(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី ប្រធានក្រុមការងារចុះជួយស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០នេះ បានធ្វើជាអធិបតីភាព ក្នុងពិធីប្រជុំឆ្លងរបាយការណ៍បូកសរុប និងកែសម្រួលសមាសភាពគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្យន៍មាតុភូមិកម្ពុជា ស្រុកកំពង់ស្វាយ។
ពិធីនេះធ្វើឡើងនៅស្នាក់ការគណបក្សប្រជាជាជនកម្ពុជាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមានការចូលរួមពីសមាជិក សមាជិកាគណបក្សស្រុក ឃុំជិត ១០០នាក់។
លោកស្រីបានលើកឡើងនូវមតិស្វាគមន៍ និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំស្រុក ឃុំ និងការរីកចម្រើនលើគ្រប់វិស័យ។ លោកស្រី បានបន្ថែមថា ក្នុងបរិបទប្រទេសកម្ពុជា ការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ មានគោលបំណងសំខាន់ៗចំនួន៣ រួមមាន៖
* ទី១៖ ពង្រឹងតួអង្គ ដ៏សំខាន់ក្នុងការដឹកនាំ គ្រប់គ្រងរដ្ឋបាលមូលដ្ឋានតាមគោលការណ៍ អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
* ទី២៖ ដើម្បីលើកកម្ពស់គុណភាព និង ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានតាមរយៈការនាំមកនូវការផ្លាស់ប្តូរប្រព័ន្ធ និងរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលនៅថ្នាក់មូលដ្ឋានស្របតាមគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សំដៅផ្ទេរសិទ្ធិអំណាច មុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅកៀកជិតប្រជាពលរដ្ឋមានលទ្ធភាពមានភាពម្ចាស់ការ និងការទទួលខុសត្រូវច្បាស់លាស់ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ដើម្បីឆ្លើយតប ទៅនឹងតម្រូវការ និងដោះស្រាយនូវបញ្ហាប្រឈមជាក់ស្តែងនានារបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ ឱ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព តម្លាភាព គណ នេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។
* ទី៣៖ លើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងការធ្វើសេចក្តី សម្រេចពាក់ព័ន្ធនឹងការគ្រប់គ្រង ដឹកនាំ និងអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន សំដៅចូលរួមកាត់បន្ថយភាព ក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋផងដែល។
ចុងក្រោយលោកស្រីបានផ្តាំផ្ញើដល់សមាជិក សមាជិកាទាំងអស់ត្រូវខិតខំបម្រើប្រជាពលរដ្ឋដោយយកចិត្តទុកដាក់ និងទាន់ពេលវេលា ព្រមទាំងថែរក្សាសុខភាពមានអនាម័យ ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល៕