(ភ្នំពេញ)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានបន្តចុះផ្សព្វផ្សាយ និងអប់រំជូនដល់ប្រជាពលរដ្ឋរស់នៅ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឲ្យបានយល់កាន់តែច្បាស់ពីវិធីសាស្រ្តការពារ និងទប់ស្កាត់ពីជំងឺកាចសាហាវកូវីដ១៩ រួមជាមួយនឹងការផ្តល់ជាអំណោយថ្នាំពេទ្យជូនដល់អ្នកដែលកើតជំងឺផ្សេងៗប្រចាំកាយ ហើយការងារមនុស្សធម៌នេះត្រូវបាន រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តដាក់យ៉ាងខ្លាំងផងដែរ។

ការបន្តចុះអប់រំជូនប្រជាពលរដ្ឋពីវិធីសាស្ត្រទប់ស្កាត់ និងការពារជំងឺកូវីដ១៩ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ធ្វើឡើងនាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺនេះ ក្រោមការដឹកនាំដោយលោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ជាអនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកឱរ៉ាល់ ទទួលបន្ទុក៣ឃុំ។

ដំណើរចុះអប់រំដល់ប្រជាពលរដ្ឋស្តីពីបញ្ហាកូវីដ១៩នេះ ក៏មានការសហការដោយ៖ លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ឆាយ ថន ប្រធានក្រុមការងារថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកំពង់ស្ពឺ, សាខាសកម្មជនក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ, លោក មួង ធី អភិបាលស្រុកឱរ៉ាល់ ប្រធានគណបក្សស្រុក, លោកវេជ្ជបណ្ឌិត គីន ប៊ុនលី ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំហោងសំណំ លោក ពាង ផារ័ត្ន ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំរស្មីសាមគ្គី, សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកឱរ៉ាល់ និងក្រុមការងារវេជ្ជបណ្ឌិតជំនាញ ចំនួន៥៩នាក់។

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដែលដឹកនាំដោយលោក លេង ផាលី ក៏បានណែនាំដល់ប្រជាពលរដ្ឋពីរបៀប នៃការលាងដៃនឹងអាល់កុល ជាមួយនឹងការបង្រៀនពាក់ម៉ាស ដើម្បីធ្វើយ៉ាងណាការពារ និងទប់ស្កាត់មេរោគចូលក្នុងខ្លួន រួមជាមួយនឹងវិធីទប់ស្កាត់មេរោគចូលក្នុងខ្លួនមួយចំនួនផ្សេងទៀតផងដែរ។

ក្រៅពីនេះក្រុមការងារក៏បានណែនាំ ឲ្យបងប្អូនប្រជាពលរដ្ឋ ឲ្យមានការរស់នៅស្អាតដោយមានអនាម័យល្អ ជាមួយនឹងការគេងស្អាត ហូបស្អាត ដើម្បីធ្វើយ៉ាងណាឲ្យពួកគាត់យល់កាន់តែច្បាស់ អំពីការថែទាំសុខភាព ចៀសផុតពីជំងឺកូវីដ១៩ និងជំងឺផ្សេងៗទៀត ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋបានដឹងច្បាស់ពីវិធីរស់នៅឲ្យមានអនាម័យល្អ ដែលមានគោលបំណងធំបំផុតនោះគឺ ចង់ឃើញប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ និងក្នុងន័យលើកកម្ពស់វិស័យសុខាភិបាលមួយកម្រិតផងដែរ។

ក្រុមការងាគ្រូពេទ្យលោក ហ៊ុន ម៉ានី បាននាំយកអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានី តំណាងរាស្រ្តនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចែកថ្នាំពេទ្យ និងពិនិត្យព្យាបាលជំងឺផ្លូវចិត្ត, សន្លាក់ឆ្អឹង, ក្រពះ, ពោះវៀន និងជំងឺទូទៅ និងមានការចែកថ្នាំ មុលទីវីតាម៉ីន និងវីតាម៉ីនសេ ព្រមទាំងការចែកជូណ នំបុ័ង២០០ដើម, ទឹកសុទ្ធ៤០០ដប, ម៉ាស៊ីនវាស់កម្តៅ២គ្រឿង, ទឹកអាល់កុល និងដបបាញ់ធំ ចំនួន១៣០ដប, ម៉ាស់ ចំនួន១៣ប្រអប់ ស្មើនឹង៦៥០ម៉ាស់, សាប៊ូចំនួន២៥០ដុំ, ក្រដាស់រូបភាពផ្សព្វផ្សាយអំពីការថែរក្សាអនាម័យ និងវិធីទប់ស្កាត់កូវីដ១៩ ចំនួន៣០០សន្លឹក ជូនប្រជាពលរដ្ឋចំនួន៨៩គ្រួសារ ដែលមានប្រជាពលរដ្ឋចំនួន១២៦នាក់ តាមខ្នងផ្ទះនៅតំបន់ដាច់ស្រយ៉ាល ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ៕