(ស្ទឹងត្រែង)៖ ក្រោយពីទទួលបានការផ្សព្វផ្សាយទូលំទូលាយពាក់ព័ន្ធផ្លូវច្បាប់ និងគោលនយោបាយភូមិ-ឃុំសុវត្ថិភាពរួចមក នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០២នេះ ប្រជាពលរដ្ឋនៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង បានប្រគល់អាវុធកែច្នៃ ៣៩ដើម ដើម្បីយកមកប្រគល់ឱ្យសមត្ថកិច្ចតកទៅរក្សាទុក។

បើតាមលោកវរសេនីយ៍ឯក ទេស ភាលាប អធិការអធិការស្រុកសេសាន បានឱ្យដឹងថា បន្ទាប់ពីមានផែនការពីរគណៈបញ្ជាការឯកភាពខេត្តក៏ដូចជាស្នងការដ្ឋាននគរបាលខេត្តកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុក បានសហការជាមួយអាជ្ញាធរភូមិ-ឃុំ-ប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងស្រុកសេសាន បានចុះផ្សព្វផ្សាយជូនប្រជាពលរដ្ឋអំពីការទុកថែរក្សាអាវុធ គឺជាការខុសច្បាប់។

វរសេនីយ៍ឯក ទេស ភាលាប បានបន្តថា ក្រោយពីមានការផ្សព្វផ្សាយប្រជាពលរដ្ឋមានការយល់ដឹងភ្ញាក់រលឹក បានប្រគល់អាវុធជូនមកសមត្ថកិច្ចជំនាញតាមបណ្ដាលប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧ នៃអធិការដ្ឋាននគរបាលស្រុកសេសានចំនួន ៣៩ដើម។

អធិការស្រុករូបនេះ បានបន្ថែមថា ការប្រគល់អាវុធនេះ គឺជាការយល់ដឹងរបស់ប្រជាពលរដ្ឋ ដែលបានចូលរួមថែរក្សាសន្តិសុខសុវត្ថិភាពសង្គមនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីទទួលបានភូមិ ឃុំ មានសុវត្ថិភាព។ អាវុធទាំង៣៩ដើម ក្នុងនោះមាន៖ K44 ១ដើម, AK47 ២ដើម, CKC ១ដើម, កាណុងទទេ ២ដើម, ស្នាតេះ ១ដើម, អាវុធកែច្នៃ ៣២ដើម។

បច្ចុប្បន្នអាវុធចំនួន ៣៩ដើម ខាងលើការិយាល័យអាវុធជាតិផ្ទុះ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីបន្តតាមនីតិវិធី៕