(ភ្នំពេញ)៖ ផ្លូវលំមួយខ្សែកាត់ចំកណ្តាលភូមិសាស្ត្រសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ នៅចំណុចអូរតានង តភ្ជាប់ពីវត្តអម្ពរផល ភូមិចុងកោះ មកទល់នឹងទួលតានង ភូមិកោះដាច់ ត្រូវបានបើកការដ្ឋានស្តារឡើងវិញហើយ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ពិធីបើកការដ្ឋានស្ថាបនាផ្លូវនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក ណុប ចាន់ណារិន្ទ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារចុះជួយសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លោក ណុប ចាន់ណារិន្ទ បានឲ្យដឹងថា នេះជាការដោះស្រាយសំណូមពររបស់ពលរដ្ឋក្នុងមូលដ្ឋាន ដែលបានលើកឡើងនៅក្នុងវេទិការសាធារណៈ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩។

លោកបន្តថា តាមរយៈវេទិកាសាធារណៈ ក្រុមការងារបានដោះស្រាយជូនពលរដ្ឋទៅតាមសំណូមពរមួយចំនួន ដូចជាដាក់បង្គោល និងអំពូលភ្លើងប្រើថាមពលព្រះអាទិត្យតាមផ្លូវសាធារណៈ ដែលដាច់ស្រយាល ជំរុញការផ្តល់សេវាសាធារណៈបានទាន់ពេលវេលា ជំរុញការបង្ក្រាបគ្រឿងញៀន និងក្រុមជល់មាន់ចល័តបានជោគជ័យ។

លោក ណុប ចាន់ណារិន្ទ បន្តថា បន្ទាប់ពីបានចុះធ្វើវេទិកាសាធារណៈតាមការចង្អុលបង្ហាញពីលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានីភ្នំពេញរួចមក ក្រុមការងារចុះជួយសង្កាត់កោះដាច់ បានបន្តតាមដានជាប់ជាប្រចាំ នូវរាល់សំណូមពររបស់ប្រជាពលរដ្ឋ ដោយមិនទុកចោលឡើយ និងបានដោះស្រាយជាជំហានៗ ទៅតាមលទ្ធភាព និងទំហំនៃតម្រូវការចាំបាច់។ បើកិច្ចការខ្លះមានទំហំធំ ក្រុមការងារបានបញ្ជូនសំណូមពរនោះទៅថ្នាក់ខណ្ឌ និងរាជធានីរួចហើយ។

ទាក់ទងនឹងការស្តារឡើងវិញនូវផ្លូវលំនេះ លោក ប៉ាត់ អ៊ែល ចៅសង្កាត់កោះដាច់ បានឲ្យដឹងថា តាមគំរោងការងារស្តារឡើងវិញនេះ អាចបញ្ចប់ក្នុងរយៈយ៉ាងយូរ ២សប្តាហ៍។

លោក ប៉ាត់ អ៊ែល ឲ្យដឹងទៀតថា ផ្លូវនេះមានទទឹងប្រវែង១០ម៉ែត្រ បណ្តោយ ប្រវែង ៨០០ម៉ែត្រ អនុវត្តដោយក្រុមហ៊ុនចំនួន ៥ក្រុម បម្រើជាប្រយោជន៍រួមជូនប្រជាពលរដ្ឋ ក្នុងសង្កាត់កោះដាច់ទាំងមូល ដែលកន្លងមកប្រជាពលរដ្ឋបានសំណូមពរ នៅក្នុងវេទិកាសាធារណៈ។

ការស្ថាបនាផ្លូវនេះ មានការស្វះស្វែង ជ្រោមជ្រែងពីលោក ប៉ាត់ អ៊ែល ចៅសង្កាត់ និងចៅសង្កាត់រង និងក្រុមប្រឹក្សាសង្កាត់ ដែលបានខិតខំស្វែងរកសប្បុរសជនទាំងក្នុង និងក្រៅមូលដ្ឋានដើម្បីជួយរហូតអាចដំណើការបានតាមសំណូមពរ។

សូមបញ្ជាក់ថា ផ្លូវអូរតានងដែលបាន និងកំពុងបើកនេះ ក្រុមការងារបានឈូសឆាយ និងលើកដីខ្ពស់ផុតពីទឹកលិច បង្កលក្ខណៈងាយស្រួលក្នុងការធ្វើចរាចរជូនប្រជាពលរដ្ឋ៕