(ស្វាយរៀង)៖ ទោះបីមានការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រុមអាជីករ បាននាំស្រូវចេញទៅប្រទេសវៀតណាម ត្រង់ចំណុចប្រឡាយទាហ៊ាន ជិតច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ស្ថិតនៅភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង ក្នុង១ថ្ងៃៗ បានប្រមាណ២៥០ ទៅ៣០០តោន។

ក្រុមអាជីវករ បានឲ្យដឹងថា ស្រូវដឹកមកពីខេត្តព្រៃវែង និងស្រូវខេត្តស្វាយរៀង គឺស្រូវអ៉ីអ៊ែរ បើទិញពីប្រជាកសិករនៅខេត្តព្រៃវែង ឬខេត្តត្បូងឃ្មុំ ១គីឡូក្រាមតម្លៃ៦៥០ ទៅ៧០០រៀល តែបើទិញនៅខេត្តស្វាយរៀង ដឹកដល់ចំណតទូក ១គីឡូក្រាម តម្លៃ៧៥០រៀលទៅ៨០០រៀល ហើយតម្លៃនេះស្ថិតតាមពូជស្រូវ (ស្ងួត)។ បន្ទាប់មក បើលក់ទៅឲ្យវៀតណាម ១គីឡូក្រាម តម្លៃ៨៧០រៀល ខណៈស្រូវស្រែ ស្រូវស្មើ ស្រូវនាងម៉ិញ នាងអួក ម៉ុងម៉ាំង ស្មោងមាន់ ក្នុង១គីឡូក្រាម ៩០០រៀលទៅ៩៥០រៀល។

ស្រូវក្រអូបទិញក្រៅខេត្ត មកពីខេត្តព្រៃវែង ១គីឡូក្រាម តម្លៃ១,០០០រៀល ដឹកមកដល់កំពង់ទូក ១គីឡូក្រាម តម្លៃ១,១០០រៀល ទៅ១,១៥០រៀល ស្រូវផ្កាម្លិះ ១គីឡូក្រាម តម្លៃ១,២០០រៀលទៅ១,៣០០រៀល ហើយតម្លៃនេះគិតតាមពូជស្រូវ (ស្ងួត)។

លោក ថាច់ រតនា ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានឲ្យដឹងថា ស្រូវនាំចេញទៅប្រទេសវៀតណាម រយៈពេល១ខែ ដោយគិតចាប់ពីថ្ងៃទី១៦ ខែមិថុនា ដល់ថ្ងៃទី១៦ ខែកក្កដា ២០២០នេះ ស្រូវនាំចេញទៅប្រទេវៀតណាម តាមប្រឡាយទាហ៊ាន ជិតច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្លិ៍ ចំនួន៥,១៥០តោន។

លោកបន្តថា «នេះជាមោទនភាពសម្រាប់ប្រជាកសិករខ្មែរយើង បង្កបង្កើនផលស្រូវនៅរដូវប្រាំង ដែលបានច្រូតកាត់ចាប់ពីដើមខែមិថុនា រហូតមកដល់ខែកក្កដា ឆ្នាំ២០២០នេះ ប្រជាកសិករមានស្រូវអង្ករផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ហើយមានស្រូវនាំចេញទៅក្រៅប្រទេស ទោះបីមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ផ្ទុះនៅលើពិភពលោក និងនៅកម្ពុជាយើងក៏ដោយ រាជរដ្ឋាភិបាលបានគ្រប់គ្រងបានគ្មានជំងឺកូវី១៩ ឆ្លងតាមសហគមន៍ទេ ដូច្នេះប្រជាកសិករបានបង្កបង្កើនផលបាន មានទិន្នផលល្អប្រសើរ ហើយរដូវវស្សានេះ ប្រជាកសិករកំពុងបន្តធ្វើស្រែវស្សា និងដាំដំណាំយ៉ាងខ្លាំងផងដែរ»