(កណ្ដាល)៖ ពលរដ្ឋរស់នៅឃុំចំនួន៣ នៃស្រុកពញាឮ ខេត្តកណ្តាល គឺឃុំឈ្វាំង ឃុំជ្រៃលាស់ និងឃុំភ្នំបាត អមតាមផ្លូវជាតិ១៥១ ដែលទើបនឹងចាក់កៅស៊ូយ៉ាងស្រស់ស្អាត ពេលនេះទទួល បានការដាក់ប្រព័ន្ធលូរំដោះទឹកបន្ថែមទៀត ពីការឧបត្ថម្ភរបស់រដ្ឋមន្រ្តីក្រសួងធនធានទឹក ដើម្បីបញ្ជៀសការកកស្ទះទឹកជំនន់ណាមួយ និងការពារកុំឱ្យមានការខូចខាតផ្ល្លូវថ្នល់ផងដែរ។

កាលពីពេលថ្មីៗនេះលោក ថន សុវណ្ណា អភិបាលស្រុកពញាឮ បានដឹកនាំយុវជនសសយក ចុះជួយដាក់លូនៅតាមបណ្ដោយផ្លូវជាតិលេខ១៥១ ដើម្បីរំដោះទឹកចេញពីផ្លូវ ព្រោះថារដូវនេះជារដូវវស្សា មានភ្លៀងធ្លាក់ជាបន្តបន្ទាប់។

លោក ថន សុវណ្ណា បានឱ្យដឹងថា ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវជាតិលេខ១៥១ ដែលស្ថិតក្នុងទីតាំងខាងលើ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកពញាឮ និងក្រុមការងារ បានធ្វើការចាក់កៅស៊ូ DBST ប្រវែងជិត ១២គីឡូម៉ែត្រ។

បន្ទាប់ពីចាក់កៅស៊ូរួចរាល់ លោករដ្ឋមន្ត្រីក៏បានពិនិត្យឃើញថា ផ្លូវនេះប្រសិនបើគ្មានប្រព័ន្ធលូរំដោះទឹកនោះទេ ផ្លូវនេះនឹងឆាប់ខូចវិញមិនខានឡើយ ហើយលោកក៏បានជួយឧបត្ថម្ភលូ នៅតាមបណ្ដោយផ្លូវនេះ ដែលមានប្រវែងជាង ១២គីឡូម៉ែត្រ ដាក់សងខាងផ្លូវ។

ប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវជាតិលេខ១៥១ មានការអបអរសាទ និងសប្បាយរីករាយជាខ្លាំង នៅពេលដែលទទួលបានផ្លូវដ៏ស្រស់ស្អាត និងមានប្រព័ន្ធលូរំដោះទឹកនៅពេលនេះ និងបានថ្លែងអំណរគុណលោក លឹម គានហោ និងក្រុមការងារទាំងអស់ ព្រោះថាផ្លូវនេះពីមុនមកមានការលំបាកក្នុងការធ្វើដំណើរខែប្រាំង ដីហុយខ្លាំង ខែវស្សា មានភក់ជ្រាំពិបាកធ្វើដំណើរ និងដឹកកសិផលផងដែរ។

លោកអភិបាលស្រុក បានបន្ថែមថា មិនត្រឹមតែប្រជាពលរដ្ឋមានការសប្បាយរីករាយនោះទេ គឺប្រជាពលរដ្ឋបានចូលរួម និងបរិច្ចាគ ប្រសិនបើការដាក់លូរនេះប៉ះពាល់ដល់របងផ្ទះ តូប ឬដើមឈើនានា ពួកគាត់បានបរិច្ចាក និងលះបង់ ហើយពួកគាត់បានចេញលុយថ្លៃរីហ្គា នៅមុខផ្ទះរបស់គាត់រៀងៗខ្លួន ដើម្បីឲ្យការដាក់លូនេះទទួលបានជោគជ័យផងដែរ។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលអមសងខាងផ្លូវ ក៏ដូចជាអ្នកដែលប្រើប្រាស់ផ្លូវនេះ សូមចូលរួមថែរក្សាផ្លូវនេះឲ្យបាន កុំដឹកលើសទម្ងន់ សម្អាតអនាម័យតាមផ្លូវ កុំឲ្យស្ទះលូ ដើម្បីឲ្យផ្លូវនេះប្រើប្រាស់បានយូអង្វែង ពិសេសត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក មិនត្រូវបើកបរលើសល្បឿនកំណត់ ចេះយោគយល់អធ្យាស្រ័យគ្នាក្នុងការបើកបរ ស្រវឹងសូមកុំបើកបរ បើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាព ជិះរថយន្តត្រូវដាក់ខ្សែក្រវាត៕