(ភ្នំពេញ)៖ អនុវត្តតាមបញ្ជារបស់ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១១) បានបើកការស៊ើបអង្កេតស្រាវជ្រាវ និងឈានទៅបង្រ្កាបក្រុមជួញដូរគ្រឿងញៀនយ៉ាងសកម្ម នៅចំណុចបន្ទប់ផ្ទះជួលលេខ៥០៥ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្នុងប្រតិបត្ដិការ ចុះបង្រ្កាបក្រុមជួញដូរគ្រឿងញៀនយ៉ាងសកម្ម នៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញនេះ ដឹកនាំដោយលោក ស៊ី ផល្លា នាយករងមន្ទីរ, លោក សេង ឃុនណាង នាយការិយាល័យ ក១១ និងមានការសម្របសម្រួលពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង១៦៖៣០នាទី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០។
ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យ២នាក់៖ ឈ្មោះ សំ សម្បត្តិ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ផាន់ សុធា ភេទប្រុស អាយុ២២ ជនជាតិខ្មែរ។ វត្ថុតាង ចាប់យកបាន៖ មេតំហ្វេតាមីន (ICE) ទម្ងន់៨៥៣.៧៨ក្រាម, អ៊ិចស្តាស៊ី (MDMA) ទម្ទន់៤០.២៣ក្រាម និងសារធាតុញៀនសរុប ទម្ងន់៨៩៤,០១ក្រាម។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕