(កំពង់ចាម)៖ ខ្យល់កន្ដ្រាក់មួយប្រាវវាយប្រហារផ្ទះប្រជាពលរដ្ឋ ២៣គ្រួសារ បណ្ដាលឲ្យរបើកដំបូលផ្ទះនៅភូមិវាលធ្នុង ភូមិប្រសើរ និងភូមិដូនធី ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០នេះ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋាន និងអនុសាខាកាកបាទក្រហមស្រុក ចុះពិនិត្យស្ថានភាព សួរសុខទុក្ខ និងចែកអំណោយជូនគ្រួសាររងគ្រោះ។
ពិធីនេះធ្វើឡើងដោយមានការណែនាំពីលោក ហ៊ុន ម៉ានិត សមាជិកគណៈកម្មាធិការគណបក្សប្រជាជន និងជាប្រធានក្រុមការងារចុះជួយស្រុកចំការលើ ទើបលោក យន្ត ឌឹក និងលោក ងួន វិទូ អនុប្រធានក្រុមការងារចុះជួយឃុំបុសខ្នុរ តំណាងលោក ឌួង ឧត្តម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំបុសខ្នុរ និងលោក ខ្លូត ចិន្ដា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមស្រុក ចុះយកអំណោយចែកជូន។
ថ្លែងក្នុងឱកាសនោះ ក្រុមការងារគណបក្សប្រជាជនកម្ពុជា និងអនុសាខាកាកបាទក្រហមកម្ពុជា នាំនូវការផ្ដាំផ្ញើសារសួរសុខទុក្ខពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋរងគ្រោះទាំងអស់ផងដែរ។
ក្រុមការងារបានបញ្ជាក់ថា ថ្នាក់ដឹកនាំតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ចគ្រប់ពេលវេលាទាំងអស់ មិនថាទីណានោះទេ ពោលទីណាក៏ដោយឲ្យតែមានជួបការលំបាក ឬរងគ្រោះថ្នាក់ផ្សេងៗ តែងតែមានក្រុមការងារគណបក្សប្រជាជនកម្ពុជា និងកាកបាទក្រហមចុះទៅដល់ជានិច្ច ដោយមិនប្រកាន់ពូជសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ។
ជាមួយគ្នានេះ ក្រុមការងារក៏បានណែនាំឲ្យប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្ន ដោយសាររដូវនេះជារដូវវស្សា ដូច្នេះភ្លៀង ខ្យល់កន្ដ្រាក់អាចកើតមានគ្រប់ពេល ដូច្នេះត្រូវមានស្មារតីប្រុងប្រយ័ត្ន។ លើសពីនេះ ត្រូវប្រុងប្រយ័ត្នការពារខ្លួនពីជំងឺកូវីដ-១៩ ដោយត្រូវឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ ឬអាល់កុល និងពាក់ម៉ាសនៅទីកន្លែងចាំបាច់។
ក្រោយចប់ពិធីសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ ក្រុមការងារក៏បានបន្ដដំណើរ ចុះពិនិត្យមើលការរៀបចំដាក់ប្រព័ន្ធលូចំនួន១៨កង ដើម្បីរំដោះទឹកចេញ និងចាក់ផ្លូវឆ្លងអូរ០១ខ្សែ ប្រវែង៥០ម៉ែត្រ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរទៅស្រែចំការ នៅភូមិដូនធី ឃុំបុសខ្នុរ ស្រុកចំការលើផងដែរ ដោយប្រើប្រាស់ថវិកាអស់ចំនួន៦,៣២០,០០០រៀល៕