(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានសម្រេចត្រាស់បង្គាប់តាំងស៊ប់ក្នុងឋានន្តរស័ក្តិអនុចៅក្រម នៃក្របខណ្ឌចៅក្រម ដល់ចៅក្រមកម្មសិក្សា ៣៩រូប និងចាត់ឲ្យទៅបំពេញការងារ នៅតាមសាលាដំបូងរាជធានី-ខេត្ត ចំនួន២០។
ព្រះរាជកឹ្រត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០នេះ បានឲ្យដឹងថា សាលាដំបូងរាជធានី-ខេត្តទាំង២០ ដែលចៅក្រមទាំង ៣៩រូប ត្រូវទៅបំពេញការងារ រួមមាន៖ កណ្តាល កំពង់ចាម ត្បូងឃ្មុំ បាត់ដំបង សៀមរាប ឧត្តរមានជ័យ ប៉ៃលិន បន្ទាយមានជ័យ កំពត កំពង់ស្ពឺ តាកែវ កំពង់ឆ្នាំង កំពង់ធំ ពោធិ៍សាត់ ព្រៃវែង ក្រចេះ ស្ទឹងត្រែង កោះកុង មណ្ឌលគិរី និងភ្នំពេញ។
ក្នុងព្រះរាជក្រឹត្យដែលបានប្រថាប់ព្រះរាជលញ្ជករកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ បានគូសបញ្ជាក់ថា ចៅក្រមទាំង ៣៩រូបនេះ មានសិទ្ធិទទួលប្រាក់បៀវត្សមូលដ្ឋាន និងប្រាក់ឧបត្ថម្ភផ្សេងៗទៀត តាមច្បាប់បានកំណត់។ សិទ្ធិទទួលបានប្រាក់ឧបត្ថម្ភផ្សេងៗ សិទ្ធិឡើងឋានន្តរស័ក្តិ ឬឡើងថ្នាក់ ត្រូវបានគិតចាប់ពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០៕
សូមអានព្រះរាជក្រឹត្យខាងក្រោម៖