(កណ្ដាល)៖ តំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល បានចេញដីកាសន្និដ្ឋានបញ្ជូនរឿងទៅជំនុំជម្រះផ្ទាល់ ក្រោយពីបានពិនិត្យសំណុំរឿង ករណីក្លែងផលិតផលទំនិញ (លីងកាហ្វេ និងសណ្តែកផ្សំសារធាតុគីមី) ដែលកម្លាំងសមត្ថកិច្ចចម្រុះ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក.) បានធ្វើការចុះបង្ក្រាបទីតាំងសិប្បកម្ម លីងកាហ្វេ និងសណ្តែកយីហោឈ្មោះ ថុន ណាត ស្ថិតនៅក្នុងភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០។

ជនជាប់ចោទដែលតំណាងអយ្យការ ចោទប្រកាន់នោះរួមមាន៖ ទី១៖ឈ្មោះ ថុន ណាត ភេទស្រី អាយុ៣៣ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មុខរបរ ម្ចាស់សិប្បកម្មលីងកាហ្ចេ និងសណ្តែក (ក្រៅឃុំ) និងទី២៖ឈ្មោះ លួត លាង ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្កាល មុខរបរ អ្នកលីងកាហ្វេ និងជាមេកា (ក្រៅឃុំ)។

ជនជាប់ចោទឈ្មោះ ថុន ណាត និងឈ្មោះ លួត លាង បានធ្វើសកម្មភាពលីងកាហ្វេ និងសណ្តែកលាយផ្សំដោយសារធាតុគីមីខុសច្បាប់ រួចហើយយកទៅលក់ទីផ្សារកម្ពុជា ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព នៅក្នុងសិប្បកម្មខ្លួនដោយគ្រាប់កាហ្វេ និងសណ្តែក គឺជនជាប់ចោទឡើងទៅទិញពីផ្សារអូឫស្សី ម្តង១តោន ក្នុង១ខែ រួចហើយបញ្ចេញលក់ទៅលើទីផ្សារ ក្នុង១គីទ្បូក្រាមតម្លៃ២០,០០០រៀល ទៅ៣០,០០០រៀល។

ជនជាប់ចោទបានឆ្លើយបញ្ជាក់ថា ខ្លួនបើកអាជីវកម្មរយៈពេល២ឆ្នាំមកហើយ រូបមន្ត នៃការផលិតគឺខ្លួនចេះតពីគេ ហើយគ្រាប់កាហ្វេខ្លួនទិញមកពីផ្សារអូរឫស្សី ម្តង១តោន ក្នុង១ខែ ក្នុងតម្លៃ១គីទ្បូក្រាម ១៥,០០០រៀល។ ក្នុងមួយថ្ងៃខ្លួនផលិតកាហ្វេបាន៥ទ្ប ក្នុង១ទ្បមានទម្ងន់១២០គីទ្បូក្រាម ដោយបានលាយជាមួយ ស្រាស អំបិល សណ្តែក CARAMEL (ទឹកស្ករ ការ៉ាមែល) ប៊ីចេង ទឹកត្រី ស្ករអំពៅ ទឹកដោះគោ និងប៊ឺ។

ពេលលក់ចេញទៅទីផ្សារ ក្នុង១គីទ្បូក្រាមតម្លៃ ២០,០០០រៀល ទៅ៣០,០០០រៀល ក្នុង១ ថ្ងៃលក់បានចាប់ពី៥០គីទ្បូក្រាម ទៅ៧០គីទ្បូក្រាម ហើយជនជាប់ចោទ ក៏បានធ្វើលិខិតទទួលស្គាល់កំហុសដែរ ថាការផលិត កែច្នៃកាហ្វេវិចខ្ជប់ និងចែកចាយលក់ទីផ្សារ គឺខ្លួនពុំមានច្បាប់អនុញ្ញាតទេ។

បន្ទាប់ពីបានអយ្យាការអមសាលាដំបូងខេត្តកណ្តាល ពិនិត្យលើអង្គហេតុ អង្គច្បាប់ភស្តុតាង និងចម្លើយសារភាព របស់ជនជាប់ចោទទាំង២ អយ្យាការអមសាលាដំបូងខេត្ត បានចេញដីកាសន្និដ្ឋានបញ្ជូនរឿងទៅជំនុំជម្រះផ្ទាល់លេខ ៣៩៨ ដករជផ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០៖

*ទី១៖ ចោទប្រកាន់ជនជាប់ចោទឈ្មោះ ថុន ណាត ភេទស្រី អាយុ៣៣ឆ្នាំ និងឈ្មោះ លូត លាង ភេទប្រុស អាយុ២៤ឆ្នាំ ពីបទ ក្លែងផលិតផលទំនិញ (លីងកាហ្វេ និងសណ្តែកផ្សំសារធាតុគីមី) កើតទ្បើងនៅចំណុចទីតាំងសិប្បកម្មលីងកាហ្វេ និងសណ្តែក យីហោ ថុនណាត ស្ថិតនៅក្នុងភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ តាមបញ្ញាត្តិ មាត្រា១៧ មាត្រា៦៣ និងមាត្រា៦៥ នៃច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវា។

*ទី២៖ បញ្ជូនសំណុំរឿងព្រហ្មទណ្ឌលេខ ១១៨៣អក ចុះថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០២០ របស់អយ្យការអមសាលាដំបូងខេត្តកណ្តាល ទៅជំនុំជម្រះនៅតុលាការខេត្តកណ្តាល តាមនីតិវិធីនៃច្បាប់។

សូមជម្រាបថា កម្លាំងសមត្ថកិច្ចរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) បានចុះបង្ក្រាបទីតាំងសិប្បកម្ម លីងកាហ្វេ និងសណ្តែក យីហោ ឈ្មោះថុន ណាត ដែលអន់គុណភាព និងខុសច្បាប់ ស្ថិតនៅភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០។ ប្រតិបត្តិការនេះ មានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល និងមានការចូលរួមពីសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរដែនដី និងតំណាងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកណ្តាល។

ក្រោយពីការចុះត្រួតពិនិត្យ គណៈកម្មាធិការអន្តរក្រសួងរបស់ គ.ប.ផ.ក. បានរកឃើញផលិតផលអន់គុណ និងខុសច្បាប់ជាច្រើនមុខរួមមាន៖ គ្រាប់សណ្តែកសៀង ចំនួន៦០បាវ, គ្រាប់កាហ្វេលេខ១ ចំនួន០៦បាវ, គ្រាប់កាហ្វេលេខ២ ចំនួន១០បាវ, កាហ្វេលីងរួច ចំនួន០៦បាវ, ម៉ាស៊ីនលាយប៊ឺ ចំនួន០១គ្រឿង, ម៉ាស៊ីនលាយស្ករ ចំនួន០១គ្រឿង, កាហ្វេច្រកជាកញ្ចប់រួច ចំនួន៣០កញ្ចប់, ប៊ឺរចំនួន០៦ធុង, មេក្លិនសំរាប់លាយកាហ្វេ ចំនួន១២ធុង, ទឹកត្រី ចំនួន០៣កាដុង, ស្រាស ចំនួន០១កាន, កាហ្វេផលិតរួច ចំនួន១៤កញ្ចាប់ (កាហ្វេខ្មែរធម្មជាតិ)។

ក្នុងនោះក៏មានគ្រឿងសម្រាប់លាយកាហ្វេមួយចំនួន៖ ប៊ឺរ, ទឹកស្ករ CARAMEL, មេក្លិនសំរាប់លាយកាហ្វេ, ល័ក្ខពណ៌, ស្ករស, អំបិល, ទឹកត្រី, ស្រាស, ប៊ីចេង, ទឹក,ដោះគោ, សណ្តែកសៀង។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចចម្រុះ អន្តរក្រសួងរបស់ គ.ប.ផ.ក ពិនិត្យឃើញថា ទីតាំងសិប្បកម្មលីងកាហ្វេ និងសណ្តែកនេះមានកំហុសជាច្រើន៖ មិនមានលើកស្លាកយីហោ, ពុំមានចុះបញ្ជីផលិតផល (ចបផ), គ្មានវិញ្ញាបនប័ត្រត្រួតពិនិត្យគុណភាព, នៅលើសំបកវិចខ្ចប់កាហ្វេមិនមានដាក់អាសយដ្ឋាន និងរបៀបប្រើប្រាស់, នៅលើសំបកវិចខ្ជប់កាហ្វេដាក់កាហ្វេសុទ្ធ១០០% ដែលនៅក្នុងការវិចខ្ជប់នោះ លាយសារធាតុផ្សំជាច្រើន និងទីតាំងគ្មានអនាម័យ។

ក្រៅពីសម្ភារវត្ថុតាងខាងលើនេះ សមត្ថកិច្ចពុំបានដកហូត ឬធ្វើឲ្យខូចខាតរបស់របរអ្វីទេ ហើយព្រះរាជអាជ្ញាបានអនុញ្ញាតឲ្យសមត្ថកិច្ចចម្រុះ ឃ្លុំបេបិទទីតាំង និងអញ្ជើញម្ចាស់ទីតាំងខាងលើមកបំភ្លឺ ពាក់ពន្ធ័ករណីខាងលើ នៅលេខាធិការដ្ឋាន នៃគ.ប.ផ.ក. ដើម្បីអនុវត្តតាមនីតិវិធីបន្ដ៕