(ភ្នំពេញ)៖ លោក សុវណ្ណ យ៉ាវ នាយកប្រតិបត្តិក្រុមហ៊ុន Huawei ប្រចាំកម្ពុជា បានអះអាងពីការប្ដេជ្ញាចិត្ត ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញវិស័យច្ចេកវិទ្យាឌីជីថល។

ការថ្លែងពីការប្ដេជ្ញានេះធ្វើឡើងក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទស្សន៍ Fresh News ក្រោមប្រធានបទស្ដីពី «ផលប៉ះពាល់នៃជំងឺ COVID-19 លើការធ្វើជំនួញរបស់ Huawei នៅកម្ពុជា»។

លោក សុវណ្ណ យ៉ាវ បានថ្លែងឲ្យដឹងថា ក្រុមហ៊ុន Huawei បានធ្វើប្រតិបត្តិការធុរកិច្ចនៅកម្ពុជា រយៈពេល២១ឆ្នាំមកហើយដែលតែងតែ ប្រកាន់ខ្ជាប់នូវគោលការណ៍ «នៅកម្ពុជាដើម្បីកម្ពុជា» ព្រមទាំងបានចូលរួមចំណែកយ៉ាងសកម្ម មួយផ្នែកក្នុងការអភិវឌ្ឍ នៃវិស័យទូរគមនាគមន៍នៅកម្ពុជា។ Huawei បានប្តេជ្ញាចិត្តជានិច្ចក្នុងការនាំយកមកនូវជីវិតឌីជីថល ដល់គ្រប់សហគ្រាសផ្សេងៗដល់គ្រួសារ និងប្រជាជនកម្ពុជាគ្រប់រូប។

លោកបានបន្ដថា តាមរយៈកិច្ចគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដំណើរប្រតិបតិ្តការធុរកិច្ចរបស់ Huawei នៅកម្ពុជា មានការអភិវឌ្ឍក៏ដូចជា រីកចំរើនទៅមុខយ៉ាងរលូន។ ក្រុមហ៊ុនមានបុគ្គលិកជិត២០០នាក់ ក្នុងនោះមាន៨០ភាគរយនៃបុគ្គលិកទាំងអស់ សុទ្ធសឹងតែជាបុគ្គលិកខ្មែរដ៏ឆ្នើម ដែលកំពុងខិតខំបំពេញភារកិច្ច តាមជំនាញរៀងៗខ្លួន។

លោក សុវណ្ណ យ៉ាវ បានបន្ថែមថា «ចំពោះទស្សនវិស័យរបស់ Huawei ខ្ញុំសង្ឃឹមថាក្រុមហ៊ុននឹងបន្តអភិវឌ្ឍន៍ទៅអនាគតដោយស្ថិរភាព ដើម្បីផ្តល់ឱកាសការងារក៏ដូចជា ឱកាសអាជីវកម្មដល់បុគ្គលិក ក្នុងក្រុមហ៊ុនព្រមទាំងដៃគូសហការអាជីវកម្មទាំងអស់ នេះជាអ្វីដែលរដ្ឋាភិបាលកម្ពុជារំពឹង។ លើសពីនេះខ្ញុំសង្ឃឹមថា អាចរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយជ្រោមជ្រែង និងលើកតម្កើងវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា ជាពិសេសឌីជីថលនីយកម្មកម្ពុជា។ ក្រុមហ៊ុនបានខិតខំបណ្តុះបណ្តាល ធនធានមនុស្សលើវិស័យទូរគមនាគមន៍នៅកម្ពុជា ពិសេសយុវជនវ័យក្មេង និងសិស្សនិស្សិតដែលទើបបញ្ចប់ការសិក្សា ដែលពួកគេជាជំហរដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍសង្គមជាតិ នាពេលអនាគត»

លោកបានបញ្ជាក់ថា ពិភពលោកទាំងមូល ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារជំងឺកូវីដ-១៩ លើសពីនេះជំងឺកូវីដ-១៩ បានធ្វើឲ្យមានផលប៉ះពាល់ខ្លះ ដល់ដំណើរប្រតិបត្តិការរបស់ក្រុមហ៊ុន Huawei ក្នុងប្រទេសកម្ពុជា ក៏ដូចជាការងារដឹកជញ្ជូន និងការងារស្ថាបនាលើគម្រោងផ្សេងៗជាដើម។ ប៉ុន្តែតាមរយៈកិច្ចគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា និងភាពជឿជាក់របស់អតិថិជន ដែលជំរុញឱ្យប្រតិបត្តិការរបស់យើង នៅតែអាចបន្តដំណើរការទៅមុខបានល្អ ជាមួយនឹងការផ្គត់ផ្គង់សេវាកម្ម បានទាន់ពេលវេលា។

លោកបានឲ្យដឹងទៀតថា ជាមួយគ្នានេះសង្កេតឃើញថា តម្រូវការនៃការប្រើប្រាស់បណ្តាញបច្ចេកវិទ្យា ព័ត៌មានវិទ្យា បានកើនឡើងជាបន្តបន្ទាប់ ពិសេសក្នុងកំឡុងពេលដែលមនុស្សគ្រប់គ្នា កំពុងធ្វើចត្តាឡីស័ក ដែលចាំបាច់ប្រើប្រាស់នូវបចេ្ចកវិទ្យា ដើម្បីបំពេញការងារ និងការទំនាក់ទំនងគ្នាពីចំងាយ។ មួយវិញទៀត បច្ចេកវិទ្យាថ្មីៗត្រូវបានបង្កើតឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរួមមាន៖ ប្រព័ន្ធ Video Conferencing ជាដើម។

លោកនាយកប្រតិបត្តិបានឲ្យដឹងថា ក្រុមហ៊ុន Huawei បានខិតខំយ៉ាងសកម្ម ក្នុងការឆ្លើយតបនឹងសំណើររបស់រាជរដ្ឋាភិបាល។ លើសពីនេះក៏បានរួមសហការ ជាមួយបុគ្គលិក ព្រមទាំងដៃគូសហការអាជីវកម្ម ដោយអនុវត្តលើវិធានការដ៏សមស្រប ដើម្បីរួមចំណែក ក្នុងការបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងកំឡុងពេលនេះ។

លោកសង្កត់ធ្ងន់ថា ក្រុមហ៊ុន Huawei មិនបានបញ្ឈប់ ឬកាត់ប្រាក់បៀវត្សបុគ្គលិកនោះទេ ទោះស្ថិតនៅក្នុងកំឡុងពេល នៃវិបត្តិជំងឺកូវីដ-១៩ក៏ដោយ ផ្ទុយទៅវិញ ក្រុមហ៊ុនបានផ្តល់ប្រាក់រង្វាន់លើទឹកចិត្ត ចំពោះបុគ្គលិកផ្នែកបើកបរ និងមេចុងភៅជាដើម ដែលពួកគាត់បានចូលរួមចំណែកយ៉ាងសកម្ម ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។ ក្រុមហ៊ុន Huawei បានផ្តល់ឱកាសការងារដល់បុគ្គលិកថ្មីៗចំនួន២១រូប ជានិសិ្សតទើបបញ្ចប់ការសិក្សាពី សាកលវិទ្យាល័យនានា ព្រោះថាយុវជនទាំងនេះ ជាធនធានមនុស្សដែលពោរពេញ ដោយសមត្ថភាពសម្រាប់ការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា នៅប្រទេសកម្ពុជា៕