(ភ្នំពេញ)៖ វិធានការចាំបាច់មួយចំនួនត្រូវបានដាក់ចេញដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីឆ្លើយតបនឹងគ្រោះទឹកជំនន់ ដែលអាចនឹងកើតមាននៅក្នុងរដូវវស្សាឆ្នាំ២០២០នេះ។ វិធានការនេះត្រូវបានដាក់ចេញក្នុងកិច្ចប្រជុំរៀបចំផែនការបម្រុងឆ្លើយតបនឹងគ្រោះមហន្តរាយ និងការប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ «វេទិកាប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ (ព្រីស៉ឹម PRISM)» នៅថ្ងៃចុងសប្តាហ៍នេះ។
លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងក្នុងពិធីនោះថា ការរៀបចំផែនការឆ្លើយតបជាមួយគ្រោះមហន្តរាយ ក៏ដូចជាគ្រោះទឹកជំនន់នៅក្នុងរដូវវស្សានេះ គឺជារឿងចាំបាច់ និងត្រូវយកចិត្តទុកដាក់ ដើម្បីបញ្ចៀសគ្រោះថ្នាក់ធ្ងន់ធ្ងរលើប្រជាពលរដ្ឋ។
ដើម្បីត្រៀមឆ្លើយតបនឹងគ្រោះមហន្តរាយ ក៏ដូចជាគ្រោះទឹកជំនន់នេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានប្រកាសដាក់ចេញនូវវិធានការចាំបាច់មួយចំនួនដែលត្រូវយកចិត្តទុកដាក់។ វិធានការចាំបាច់ដែលត្រូវយកចិត្តទុកដាក់នោះរួមមាន៖ ការប្រកាសឱ្យដឹងមុនអំពីគ្រោះទឹកជំនន់ដែលនឹងកេីតមាន, ត្រៀមកម្លាំងមធ្យោបាយ សម្ភារៈ ដេីម្បីសង្គ្រោះប្រជាពលរដ្ឋងាយរងគ្រោះ, កាត់បន្ថយហានិភ័យឱ្យនៅកម្រិតទាបបំផុត និងការចាត់វិធានការស្តារឡេីងវិញក្រោយទឹកស្រក។
ពាក់ព័ន្ធនឹងការប្រើប្រាស់ប្រព័ន្ធ «វេទិកាប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ (ព្រីស៉ឹម PRISM)»វិញ លោកទេសរដ្ឋមន្ត្រី បានស្នើដល់គ្រប់នាយកដ្ឋានពាក់ព័ន្ធ ជួយពិនិត្យ និងផ្ដល់យោបល់បន្ថែមទៅលើចំណុចដែលត្រូវកែលម្អឱ្យកាន់តែល្អប្រសើរ ឆ្លើយតបនឹងស្ថានភាព និងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំរបស់ថ្នាក់ដឹកនាំ និងមន្ត្រី នៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ ដែលបានក៏សាងផែនការនេះស្របតាមផែនការយុទ្ធសាស្ត្រជាតិ និងបានប្រមូលធាតុចូលពីក្រសួងស្ថាប័ន និងអង្គការដៃគូពាក់ព័ន្ធ សំដៅរួមគ្នាកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយទឹកជំនន់ ជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋ៕