(ពោធិ៍សាត់)៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រាប សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក និងកម្លាំងមូលដ្ឋានអាវុធហត្ថ ស្រុកវាលវែង ដឹកនាំដោយលោកវរសេនីយ៍ឯក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានចុះបង្ក្រាបទីតាំងដាំដើមកញ្ឆាមួយកន្លែង ដែលមានផ្ទៃដី ២ហិកតា ព្រមទាំងដុតបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែង។
ប្រតិបត្តិការខាងលើ ធ្វើឡើងនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចជ្រលងភ្នំអូរ៧០ ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
សេចក្តីរាយការណ៍ បានឲ្យដឹងថា ទីតាំងដាំដុះកញ្ឆានោះ មានផ្ទៃដីប្រមាណ ២ហិកតា ដោយលក្ខណៈភូមិសាស្ត្រសម្បូរទៅដោយភ្នំ ផ្លូវលំបាក មានចម្ងាយប្រមាណ ៣០គីឡូម៉ែត្រ ចេញពីផ្លូវជាតិលេខ៥៥ ទើបសមត្ថកិច្ចចាប់មុខសញ្ញាមិនបាន។
ក្នុងប្រតិបត្តការខាងលើ កម្លាំងបានដុតបំផ្លាញចោលដើមកញ្ឆាស្រស់ និងក្រៀមចំនួន ៥,៥៣០ដើម និងរោងខ្ទមចាំចំការមួយ៕