(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបញ្ចុះតម្លៃប្រឡងថ្នាក់ជាតិ សម្រាប់និស្សិតពេទ្យ ពី៥០ម៉ឺនរៀល មកនៅត្រឹម១០ម៉ឺនរៀលដើម្បីជួយសម្រួល និងកាត់បន្ថយការចំណាយ របស់និស្សិតបានមួយកម្រិតទៀត។
ការប្រកាសផ្តល់កាដូជូននិស្សិតពេទ្យខាងលើនេះ របស់ប្រមុខនៃរាជរដ្ឋាភិបាល បានធ្វើឡើងក្រោយពីសម្តេចតេជោ បានទទួលសារតាម Facebook របស់និស្សិតម្នាក់ ដែលសុំឲ្យជួយអន្តរាគមន៍ បញ្ចុះតម្លៃពេលប្រឡងថ្នាក់ជាតិ ដែលបច្ចុប្បន្នមានរហូតទៅដល់៥០ម៉ឺនរៀល ។
នៅលើ Facebook Page របស់សម្តេចដែលចេញផ្សាយនូវប៉ុន្មាននាទីមុននេះ នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា «នៅថ្ងៃនេះ ក្រោយពីបានទទួលសំណើរ របស់យុវសិស្ស Darapiseth Sokha ដែលបានផ្ញើមកខ្ញុំតាម Facebook សុំការបញ្ចុះតម្លៃសម្រាប់ការប្រឡងចេញថ្នាក់ជាតិ សម្រាប់វិស័យសុខាភិបាល ដែលត្រូវបង់ថវិកា ៥០០,០០០ រៀល គឺបានធ្វើអោយខ្ញុំយល់កាន់ តែច្បាស់អំពីស្ថានភាពសិក្សា និងស្ថានភាពរស់នៅរបស់និស្សិតយើង ដែលខ្ញុំត្រូវតែដោះស្រាយជាបន្ទាន់។ ក្រោយពីខ្ញុំបានពិភាក្សា ជាមួយរដ្ឋមន្រ្តីក្រសួងសុខាភិបាល ហើយនៅថ្ងៃនេះ គឺខ្ញុំបានសម្រេចបញ្ចុះតម្លៃជូននិស្សិត នៅត្រឹម ១០០,០០០ រៀល»។
សម្តេចបានសរសេរទៀតថា «ខ្ញុំសង្ឃឹមថានិស្សិតចំនួន ១៤៣៣នាក់ នឹងបានធូរស្រាលមួយកម្រិតធំ ចំពោះការការបញ្ចុះតម្លៃខាងលើនេះ ហើយនឹងបាននៅសល់ថវិកាមួយចំនួន សម្រាប់យកទៅដោះស្រាយ លើជីវភាបរស់នៅ អោយបានប្រសើរឡើង។ នេះជាការឆ្លើយតបជាបឋមទៅកាន់ក្មួយៗ និស្សិតដែលបានស្នើមកខ្ញុំ។ ឯចម្លើយផ្លូវការនឹងត្រូវចេញ ដោយសេចក្តីជូនដំណឹងរបស់ ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីស្ថាប័នមានសមត្ថកិច្ចយកទៅអនុវត្តន៍។ ខ្ញុំសូមកោតសសើរ ឯកឧត្តមរដ្ឋមន្ត្រី ម៉ម ប៊ុនហេង ដែលបានយកចិត្តទុកដាក់ ដោះស្រាយសំណូមពររបស់ ក្មួយៗនិស្សិតតាមរយៈចូលពិនិត្យមើល ការលើកនូវមតិនាៗក្នុង Facebook របស់ខ្ញុំ។ ខ្ញុំសូមជូនពរនិស្សិតខ្មែរទាំងក្នុង និងក្រៅប្រទេសជួបតែសំណាងល្អ និងមានអនាគតល្អគ្រប់ៗគ្នា!»៕