(ភ្នំពេញ)៖ ថ្វាយព្រះកិត្តិយសជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដល់សម្តេចម៉ែ ដែលជាសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះសកម្មភាពគាំពារការសិក្សាស្រាវជ្រាវ និងការលើកស្ទួយប្រវត្តិសាស្ត្រ វប្បធម៌ ព្រមទាំងសិល្បៈសហសម័យនៃប្រទេសកម្ពុជា។ ការសិក្សាស្រាវជ្រាវ ការអប់រំ និងវប្បធម៌ គឺមានសារសំខាន់ចំពោះអត្តសញ្ញាណ និងការអភិវឌ្ឍរបស់ប្រទេសជាតិមួយ និងការបោះជំហានទៅមុខរបស់មនុស្សជាតិ។

មជ្ឈមណ្ឌលឯកសារកម្ពុជា ពុះពារធានាថា ប្រវត្តិសាស្ត្រ និងសិល្បៈរបស់ប្រទេសកម្ពុជា ទាំងបុរាណ និងសហសម័យ នឹងត្រូវបានអភិរក្ស ការពារ និងបើកទូលាយសម្រាប់សាធារណជនទូទៅ។ នាពេលថ្មីៗនេះ ឯកអគ្គរាជទូតបណ្ឌិត ហូលីយ៉ូ ជែលដ្រេស អតីតលេខាផ្ទាល់ និងជាអ្នកនិពន្ធជីវប្រវត្តិរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ បានបរិច្ចាគសមុច្ច័យផ្ទាល់ខ្លួន ទាំងស្រុងរបស់លោក ដែលរួមមាន សៀវភៅ និងឯកសារផ្សេងៗ មកកាន់បណ្ណាល័យរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។

ដើម្បីធ្វើការទទួលស្គាល់ការចូលរួមចំណែកដ៏មានតម្លៃនេះ ព្រមទាំងជាការថ្វាយព្រះកិត្តិយសជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះកិច្ចខិតខំប្រឹងប្រែងពេញមួយជីវិតរបស់ព្រះវររាជមាតា សម្ដេចព្រះ នរោត្តម មុនិនាថ សីហនុ ចំពោះប្រទេសកម្ពុជា មជ្ឈមណ្ឌលឯកសារកម្ពុជា នឹងដាក់ឈ្មោះបណ្ណាល័យរបស់ខ្លួនថា «បណ្ណាល័យសម្ដេចម៉ែ» ដោយទទួលបានព្រះរាជានុញ្ញាតពីសម្តេចព្រះវររាជមាតា។

បន្ថែមពីលើសមុច្ច័យរបស់ឯកអគ្គរាជទូតបណ្ឌិត ហូលីយ៉ូ ជែលដ្រេស បណ្ណាល័យសម្ដេចម៉ែ មានតម្កល់ទុកឯកសារប្រវត្តិសាស្ត្រ សៀវភៅ និងសម្ភារផ្សេងៗ ស្ដីពីអំពើប្រល័យពូជសាសន៍ និងសិទ្ធិមនុស្សនៅប្រទេសកម្ពុជា។ មជ្ឈមណ្ឌលឯកសារកម្ពុជា កំពុងនឹងបន្តពង្រីកបន្ថែមនូវចំនួនបណ្ដុំឯកសាររបស់ខ្លួន។

បណ្ណាល័យនេះនឹងជាប្រភពធនធានដ៏មានសារសំខាន់មួយ សម្រាប់សិស្សានុសិស្សនិងអ្នកស្រាវជ្រាវទូទៅ ដោយដើរតួនាទីជាស្ថាប័នមួយដែលបើកទូលាយសម្រាប់សាធារណជន ដើម្បីបង្កើនការយល់ដឹងអំពីប្រវត្តិសាស្ត្រ វប្បធម៌ និងសិល្បៈសហសម័យរបស់កម្ពុជា។

នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានក្រាបបង្គំចូលគាល់ព្រះវររាជមាតា និងរាជវង្សានុវង្ស ដើម្បីប្រកាសថ្វាយឈ្មោះនេះជាផ្លូវការ។ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ព្រះវររាជមាតា ទ្រង់បានសព្វព្រះហឫទ័យរាជានុញ្ញាតឲ្យប្រើប្រាស់ឈ្មោះបណ្ណាល័យនេះ។

«បណ្ណាល័យសម្ដេចម៉ែ» នឹងដើរតួនាទីជាទីតម្កល់ទុកឯកសារបណ្ណសារ សៀវភៅ និងសម្ភារផ្សេងៗដែលមានសារៈសំខាន់ចំពោះជាតិ រហូតដល់មានវត្តមានរបស់ វិទ្យាស្ថានស្លឹករឹត ដែលជាបូជនីយដ្ឋាននៃការចងចាំ ពិភពលោកមួយ រចនាឡើងដោយលោកស្រី ហ្សាហា ហាឌីដ ដើម្បីឧទ្ទិសជូនដល់វិញ្ញាណខន្ធជនរងគ្រោះ នៃអំពើប្រល័យពូជសាសន៍នៅជុំវិញពិភពលោក។ មជ្ឈមណ្ឌលឯកសារកម្ពុជា គឺកំពុងបន្តស្រាវ ជ្រាវរកមូលនិធិគាំទ្រ វិទ្យាស្ថានស្លឹករឹត និងធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីទទួលបានការគាំទ្រសម្រាប់អនាគតដៃគូវិនិយោគរបស់ខ្លួន។

នៅពេលបញ្ចប់ការសាងសង់ វិទ្យាស្ថានស្លឹករឹត បន្ថែមលើបណ្ណាសារ នឹងរួមមាន សារមន្ទីរ មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវលើអំពើប្រល័យពូជសាសន៍ មជ្ឈមណ្ឌលអប់រំស្ដីពីការសិក្សា និងបង្ការអំពើប្រល័យពូជសាសន៍ និងសាវនដ្ឋានសម្រាប់រៀបចំពិព័រណ៍ ការប្រគុំតន្ត្រី និងការធ្វើបទបង្ហាញនានា។

ការបង្កើតឲ្យមាន «បណ្ណាល័យសម្ដេចម៉ែ» គឺជាព្រឹត្តិការណ៍មួយដ៏មានសារសំខាន់ចំពោះជាតិ។ ការបង្កើតជា «បណ្ណាល័យសម្ដេចម៉ែ» មិនត្រឹមតែបង្ហាញ អំពីការចាប់ផ្ដើមកកើតធនធានថ្មីសម្រាប់ការអប់រំ ការសិក្សាស្រាវជ្រាវ និងការលើកស្ទួយសិល្បៈសហសម័យតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការទទួលស្គាល់ចំពោះការលះបង់របស់ព្រះវររាជមាតាជូនដល់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងការពុះពារ របស់ព្រះវររាជមាតាដ៏ខ្ពង់ខ្ពស់ ចំពោះប្រជាជនកម្ពុជា៕