(រតនគិរី)៖ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី បានបើកកិច្ចប្រជុំត្រួតពិនិត្យលើវឌ្ឍនភាពនានា ក្នុងការអនុវត្តផែនការ សកម្មភាពខេត្តស្តីពី ការផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទ ឆ្នាំ២០១៩-២០២៣ ក្រោមកិច្ចដឹកនាំរបស់លោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍនជនបទខេត្តរតនគិរី។

ក្នុងកិច្ចប្រជុំនេះ លោក អៀម អឿន បានលើកឡើងពីលទ្ធផលអនុវត្តបានក្នុង ឆមាសទី១ ឆ្នាំ២០២០នេះ ក្នុងនោះបានជួសជុលអណ្តូងស្នប់ចំនួន២១អណ្តូង, បានពិនិត្យគុណភាពទឹកចំនួន ១៩សំណាក់, បានចុះប្រមូលទិន្នន័យអ្នកប្រើប្រាស់ទឹកមានសុវត្ថិភាពចំនួន១៣ភូមិ, បានចុះតាមដានការសាងសង់អាងត្រងទឹកភ្លៀង ក្នុងគម្រោងទឹកស្អាត ឆ្នាំ២០១៩ បាន១០០%។ សរុបជារួមបានផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតកម្រិតមូលដ្ឋាន ក្នុងខេត្តមាន៤៨%, សេវាអនាម័យ ៥៥% និងភូមិបញ្ឈប់បន្ទោរបង់ពាសវាលពាសកាល ចំនួន៣៤ភូមិក្នុងស្រុកអូរជុំ។

លោក អៀម អឿន ក៏បានលើកពីគោលបំណងនៃកិច្ចប្រជុំនេះ ជាការពង្រឹងតួនាទីភារកិច្ចរបស់ក្រុមការងារបច្ចេកទេសផ្គត់ផ្គង់ទឹកស្អាត និង អនាម័យជនបទ ព្រមទាំងបូកសរុបការងារឆមាសទី១ ឆ្នាំ២០២០ និងពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តសកម្មភាពរបស់មន្ទីរ និងអង្គការដៃគូរ និងធ្វើការចែករំលែកបទពិសោធន៍នានាពាក់ព័ន្ធ និងបញ្ហាប្រឈម និងដំណោះស្រាយក្នុងការអនុវត្តការងារ និងធ្វើការពង្រឹងចំណងទំនាក់ទំនងឱ្យកាន់តែប្រសើរឡើងរវាងស្ថាប័ន អង្គការ សហគមន៍ដែលពាក់ព័ន្ធ។

លោកបានគូសបញ្ជាក់ថា ការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅជនបទ គឺជាផ្នែកមួយយ៉ាងសំខាន់ដែលមិនអាចខ្វះបាន ក្នុងការធ្វើឱ្យប្រសើរឡើងនូវកម្រិតជីវភាព នៃការរស់នៅរបស់ប្រជាពលរដ្ឋស្របទៅតាមគោលនយោបាយកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានយល់ច្បាស់ពីផលប៉ះពាល់អវិជ្ជមាន នៃកង្វះខាតការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យល្អនៅជនបទរាជរដ្ឋាភិបាល ក៏ដូចជាបណ្តាដៃគូរអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិនានា បានយកចិត្តទុកដាក់ខ្ពស់ក្នុងការរិះរកនូវយុទ្ធសាស្ត្រគន្លឹះផ្សេងៗ ដើម្បីវិភាគអំពីលទ្ធភាព នៃប្រភពធនធានធ្វើយ៉ាងណាសម្រេចឱ្យបាននូវគោលដៅ ឆ្នាំ២០២៣ សម្រេចឱ្យបាន៩០% នូវអត្រាផ្គត់ផ្គង់ទឹកស្អាត និងអត្រាគ្របដណ្តប់អនាម័យឱ្យបាន ៩០% ហើយលើសពីនេះទៅទៀត គឺការសម្រេចឱ្យខានតែបាននូវទស្សនវិស័យរបស់រាជរដ្ឋាភិបាល «នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យគ្រប់គ្រាន់ព្រមទាំងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យប្រកបដោយនិរន្តរភាព»