(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានសម្រេចត្រាស់បង្គាប់តាំងស៊ុបព្រះរាជអាជ្ញារងកម្មសិក្សាចំនួន ១៥រូប ក្នុងឋានន្តរស័ក្តិអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ព្រមទាំងចាត់តាំងឱ្យទៅបំពេញការងារនៅអយ្យការអមសាលាដំបូងខេត្តចំនួន១៤។
ព្រះរាជអាជ្ញារងទាំង១៥រូបនេះ នឹងត្រូវបំពេញការងារនៅអយ្យការអមសាលាដំបូងខេត្តកំពង់ចាម, ព្រះសីហនុ, ឧត្តរមានជ័យ, ប៉ៃលិន, បន្ទាយមានជ័យ, កំពង់ស្ពឺ, កំពង់ធំ, ពោធិ៍សាត់, ព្រៃវែង, ស្វាយរៀង, ស្ទឹងត្រែង, រតនគិរី, មណ្ឌលគិរី និងខេត្តកណ្តាល។
ក្នុងព្រះរាជក្រឹត្យដែលបានប្រថាប់ព្រះរាជលញ្ជករកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ បានគូសបញ្ជាក់ថា ព្រះរាជអាជ្ញារងទាំង១៥រូបនេះ មានសិទ្ធិទទួលប្រាក់បៀវត្សមូលដ្ឋាន និងប្រាក់ឧបត្ថម្ភផ្សេងៗទៀត តាមច្បាប់បានកំណត់។ សិទ្ធិទទួលបានប្រាក់ឧបត្ថម្ភផ្សេងៗ សិទ្ធិឡើងឋានន្តរស័ក្តិ ឬឡើងថ្នាក់ ត្រូវបានគិតចាប់ពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០៕