក្រុងពាលីសាងសង់នៅព្រឹកនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលរដ្ឋបាលខេត្តស្វាយរៀងសម្រេចបាន ស្របតាមទិសដៅអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបម្រើឱ្យការការពារ សន្តិសុខ សុវត្ថិភាព និងការផ្តលសេវាជូនដល់ប្រជាពលរដ្ឋ។

លោកអភិបាលខេត្តបានបន្តទៀតថា អាជ្ញាធរសង្កាត់ និងកងកម្លាំងទាំងអស់ត្រូវខិតខំការពារសន្តិសុខសណ្ដាប់ធ្នាប់ឱ្យបានល្អប្រសើរ ជាពិសេសត្រូវអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពទាំង ៩ចំណុច សម្រេចឲ្យបានជោគជ័យ និងត្រូវអប់រំកូនចៅឲ្យចៀសឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ មិនតែប៉ុណ្ណោះត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន និងបើកបរត្រូវខ្សែក្រវាត់ ពាក់មួកសុវត្ថិភាព ដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗដែលកើតឡើងជាយថាហេតុ ព្រមទាំងត្រូវខិតខំបង្កបង្កើនផលស្រូវរដូវវស្សាឲ្យបានទាន់ពេលវេលា និងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិផ្សេងៗ។

លោកក៏បានចែកអំណោយដល់ប្រជាពលរដ្ឋ ៥០គ្រួសារ ដោយក្នុង១គ្រួសារទទួលបានអង្ក១៥គីឡូក្រាម ម៉ាសចំនួន១០ សាប៊ូប្រូធិច១ដុំ សាប៊ូលុច១កញ្ចប់ អំបិល១កញ្ចប់ ទឹកស៊ីអ៊ីវ១យួរ សារ៉ុង១ នឹងថវិការចំនួន២ម៉ឺនរៀល។ សមាជិកក្រុមប្រឹក្សា ស្មៀន ថ្នាក់ដឹកនាំភូមិ ប្រជាការពារ ប៉ុស្តិ៍នគរបាលរដ្ឋបាល និងបុគ្គលិកមណ្ឌលសុខភាពសរុប៥០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល និងឧបត្ថម្ភអង្ករ ១០០គីឡូក្រាម ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គយត្របែកផងដែរ៕