(ភ្នំពេញ)៖ នៅគ្រាដែលប្រទេសកម្ពុជា កំពុងតែរីកចម្រើនលូតលាស់ជាលំដាប់នោះ វិស័យអចលនទ្រព្យ ត្រូវបានគេមើលឃើញថា កំពុងរីកលូតលាស់យ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ន ពិសេសការសាងសង់ខុនដូរ សម្រាប់បំពេញតម្រូវការភ្ញៀវអន្តរជាតិ ក៏បាននិងកំពុងកើនឡើងយ៉ាងគំហុក រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
គម្រោងខុនដូរជាច្រើន ត្រូវបានលេចឡើង នៅកម្ពុជា ពិសេសរាជធានីភ្នំពេញនោះ ដែលការលេចឡើងនេះ នាំឲ្យអ្នកវិភាគមួយចំនួនយល់ឃើញថា ចំនួននៃការសាងសង់នេះ អាចលើសពីតម្រូវការ ប៉ុន្តែសម្រាប់អ្នកជំនាញ វិស័យអចលនទ្រព្យ បានច្រានចោលនូវការលើកឡើងនេះ ហើយថាប្រទេសកម្ពុជា គឺត្រូវការសំណង់ខុនដូរ ច្រើនជាងសព្វថ្ងៃពី២-៣ដងទៀត។
ប្រធានសមាគមអ្នកវាយតំលៃ និងភ្ញាក់ងារអចលនទ្រព្យកម្ពុជា (CVEA) លោក គីម ហ៊ាង បានថ្លែងប្រកាសរៀបចំពិធី ប្រគល់លិខិតជូនក្រុមហ៊ុន TC Royal Manor Co, Ltd ដែលជា Diamond Sponsor របស់សមាគម សម្រាប់ឆ្នាំ២០១៦នេះ នៅថ្ងៃទី២២ ខែមករានេះថា ចំពោះការលើកឡើង របស់អ្នកវិភាគមួយចំនួន បារម្ភពីចំនួននៃការសាងសង់ខុនដូរ លើសពីតម្រូវការនោះ
គឺជារឿងមិនសមហេតុផលនោះទេ ព្រោះកម្ពុជាពិតជាត្រូវការចំនួន ខុនដូរច្រើនជាងនេះ ដើម្បីបំពេញតម្រូវការ របស់ជនជាតិបរទេស ហើយជារឿងល្អទៅវិញ ដែលបរទេសមកសង់ខុនដូរច្រើន នៅកម្ពុជា ពិសេសនៅពេលដែលប្រទេសអាស៊ានទាំង១០ ដែលបានធ្វើសមាហរណកម្មរួមគ្នា ដែលមានប្រជាជនសរុបជាង៦០០លាននាក់។
លោក គីម ហ៊ាង បានថ្លែងឲ្យដឹងថា «មានយោបល់អវិជ្ជមានមួយចំនួន គាត់គិតថាការសាងសង់ខុនដូរ រាល់ថ្ងៃដូចជាលើសពីអ្វីដែល ប្រជាជនត្រូវការ។ ខ្ញុំទទួលស្គាល់ចំណុចមួយផ្នែកបើយើងនិយាយថា ចំនួនខុនដូរដែលកំពុងសាងសង់ និងលើសពីតម្រូវការរបស់ ប្រជាជនក្នុងស្រុក គឺជារឿងពិត ប៉ុន្តែបើសិននិយាយថា គម្រោងខុនដូរលើសសមា្រប់តំបន់អាស៊ានទាំងមូល គឺមិនទាន់ត្រឹមត្រូវទេ
ពីព្រោះថាកម្ពុជាបច្ចុប្បន្ន ស្ថិតនៅក្នុងតំបន់អាស៊ាន ជាមួយនឹង១០ប្រទេសដោយមានប្រជាជនសរុបជាង ៦០០លាននាក់។ អីចឹងនៅពេល ដែលទីផ្សារអាស៊ានបើក ប្រជាជននៅអាស៊ានជាច្រើន មកវិនិយោគទុនស្រុកខ្មែរ មករកស៊ីនិងធ្វើការដូច្នេះចំនួនខុនដូរប៉ុណ្ណឹងមិនទាន់ គ្រប់គ្រាន់នៅឡើយទេ ដូច្នេះទីផ្សារយើងអាចទទួលការ សាងសង់ប្រហែលពីរទៅបីដងពីលើនេះទៀត។ អ្វីដែលសំខាន់ជាងគេ មិនមែនចំនួនខុនដូរ តិចឬច្រើនទេ សំខាន់ឲ្យមានបរទេសជាច្រើនមកនិវិយោគទុននៅប្រទេសកម្ពុជាយើង»។
អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន TK Royal One លោក Chiu Chen -Yi ដែលជាក្រុមហ៊ុនដែលកំពុងវិនិយោគខុនដូរ The Royal One ស្ថិតនៅមហាវិថីសហព័ន្ធរុស្សី ទុលមុខសលកវិទ្យាល័យភូមិន្ទភ្នំពេញ និងជាអ្នកមានបទពិសោធន៍លើវិស័យខុនដូរ បានលើកឡើងផងដែរថា ការវិនិយោគវិស័យខុនដូរនៅកម្ពុជា ពិតជាត្រូវការបន្ថែមទៀត ព្រោះការវិនិយោគនេះ មិនមែនតែរយៈពេលខ្លីនោះទេ គឺជាការគិតក្នុងរយៈពេលវែង ហើយការសាងសង់ខុនដូរ ភាគច្រើនគឺជាវិនិយោគិនបទេស ដែលនិងជួយដល់កំណើន នៃសេដ្ឋកិច្ចកម្ពុជា តាមរយៈវិស័យសំណង់។
ដោយឡែកលោក Chiu Chen -Yi បានបញ្ជាក់ថា គម្រោងខុនដូរ The Royal One ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអតិថិជន ដែលរហូតមកដល់ពេលនេះ គម្រោងបានលក់អស់៦៥ភាគរយ ដោយ១០-១៥ភាគរយ ជាអតិថិជនខ្មែរ។
ពាក់ព័ន្ធទៅនឹងវិស័យខុនដូរនេះផងដែរ ប្រធានសមាគម លោក គីម ហ៊ាង បានឲ្យដឹងថា នៅឆ្នាំ២០១៦ សន្ទុះនៃការសាងសង់ខុនដូរ កំពុងតែរីកចំរើនយ៉ាងខ្លាំង បើធៀបទៅនឹងឆ្នាំ២០១៥ ដោយគ្រប់ទីកន្លែងសុទ្ធ តែមានការសាងសង់ខុនដូរ ដែលនេះវាជាសញ្ញាល្អមួយ បង្ហាញឲ្យឃើញថា បរទេសចាប់អារម្មណ៍ប្រទេសកម្ពុជា ជាអ្វីដែលរាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនកម្ពុជាចង់បាន ដើម្បីភាពរីកចម្រើន របស់សង្គមទាំងមូល។
រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និង សំណង់ លោក អ៉ឹម ឈុនលឹម បានធ្លាប់បានលើកឡើងថា នៅឆ្នាំ២០១៥កន្លងទភ គឺជាឆ្នាំនៃការអភិវឌ្ឍនអាគារ Condominium និង Apartments ។ ទុនវិនិយោគលើសំណង់អគារខ្ពស់ៗ ដែលមានកម្ពស់ចាប់ពី១០ជាន់ ដល់៥៥ជាន់ មានចំនួន៥៦អគារ មានតម្លៃទុនវិនិយោគប្រមាណ ១៥៨១ លានដុល្លារអាមេរិក ស្មើនឹងទុនវិនិយោគ ៥៤ភាគរយនៃទុនវិនិយោគសរុប៕