(កំពង់ធំ)៖ ជម្លោះរវាងកម្លាំងចម្រុះរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ និងកម្លាំងអធិការដ្ឋានខាងជើងបឹទន្លេសាប និងប្រជាពលរដ្ឋនៅតំបន់ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើឡើងវិញ «អន្លុងថ្ម» ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ រហូតមានការផ្ទុះអាវុធចំនួន២២គ្រាប់ កាលពីថ្ងៃទី១៦ ខែកក្តដា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ។ 

ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ប្រជាពលរដ្ឋបានឲ្យដឹងថា ហេតុការណ៍ផ្ទុះអាវុធនេះនៅវេលាម៉ោងប្រមាណជាង ៤រសៀល ដោយមានកម្លាំងរដ្ឋបាលព្រៃឈើជាច្រើននាក់ នៅកន្លែងដីតំបន់ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើឡើងវិញ «អន្លុងថ្ម»។

មូលហេតុដែលនាំឲ្យមានការផ្ទុះអាវុធខាងលើនេះ ដោយសារក្រុមមន្រ្តីរដ្ឋបាលព្រៃឈើ បានចោទទៅកាន់ប្រជាពលរដ្ឋថា បានកាន់កាប់ដីនៅតំបន់ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើឡើងវិញ «អន្លុងថ្ម» ដោយខុសច្បាប់ ខណៈប្រជាពលរដ្ឋវិញអះអាងថា ពួកគាត់បានកាន់កាប់ដីនេះយូរឆ្នាំគ្រាន់បើ រហូតមានការដាំដុះជាដំណំាផ្សេងៗទៀតផង។

ប្រជាពលរដ្ឋចំនួន២នាក់ ដែលត្រូវកម្លាំងរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ និងកម្លាំងអធិការដ្ឋានខាងជើងបឹងទន្លេសាប វាយខ្នោះបានបញ្ជាក់ថា ខាងកងកម្លាំងរដ្ឋបាលព្រៃឈើបានចោទថា ការតវ៉ារបស់ពួកគាត់នេះ គឺរារាំងការធ្វើការងាររបស់សមត្ថកិច្ច។ នៅក្នុងហេតុការណ៍នោះ ប្រជាពលរដ្ឋបានចោទទៅកាន់ក្រុមមន្រ្តីរដ្ឋបាលព្រៃឈើថា បានប្រើហិង្សាលើពួកគាត់ មុនរុញបញ្ចូល នៅក្នុងរថយន្ត។

បើតាមប្រជាពលរដ្ឋ, មន្ត្រីដែលវាយលោកនោះគឺឈ្មោះ ហេង ទ្រី ជាមន្រ្តីជាប់កិច្ចសន្យារដ្ឋបាលព្រៃឈើ។ ប្រជាពលរដ្ឋផ្សេងទៀត ដែលឃើញហេតុការណ៍នេះ ក៏បានបបួលគ្នា ទៅសុំអ្នកទាំងពីរនេះវិញ តែសមត្ថកិច្ចមិនឲ្យហើយឈានដល់ប្រកែកគ្នាទៅវិញទៅមក ខណៈនោះកងកម្លាំងបានស្រែកទៅកាន់ក្រុមប្រជាពលរដ្ឋថា «ហ៊ានចូលម្នាក់បាញ់ម្នាក់»។

ពេលនោះ ក្រុមប្រជាពលមកកាន់តែច្រើនឡើងៗ ស្របពេលនោះ ក៏លឺសម្លេងផ្ទុះគ្រាប់កាំភ្លើងចំនួន២គ្រាប់ផ្ទួនៗគ្នា នៅម៉ោងប្រហែលជា៤រសៀល។ ឮដូច្នេះក្រុមប្រជាពលរដ្ឋស្មានតែបាញ់ ត្រូវមនុស្ស ហើយបាននាំគ្នាចូលទៅ ស្រាប់តែមានការផ្ទុះអាវុធជាបន្តបន្ទាប់រហូតដល់២២គ្រាប់។

ជុំវិញករណីនេះ លោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ប្រាប់អ្នកសារព័ត៌មានថា ក្នុងហេតុការណ៍នេះដែរ មន្រ្តីរបស់លោកម្នាក់ បានរងរបួសដោយសារក្រុមប្រជាពលរដ្ឋ គប់នឹងពូថៅ ខណៈដែលមន្រ្តីរបស់លោកកំពុងនៅក្នុងរថយន្ត។

លោកបន្តថា ចំពោះករណីផ្ទុះអាវុធនេះ គឺមន្រ្តីរបស់លោកបាញ់ការពារខ្លួន បំបែកក្រុមប្រជាពលរដ្ឋ ព្រោះប្រជាពលរដ្ឋចេញមកពីចំការស្វាយចន្ទីរប្រដាប់ដោយកាំបិទ ពូថៅ តែហេតុការណ៍នេះ មិនធ្វើប្រជាពលរដ្ឋណាម្នាក់រងបួសឡើយ។ លោកសុំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តច្បាប់ និងធ្វើការតវ៉ាដោយសន្តិវិធី ប្រសិនមានករណីណាដែលមិនឯកភាព៕