(ភ្នំពេញ)៖ រយៈពេល៥ថ្ងៃជាប់ៗគ្នានេះ ពោលគឺចាប់តាំងពីថ្ងៃទី១៣-១៧ ខែកក្កដា ឆ្នាំ២០២០ អតីតយុទ្ធជនកម្ពុជារស់នៅតាមបណ្ដាសង្កាត់ចំនួន៦ ក្នុងខណ្ឌឫស្សីកែវ ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីដោះស្រាយក្នុងជីវភាពប្រចាំថ្ងៃ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈក្រុមការងារ នៃប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខណ្ឌ ដឹកនាំដោយលោក ជា ពិសី និងជាអភិបាលខណ្ឌ។
នេះបើតាមសេចក្ដីរាយការរបស់អ្នកយកព័ត៌មាន Fresh News ដែលទទួលបានពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខណ្ឌ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ។
សកម្មភាពជាបន្តបន្ទាប់នេះ ក្រៅពីដឹកនាំដោយប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខណ្ឌឫស្សីកែវ ក៏មានការចូលរួមពីលោកអធិការរងនគរបាលខណ្ឌ តំណាងលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌ និងជាប្រធានសមាគមអតីត យុទ្ធជនកម្ពុជាខណ្ឌ, តំណាងយោធភូមិភាគពិសេសប្រចាំខណ្ឌ, រួមទាំងមន្ត្រីរាជការ, នគរបាលប៉ុស្តិ៍ និងអាជ្ញាធរសង្កាត់ផងដែរ។
សកម្មភាពមនុស្សធម៌៥ថ្ងៃជាប់គ្នានេះ លោក ជា ពិសី ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខណ្ឌឫស្សីកែវ និងជាអភិបាលខណ្ឌ បានគូសបញ្ជាក់ថា «ខ្ញុំពិតជាដឹងគុណ និងសូមថ្លែងអំណរគុណយ៉ាងក្រៃលែង នូវគុណបំណាច់នៃសមានចិត្តដ៏ធំធេងបំផុតរបស់អ៊ំ ពូ មីង និងបងៗជាអតីតយុទ្ធជន ពិតជាមានតម្លៃ ដែលបានពាលីអាយុជីវិត ទាំងកម្លាំងកាយចិត្ត សាច់ស្រស់ ឈាមស្រស់ ដើម្បីនាំមកនូវសុខសន្តិភាព ជូនដល់មនុស្សជំនាន់ក្រោយ»។
សូមជម្រាបថា រយៈពេល៥ថ្ងៃជាប់ៗគ្នានេះ ពោលគឺចាប់តាំងពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ អតីតយុទ្ធជន រស់នៅតាមបណ្ដាសង្កាត់ចំនួន៦ ក្នុងខណ្ឌឫស្សីកែវ រួមមាន៖ សង្កាត់ទួលសង្កែទី២ ចំនួន៩គ្រួសារ, សង្កាត់ឫស្សីកែវ ១១គ្រួសារ, សង្កាត់ស្វាយប៉ាក ៩គ្រួសារ, សង្កាត់ច្រាំងចំរេះទី១ និងសង្កាត់ច្រាំងចំរេះទី២ ១៨គ្រួសារ និងនៅសង្កាត់គីឡូម៉ែត្រលេខ៦ ចំនួន១១គ្រួសារផ្សេងទៀត បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីដោះស្រាយក្នុងជីវភាពប្រចាំថ្ងៃ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈក្រុមការងារនៃប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខណ្ឌ ដឹកនាំដោយលោក ជា ពិសី និងជាអភិបាលខណ្ឌ៕