(ភ្នំពេញ)៖ ស្ត្រីខ្មែរមានសញ្ជាតិអាមេរិកាំងមួយរូបឈ្មោះ រ៉ូស វីរ៉ា អាយុ ៣៧ឆ្នាំ បានលួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័កក្នុងសណ្ឋាគារមួយកន្លែងក្នុងរាជធានីភ្នំពេញ នាំឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ បើទោះបីជាយ៉ាងសមត្ថកិច្ច និងក្រុមគ្រូពេទ្យជំនាញ បានព្យាយាមស្វះស្វែងរកឃើញស្រ្តីរូបនេះវិញនៅយប់ថ្ងៃទី១៨ ខែកក្កដា ពេលសម្ងំលាក់ខ្លួននៅឯក្រុងកំពង់ចាម។
ស្ត្រីរូបនេះ ក៏ត្រូវបាននាំយកទៅធ្វើចត្តាឡីស័កឡើងវិញផងដែរ។ ខាងក្រោមនេះជាបទសម្ភាសន៍មួយរវាងអង្គភាពព័ត៌មាន Fresh News និងលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ជុំវិញការរត់គេចខ្លួនរបស់ស្រ្តីរូបនេះ៖
Fresh News៖ តើស្ត្រីអនិកជនខ្មែរ-អាមេរិចកាំងរូបនេះ នៅបន្តធ្វើចត្តាឡីស័កនៅខេត្តកំពង់ចាម ឬយកមកភ្នំពេញ? ព្រោះឮថា ក្រសួងសុខាភិបាលយកគាត់មកធ្វើចត្តាឡីស័កនៅភ្នំពេញ?
លោកស្រី ឱ វណ្ណឌី៖ ស្ត្រីរូបនោះ ត្រូវបានដាក់ធ្វេីចត្តាឡីស័កនៅខេត្តកំពង់ចាមចំនួន១៤ថ្ងៃ នៅក្នុងសណ្ឋាគារមួយដែលបានរៀបចំឡេីងដោយអាជ្ញាធរខេត្ត។
Fresh News៖ តេីកន្លងមកធ្លាប់មានករណីរត់ចេញពីមណ្ឌលធ្វើចត្តាឡីស័កនេះដែរឫទេ? បេីមានតើសរុបប៉ុន្មានករណីដែរ?
លោកស្រី ឱ វណ្ណឌី៖ កន្លងមក ក៏មានការគេចវេសក្នុងការធ្វេីតេស្តរកវីរុសកូវីដ-១៩ ក្នុងចំនួនតិចតួចណាស់។ តែមិនមានការគេចវេសធ្វេីចត្តាឡីស័កបែបដូចករណីស្ត្រីខ្មែរ-អាមេរិកកាំងរូបនេះទេ។ យេីងបានអប់រំណែនាំពួកគាត់ ដេីម្បីព្រមព្រៀងធ្វេីតេស្ត និងតាមដានសុខភាពបន្ត។
Fresh News៖ តើក្រសួងសុខាភិបាលនឹងមានវិធានការបែបណាសម្រាប់ស្ត្រីរូបនេះ ឬអ្នករត់ចេញពីមណ្ឌលចត្តាឡីស័ក្ត ដោយដាក់ទោសទណ្ឌ ឬពិន័យអ្វីទេ ដើម្បីការពារកុំឱ្យមានការរត់ចេញបែបនេះទៀត?
លោកស្រី ឱ វណ្ណឌី៖ នេះជាករណីដែលបានចាកចេញពីកន្លែងធ្វេីចត្តាឡីស័ក ដោយមិនបានស្នេីសុំត្រឹមត្រូវ ដែលជាទង្វេីលួចចេញដោយមិនគោរពតាមវិធានការចត្តាឡីស័កសម្រាប់គ្រប់គ្រងប្រទេសក្នុងគ្រាមានការរាតត្បាតជំងឺឆ្លងជាអន្តរជាតិនេះ។ ករណីនេះ ទាមទារពេលវេលាបន្តិចសិន ដេីម្បីក្រុមការងារថ្នាក់ក្រោមជាតិដែលមានអាជ្ញាធរខេត្តដឹកនាំ កំពុងធ្វេីការងារបន្តទៀតសិន។
Fresh News៖ តើលោកជំទាវមានជាសារ ឬការណែនាំអ្វីចង់បញ្ជាក់បន្ថែមទៀតដែរទេ?
លោកស្រី ឱ វណ្ណឌី៖ ថ្ងៃនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីណែនាំតាមរយ:ទំព័រហ្វេសបុករបសលសម្តេចរួចហេីយ។ ដូច្នេះខ្ញុំសុំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តការប្រុងប្រយ័ត្នផ្ទាល់ខ្លួនក្នុងការការពារការចម្លងវីរុសកូវីដ-១៩ តាមការអំពាវនាវ និងការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន និងរបស់ក្រសួងសុខាភិបាល ដូចដែលធ្លាប់បានពន្យល់និងលេីកឡេីងជារឿយៗ និងច្រេីនលេីកមកហេីយដែរ។
សម្រាប់បុគ្គលដែលត្រូវធ្វេីចត្តាឡីស័កចំនួន១៤ថ្ងៃ ចាំបាច់ត្រូវតែគោរពអនុវត្តវិធានការចត្តាឡីស័កនេះ ឲ្យបានហ្មត់ចត់ត្រឹមត្រូវទាំងជនជាតិខ្មែរ ទាំងជនបរទេសទាំងអស់ដែលរស់នៅ និងចូលមកកម្ពុជា។
ប្រសិនបេីមិនប្រតិបត្តិតាមវិធានការដែលក្រសួងសុខាភិបាលដាក់ចេញឲ្យអនុវត្តនោះទេ បុគ្គលដែលមិនគោរព និងមិនប្រតិបត្តិតាមវិធានការសុខាភិបាល ឬរត់គេចវេសពីការអនុវត្តវិធានការនេះ ដោយចេតនា ឬអចេតនាក្តី នឹងត្រូវទទួលទោស ឬទទួលការផាកពិន័យ ស្របតាមផ្លូវច្បាប់មានជាធរមាននៅកម្ពុជា ដូចជាអនុក្រឹត្យលេខ១២៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីវិធានការសុខាភិបាលដេីម្បីទប់ស្កាត់ និងឆ្លេីយតបការឆ្លងរាលដាលជាអន្តរជាតិ នៃជំងឺនៅតាមច្រកចេញចូលជាដេីម។
ខ្ញុំសូមអរគុណជាអនេកនូវការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋយេីងទាំងអស់ក្នុងការអនុវត្តវិធានការសុខាភិបាលនិងការការពារការចម្លងវីរុសកូវីដ-១៩ ឲ្យបានខ្ជាប់ខ្ជួន។ កុំភ្លេចខ្លួនឲ្យសោះថា កូវីដ-១៩ កំពុងតែនៅចរាចររាតត្បាតពាសពេញសាកលលោកយ៉ាក្លាំងក្លានៅឡេីយទេ និងសូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ មានសុខភាពល្អសប្បាយរីករាយដោយការប្រុងប្រយ័ត្នជាប់ជានិច្ច ក្នុងថ្ងៃឈប់សម្រាកការងារនៅថ្ងៃទី១៧ ដល់ទី២១ ខែសីហា ឆ្នាំ២០២០ នាពេលខាងមុខនេះ និងសូមចៀសផុតការចម្លងវីរុសកូវីដ-១៩ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត និងកុំឲ្យមានការចម្លងចូលក្នុងសហគមន៌យេីងផងដែរ។ សូមអរគុណ!