(សៀមរាប)៖ ដើម្បីអនុវត្តន៍ឱ្យមានប្រសិទ្ធភាពលើការធ្វើកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកសិក្ខាសាលាមួយបណ្តុះបណ្តាលដល់មន្ត្រីរបស់ខ្លួនក្រោមប្រធានបទស្តីពី «ការធ្វើសមាហរណកម្មថវិកាចរន្ត និងថវិកាវិនិយោគហិរញ្ញប្បទាន ដោយថវិកាថ្នាក់ជាតិ»។
សិក្ខាសាលាបានធ្វើឡើងនៅខេត្តសៀមរាប នៅថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២០ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួង កងវិស្វកម្ម អង្គភាពជំនាញ និងមន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនទាំង២៥រាជធានី-ខេត្ត។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពបន្ថែមលើការធ្វើសមាហរណកម្មថវិកាចរន្ត (ការជួសជុលថែទាំ) និងថវិកាវិយោគហិរញ្ញប្បទាន (គម្រោងវិយោគផ្ទាល់) ឱ្យបានយល់ស៊ីជម្រៅ និងដើម្បីបង្កើនសមត្ថភាព និងលទ្ធភាពក្នុងការធ្វើឱ្យផែនការយុទ្ធសាស្ត្រថវិកា និងផែនការថវិកាប្រចាំឆ្នាំក្លាយជាឧបករណ៍ដ៏សំខាន់ សំដៅសម្រេចឱ្យបាននូវផែនការ និងគោលនយោបាយរបស់ក្រសួង និងរាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព គុណភាព និងទាន់ពេលវេលា។
លោក សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងពិធីបើកសិក្ខាសាលានោះថា ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពក្នុងការរៀបចំផែនការយុទ្ធសាស្ត្រថវិកាក្នុងក្របខណ្ឌនៃការអនុវត្តកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងទិសដៅយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកានៅកម្ពុជា ទាមទារឱ្យមានការចូលរួមពីគ្រប់បណ្ដាភាគីពាក់ព័ន្ធទាំងអស់ ប្រកបដោយទំនួលខុសត្រូវ ភាពច្បាស់លាស់ តម្លាភាព និងគណនេយ្យភាព សំដៅឱ្យការរៀបចំផែនការយុទ្ធសាស្ត្រថវិកា២០២១-២០២៣ និងផែនការថវិកាប្រចាំឆ្នាំ២០២១នេះ ក្លាយជាវិធានការដ៏សំខាន់មួយសម្រាប់លើកកម្ពស់ប្រសិទ្ធភាពនៃការរៀបចំ និងការបែងចែកនូវធនធានថវិកាប្រកបដោយសមធម៌ និរន្តរភាព និងការអភិវឌ្ឍ ព្រមទាំងសមស្របតាមគោលនយោបាយ និងកម្មវិធីកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ គឺការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ ២០១៦-២០២០។
លោករដ្ឋលេខាធិកា ក៏បានគូសបញ្ជាក់ផងដែរថា ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមការដឹកនាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដាក់ចេញនូវទិសដៅចំនួនពីរធំៗ គឺធ្វើផ្លូវឱ្យមានគុណភាពរឹងមាំ ប្រើប្រាស់ជាប់បានយូអង្វែង និងការបណ្តុះបណ្តាលមន្ត្រីរាជការក្រោមឱវាទក្រសួងឱ្យមានសមត្ថភាពគ្រប់គ្រាន់។
លោករដ្ឋលេខាធិការ បានសម្ដែងនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា ការសួរដេញដោល ការផ្ដល់មតិយោបល់ និងការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមករវាងសិក្ខាកាម និងគ្រូឧទ្ទេស នឹងផ្ដល់នូវចំណេះដឹង និងបទពិសោធន៍បន្ថែមទៀតក្នុងការបំពេញបន្ថែមនូវចំណុចខ្វះខាតដែលកើតមានឡើង។ ជាពិសេសនឹងជំរុញឱ្យការរៀបចំផែនការយុទ្ធសាស្រ្តថវិកា ២០២១-២០២៣ និងផែនការថវិកាប្រចាំឆ្នាំ២០២១ បស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត៕