(កណ្តាល)៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល ដឹកនាំដោយលោកឧត្ដមសេនីយ៍ មេបញ្ជាការខេត្ត សហការជាមួយ សហភាពសហព័ន្ធយុវជន (ស.ស.យ.ក) ខេត្តកណ្តាល ដឹកនាំដោយលោក គីម រិទ្ធី អភិបាលរងខេត្ត ជាប្រធានសភាពសហភាពសហព័ន្ធយុវជនខេត្ត ព្រមទាំងសភាពាណិជ្ជកម្មខេត្ត ដឹកនាំដោយលោកឧកញ៉ា សុខ ស្រស់ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានរៀបចំពិធីផ្តល់ឈាម ដើម្បីជួយជីវិតជនរងគ្រោះ ដែលត្រូវការឈាមចាំបាច់។
សមាសភាពចូលរួមមាន៖ លោក មេបញ្ជាការ មេបញ្ជាការរង រងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ចាការ មេបញ្ជាការរង ក្រុងស្រុកទាំង១១ ព្រមទាំងនាយទាហាន នាយរងទាហាន ពលទាហាន នៃកងរាជអាវុធហត្ថ ខេត្តកណ្ដាលជាច្រើនរូបផងដែរ។
នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកណ្តាល បានលើកឡើងថា អនុវត្តន៍តាមភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ដែលជាយន្តកាដឹកនាំដ៏មានប្រសិទ្ធិភាពរបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើឲ្យនាយ នាយរង នៃកងរាជអាវុធហត្ថខេត្តកណ្តាលទាំងអស់ បានយកអស់ស្មារតីអនុវត្តតួនាទីភារកិច្ច និងមានការទទួលខុសត្រូវខ្ពស់ ជាពិសេសកម្លាំងកងរាជអាវុធហត្ថ បានត្រៀមរួចជាស្រេច ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលកំពុងខ្វះឈាម និងរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ។
លោកមេបញ្ជាការ បានសង្កត់ធ្ងន់ថា កងរាជអាវុធហត្ថ ខេត្តកណ្តាល បានធ្វើជាគំរូល្អ និងមានស្នាដៃកិត្តិយសកេរ្ត៍ឈ្មោះល្អ នេះដោយមានការដឹកនាំចង្អុល បង្ហាញពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ឲ្យយកចិត្តទុកដាក់ឈរលើការគោរពបទបញ្ជា ការគោរពវិន័យ សាមគ្គី ឯកភាពផ្ទៃក្នុង គោរពតាមឋានានុក្រម ពិសេសមានឆន្ទៈ ក្នុងការការពារនិងបំរើប្រជាជន។
ជាមួយនោះផងដែរ កងរាជអាវុធហត្ថ ក៏មានតួនាទីយ៉ាងសំខាន់សម្រាប់ជួយដល់សង្គមទាំងមូល ក្នុងការថែរក្សាការពារពង្រឹងសន្តិសុខ ស្ថិរភាពនយោបាយ និងរក្សាសណ្តាប់ធ្នាប់សាធារណៈ ហើយមកដល់បច្ចុប្បន្ននេះ កងរាជអាវុធហត្ថខេត្តកណ្តាល បានបង្កើតនូវសមិទ្ធផលជាច្រើន សម្រាប់អង្គភាពជាពិសេស ក្រៅពីការងារស្នូល កងរាជអាវុធហត្ថ ខេត្តកណ្តាល បានចូលរួមសហការ និងចុះជួយដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា គ្រប់ទិសទី នៅពេលដែលប្រជាពលរដ្ឋ មានតម្រូវការ។
ក្នុងពេលកំពុងធ្វើការផ្តល់ឈាមនោះ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុមន្ទីរ មេបញ្ជាការ មេបញ្ជាការរង ក្រុងស្រុក ទាំង១១ នាយ នាយរង ពលអាវុធហត្ថទាំងអស់ បានចូលរួមស្តាប់អនុសាសន៍សំខាន់ៗ របស់លោក ឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកណ្តាល ដែលបានផ្តល់កម្លាំងចិត្ត ដល់បងប្អូនចូលរួមដោយផ្ទាល់ក្នុងការផ្តល់ឈាម សម្រាប់បម្រើឲ្យជនរួមជាតិ ដែលមានតម្រូវការឈាមចាំបាច់ ដើម្បីជួយសង្គ្រោះជីវិតមនុស្សនាពេលបច្ចុប្បន្ន និងទៅអនាគត។
ឆ្លៀតក្នុងឱកាសនោះដែរ លោកមេបញ្ជាការ បានផ្សព្វផ្សាយផងដែរនូវសភាពការណ៍ជាតិ អន្តរជាតិ ពាក់ព័ន្ធបញ្ហាជំងឺកូវីដ-១៩ ដោយលោកសង្កត់ធ្ងន់ទៅលើ ការរួមសាមគ្គីគ្នា ទប់ស្កាត់ជំងឺនេះ ឲ្យមានប្រសិទ្ធភាព ដោយអនុវត្តទៅតាមវិធានការ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ជាពិសេសទៅទៀតលោក មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានចូលរួមផ្តល់ឈាមមុនគេ ដើម្បីធ្វើជាគំរូជូនដល់កងកម្លាំងចូលរួមទាំងអស់។
សូមជម្រាបជូនផងដែរថា សរុបទាំងកងកម្លាំង សមាជិក ស.ស.យ.ក សភាពាណិជ្ជកម្មខេត្ត និងប្រជាពលរដ្ធ អញ្ជើញចូលរួមក្នុងកម្មវិធីនេះ មានចំនួនជាង ២៥០នាក់ និងបានចូលរួមបរិច្ចាគឈាម បានចំនួនជាង១១៥ផ្លោក៕