(ភ្នំពេញ)៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ បានបង្ហាញអំពីសមិទ្ធផល និងការរីកចម្រើនរបស់រដ្ឋបាលខេត្ត តាមរយៈសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រោមប្រធានបទ «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ»។ ពិធីនេះ ធ្វើឡើងនៅទីស្ដីការគណៈរដ្ឋមន្ដ្រី។

លោក វ៉ី សំណាង បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០១៩កន្លងទៅ រដ្ឋបាលខេត្តបានទទួលចំណូល ៩២,៦៥៤លានរៀល ស្មើនឹង៥១០% នៃផែនការឆ្នាំ ដោយចំណាយថវិកាចំនួន ៧៥,០៤៣លានរៀល ស្មើនឹង៩៩% នៃផែនការឆ្នាំសម្រាប់ប្រើប្រាស់លើការងារអភិវឌ្ឍន៍ខេត្ត។ លោកអភិបាលខេត្ត បានបង្ហាញអំពីការរីកចម្រើនដូចខាងក្រោម៖

*ការងារដែនដី នគររូបនីយកម្ម និងសំណង់៖ គិតត្រឹមឆ្នាំ២០១៩ ការងារចុះបញ្ជីដីជាលក្ខណៈប្រព័ន្ធ អនុវត្តបានចំនួន៥១៥ភូមិ ក្នុង៣២ឃុំ-សង្កាត់ នៃក្រុង ស្រុកទាំង៨។ សរុបចាប់ពីថ្ងៃចាប់ផ្តើមអនុវត្ត មកដល់ខែធ្នូ ឆ្នាំ២០១៩ បញ្ចូលទិន្នន័យបានចំនួន ៤០៨,៩៣៨ក្បាលដី និងបានចែកប័ណ្ណជូនប្រជាពលរដ្ឋចំនួន ៣៣៣,៥៩២ ប័ណ្ណ។

*ការដោះស្រាយវិវាទ និងសម្រុះសម្រួលទំនាស់៖ សរុបគិតត្រឹមឆ្នាំ២០១៩ រដ្ឋបាលខេត្តបានទទួលពាក្យបណ្តឹង ឬលិខិតចំនួន៨០ករណី លិខិតពីថ្នាក់ជាតិ ពាក់ព័ន្ធនឹងបញ្ហាដីធ្លី ចំនួន២៣ករណី ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋចំនួន៥៧ករណី៖ បានដោះស្រាយបញ្ចប់ដោយរដ្ឋបាលខេត្ត ចំនួន២៧ករណី, កំពុងបន្តដោះស្រាយចំនួន៣១ករណី, មិនទាន់បានដោះស្រាយ ចំនួន០៦ករណី និងបានបញ្ជូនទៅរដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធ ចំនួន១៦ករណី។

*ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ៖ ក្នុងឆ្នាំ២០១៩កន្លងទៅ បទល្មើសព្រហ្មទណ្ឌកើតមានចំនួន ៤២លើ ៣៣ករណី ប្រៀបធៀបនឹងឆ្នាំ២០១៨ កើន៩ករណី ស្មើនឹង២៧% ប៉ុន្តែគ្រប់សកម្មភាពបទល្មើសត្រូវបង្រ្កាបបានទាន់ពេលវេលា១០០% ។ បទល្មើសគ្រឿងញៀនដែលកើតឡើងមានចំនួន ១៦៤ករណី យើងឃាត់ខ្លួនមុខសញ្ញាបាន ៣៦៣នាក់។ ករណីគ្រោះថ្នាក់ចរាចរណ៍កើតមាន ១៨៨ លើក កើនឡើង ៥៦លើក បណ្តាលឲ្យស្លាប់មនុស្សចំនួន ១៣៤នាក់ ស្រី១០២នាក់។

ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង០៩ចំណុច និងលទ្ធផលនៃចលនាប្រឡងប្រណាំង ខេត្តកំពង់ស្ពឺ ទទួលបានលទ្ធផលល្អប្រសើរជាងឆ្នាំកន្លងទៅ ដោយលទ្ធផលប្រភេទទី១ មានចំនួន ៨៥លើ ៨៧ឃុំ សង្កាត់ ប្រភេទទី២ មានចំនួន២ឃុំ ឃុំដែលប្រភេទទី៣ និងឃុំគ្មានចំណាត់ថ្នាក់ គឺគ្មាន។

*ការងារពាណិជ្ជកម្ម៖ សក្តានុពលទំនិញនៅក្នុងខេត្តមានចំនួន ១០មុខ ដូចជា ស្ករត្នោត ស្ករអំពៅ បន្លែ សាច់មាន់ សាច់ជ្រូក ស្រូវអង្ករ ស្វាយកែវមៀត ខ្សាច់សំណង់ និង ថ្មសំណង់។ មានក្រុមហ៊ុន សហគ្រាសចំនួន ៧៤៥ ក្នុងនោះ មានក្រុមហ៊ុនចំនួន ៣៤៩។ សាខាក្រុមហ៊ុនចំនួន ១៤២ និងសហគ្រាសចំនួន២៥៤ មានផ្សារចំនួន ២០កន្លែង និងផ្សារសហគមន៍៥កន្លែង។

*ការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖ នាក្នុងឆ្នាំ២០១៩ ផែនការស្រូវរដូវវស្សាមានចំនួន ១១៣,៦០០ហិចតា ក្នុងនោះអនុវត្តបានចំនួន ១១៤,៩៩៦ហិចតា ស្មើនឹង១០១.២៣% នៃផែនការប្រចាំឆ្នាំ ខ្ពស់ជាងឆ្នាំ២០១៨ ចំនួន១,១៤៨ហិចតា និងដំណាំរួមផ្សំចំនួន ២,២៦៩ហិចតា ទាបជាងឆ្នាំ២០១៨ ចំនួន១,០១៧ហិចតា។

ការប្រមូលផលស្រូវរដូវវស្សាបញ្ចប់វគ្គគិតត្រឹមថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ សម្រេចបានចំនួន១១១,៨២៩ហិចតា ស្មើ៩៧.២៤% នៃផ្ទៃដីអនុវត្តបានសរុប ជាទិន្នផលមធ្យម ៣.០៣៥តោន ក្នុង១ហិចតា បរិមាណផលសរុបចំនួន ៣៣៩,៤២០តោន។ ផ្ទៃដីខូចខាតទាំងស្រុងចំនួន ៣,១៦៧ហិចតា ស្មើនឹង២.៧៥% នៃផ្ទៃដីអនុវត្តសរុប។

*ការងារឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុត្តន៍៖ គិតមកត្រឹមដើមខែកក្កដា ឆ្នាំ២០២០ ទូទាំងខេត្តកំពង់ស្ពឺ មានរោងចក្រធុនធំចំនួន១៦១រោងចក្រ ប្រើប្រាស់កម្លាំងពលកម្មសរុបចំនួន១២០,៧៣៤នាក់ ស្រី៩៨,៦៨៤នាក់។ ក្នុងនោះ រោងចក្រកំពុងដំណើរការ ចំនួន១៤៣ មូលដ្ឋាន, រោងចក្រកំពុងសាងសង់ ចំនួន១៨មូលដ្ឋាន។ វិស័យសហគ្រាសធុនតូច មធ្យម និងសិប្បកម្ម សរុបមានចំនួន១,៥០៨មូលដ្ឋាន ប្រើប្រាស់កម្លាំងពលកម្មសរុបចំនួន ១៣,៣៩៥នាក់ ស្រីចំនួន ៦,២៨១នាក់។

*វិស័យទេសចរណ៍៖ តំបន់ទេសចរណ៍នៅក្នុងខេត្តកំពង់ស្ពឺ មានចំនួន ១៣កន្លែង ក្នុងនោះ រមណីយដ្ឋានប្រវត្តិសាស្ត្រមាន ៤កន្លែង (រួមមាន ល្អាងបុរាណវិទ្យាភ្នំចាស់ បុរាណវិទ្យាភ្នំព្រះ រមណីយដ្ឋានប្រវត្តិសាស្រ្តតេទឹកពុះ និងរមណីយដ្ឋានប្រាសាទភ្នំក្អែកពង)។

រមណីយដ្ឋានធម្មជាតិមាន ៨កន្លែងរួមមាន ឧទ្យានជាតិព្រះសុរាម្រិតកុសមៈគីរីរម្យ មណ្ឌលកំសាន្តគីរីរម្យ សហគមន៍ទេសចរណ៍ធម្មជាតិចំបក់ សហគមន៍ទេសចរណ៍ធម្មជាតិជ្រាវ រមណីយដ្ឋានអំពែភ្នំ គីរីរម្យផាញរីសត កីឡាដ្ឋានវាយកូនហ្គោល រមណីយដ្ឋានឬទ្ធីគីរីសែនមនោរម្យ និងសារមន្ទីរនរៈបុរី១កន្លែង។ តំបន់ទេសចរណ៍ផ្សងព្រេង មាន ២ ទីតាំង ភ្នំឱរ៉ាល់ និង ភ្នំខ្នងផ្សារ។

ក្នុងឆ្នាំ២០១៩ ភ្ញៀវទេសចរដែលស្នាក់នៅ និងចូលទស្សនាតាមរមណីយដ្ឋាននានាសរុប ចំនួន៣១៧,៥៩១នាក់ ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ បានកើនឡើង១៤% ក្នុងនោះ ភ្ញៀវទេសចរជាតិមានចំនួន ៣០១,៧៦៤នាក់ ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ កើនឡើង១៤,៧% និងភ្ញៀវអន្តរជាតិ មានចំនួន ១៥,៨២៧នាក់ ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ កើនឡើង៦%។

*ការងារធនធានទឹក និងឧតុនិយម៖ ប្រភពទឹកសំខាន់ៗ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ មាន៣ គឺទី១៖ស្ទឹងព្រែកត្នោត ដែលជាបេះដូងនៃប្រភពទឹកដ៏សំខាន់, ទី២៖ស្ទឹងក្រាំងពន្លៃ និងទី៣៖ស្ទឹងស្លាគូ។ ទំនប់អាងទឹកផ្នែកខាងលើរួមមាន ទី១៖ទំនប់អាងទឹកតាសាល, ទី២៖ទំនប់អាងទឹកពាមល្វា-អូរតោង, ទី៣៖ទំនប់អាងទឹកអន្លង់ជ្រៃប្រាំបីមុំ និងទី៤៖ទំនប់អាងទឹកខ្ពបគ្រួស។ ក្រៅពីផ្គត់ផ្គង់តម្រូវការនៅក្នុងខេត្ត ប្រភពទឹកទាំងនេះក៏បានផ្គត់ផ្គង់ដល់ខេត្តកណ្តាល រាជធានីភ្នំពេញ និងមួយផ្នែកនៃខេត្តតាកែវ និងកំពង់ឆ្នាំងផងដែរ។

ប្រព័ន្ធស្រោចស្រព ប្រឡាយមេ៣២៧ខ្សែ ប្រវែងជាង៨២០,៩១៨ម៉ែត្រ បានធ្វើការស្តាររួចចំនួន ៧៨ខ្សែ ប្រវែង២១៥,៤៥៨ម៉ែត្រ។ ប្រឡាយរងចំនួន ៣៩៥ខ្សែ ប្រវែង៤៦៧,៨៥២ម៉ែត្រ ស្តាររួច១២៥ខ្សែ ប្រវែង២៨៥,១២៤ម៉ែត្រ។

*ការងារធនធានធម្មជាតិ និងបរិស្ថាន៖ មានឧទ្យានជាតិចំនួន២ ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គីរីរម្យ» និងឧទ្យានជាតិបូកគោ មានផ្ទៃដីរួមចំនួន២២,០៧៣ហិចតា ក្នុងនោះឧទ្យានជាតិព្រះមុនីវង្សបូកគោ ២,៦៣៧ហិចតា និងឧទ្យានជាតិព្រះសុរាម្រិតកុសមៈគិរីរម្យ ១៩,៤៣៦ហិចតា។

*ការងារសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា៖ ខេត្តកំពង់ស្ពឺមានមណ្ឌលថែទាំកុមារ ចំនួន១៤កន្លែង ដែលមានកុមារស្នាក់នៅ ចំនួន៦៣៨នាក់ ស្រី២៧៣នាក់។ កុមារកំព្រាដែលរស់នៅក្នុងមណ្ឌលរដ្ឋមានចំនួន៥០នាក់ ស្រី២៥នាក់។ ជនពិការដែលទទួលបានសេវាស្ដារលទ្ធភាពពលកម្ម កាយសម្បទានៅតាមមជ្ឈមណ្ឌល មានចំនួន១,៣៨៣នាក់ និងទទួលបានរបបគោលនយោបាយឧបត្ថម្ភ និងសេវាពិនិត្យថែទាំសុខភាពចំនួន ៤២២នាក់។

បានបើកផ្តល់ប្រាក់របបឧបត្ថម្ភគោលនយោបាយ ចំពោះជនពិការក្រីក្រនៅតាមសហគមន៍មានចំនួន ៤២២នាក់។ អតីតយុទ្ធជនគ្រប់ប្រភេទ ដែលកំពុងទទួលរបបសន្តិសុខសង្គម មានចំនួន៥,៤៦៦នាក់។ និវត្តជន ជនបាត់បង់សម្បទាវិជ្ជាជីវៈ និងអ្នកនៅក្នុងបន្ទុកដែលទទួលរបបសន្តិសុខសង្គម ចំនួន២,៥០៣នាក់ និងបានចែកអំណោយជូនជនរងគ្រោះដោយគ្រោះធម្មជាតិ និងជនងាយរងគ្រោះមានចំនួន១,៤៦៤គ្រួសារ៕