(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថាសព្វថ្ងៃបើនិយាយពីស្ថានភាពស្រុកទេសសហរដ្ឋអាមេរិក ស្ថិតក្រោមរបបប្រធានាធិបតីអាមេរិកំាង លោក ដូណាល់ ត្រំា កំពុងប្រឈមនឹងវិបត្ដិធំៗពីរគឺ វិបត្ដិដែលបណ្តាលមកជំងឺមេរោគឆ្លងកូវីដ-១៩ និងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី៣ ខែវិច្ឆិកាខាងមុខ។
មានន័យថារឿងទីមួយ៖ គឺការដឹកនំាប្រយុទ្ធប្រឆំាងនឹងការឆ្លងមេរោគឆ្លងកូវីដ-១៩ ការព្យាបាល នឹងការទប់ស្កាត់ ដើម្បីសុខមាលភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចរបស់ប្រទេស និងរឿងទីពីរ៖ គឺយុទ្ធសាស្រ្ដក្នុងយុទ្ធនាការយកប្រៀបនឹងបេក្ខភាពប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ គឺលោក ជោ បាយដិន (Joe Biden)។
លោក រត្ន័ សណ្ដាប់ បន្ដថាបើដូចនេះ ចំពោះបញ្ហាប្រឈមនឹងវិបត្ដិកូវីដនេះ នរណាក៏ដឹងដែរថា សហរដ្ឋអាមេរិកដែលជាមហាអំណាចកំពូលទី១ កំពុងជួបប្រទះនឹងសន្ទុះនៃការឆ្លងមេរោគកូវីដ-១៩ ដែលកំពុងកើនឡើងយ៉ាងខ្លាំង។ តែទន្ទឹមនឹងនេះនៅប្រទេសមហាសេដ្ឋកិច្ចធំៗនានា ការឆ្លងមេរោគនេះបានចុះថយគួរឲ្យកត់សម្គាល់ ពិសេសនៅបារំាង អង់គ្លេស អ៉ីតាលីជាដើម។ ដោយឡែកនៅតំបន់អាស៊ីប្រទេសជប៉ុន កូរ៉េខាងត្បូង សិង្ហបុរីជាដើមបានគ្រប់គ្រងវិបត្តិនេះយ៉ាងមានប្រសិទ្ធភាព។
ករណីនេះបើយើងក្រទ្បេកក្រោយបន្ដិច គេនៅចាំបានថា អង្គការសុខភាពពិភពលោក (WHO) បានចេញសេចក្តីព្រមាន ដល់ទូទាំងពិភពលោកនៅចុងខែមករា ឆ្នំា២០២០ បន្ទាប់ពីទីក្រុងវ៉ូហានមានផ្ទុះមេរោគនេះ ដោយបានប្រកាសអាសន្នម្ដងហើយម្ដងទៀត ដើម្បីឲ្យប្រទេសទាំងអស់ក្នុងពិភពលោកមានការប្រុងប្រយ័ត្ន។
នៅខែបន្តបន្ទាប់មក ប្រទេសនៅអឺរ៉ុបមួយចំនួន បានទទួលការឆ្លងមេរោគនេះលឿនស្លេវជាងគេ ដែលកាលណោះសហរដ្ឋអាមេរិកនៅឆ្លងមួយៗនៅទ្បើយ លើកលែងតែទីក្រុងញូវយ៉កមួយ បានឆ្លងយ៉ាងសាហាវ ដែលមានសន្ទុះប្រហាក់ប្រហែលនឹងអឺរ៉ុបដែរ។
មកទល់នឹងបច្ចុប្បន្ននេះ សហរដ្ឋអាមេរិក មានអ្នកដែលឈឺឆ្លងមេរោគកូវីដ-១៩ កើនដល់ជាង៣លានកន្លះ និងស្លាប់ជាង១៥ម៉ឺននាក់។
លោក រត្ន័ សណ្ដាប់ បន្ដទៀតថាបើដូច្នេះ ចំពោះបញ្ហាប្រឈមនឹងវិបត្ដិកូវីដនេះ បញ្ហាដែលគេពិបាកយល់នោះ គឺឋិតនៅត្រង់ថាប្រទេសនៅអឺរ៉ុប ដែលយើងបានរៀបរាប់ខាងលើ បានទទួលការរាតត្បាតនៃមេរោគនេះ ក្នុងថេរ:វេលាប្រហាក់ប្រហែលគ្នា គឺចាប់ផ្ដើមពីខែមីនា ឆ្នាំ២០២០ ដែលមានត្រឹមតែបួនដប់ករណីប៉ុណ្ណោះ ហើយទ្បើងដល់ត្រឹមខ្ទង់ ២ទៅ៣សែននាក់ តែដល់ដំណាក់កាលមួយចូលដល់មកខែឧសភា បន្ទាប់ពីមានវិធានការទប់ទល់យ៉ាងម៉ត់ចត់ និងប្រុងប្រយ័ត្នពីសំណាក់រដ្ឋាភិបាល ដោយមានការចូលរួមសហការពីសំណាក់ប្រជាពលរដ្ឋផងនុះ ការប្រឈមនឹងហានិភ័យនៃប្រទេសទាំងអស់នោះ បានចុះថមថយគួរជាទីមោទនៈ។
ដោយឡែកនៅសហរដ្ឋអាមេរិក ក៏មានការប្រកាសអាសន្នដោយប្រមុខអង្គភាពសុខាភិបាលកាលពីចុងខែឧសភា ថានឹងមានរលកទីពីរ ដែលពេលនោះមេរោគកូវីដ-១៩ បានរាតត្បាតឆ្លងប្រមាណជាង១លាននាក់រួចហើយ និងអំពាវនាវប្រជាពលរដ្ឋទូទៅសុំមានការប្រុងប្រយ័ត្ន ត្រូវពាក់ម៉ាស់ កុំដើរលេងប្រសេចប្រសាច កុំជប់លៀងជុំគ្នីគ្នា។ល។ តែពួកគេហាក់ធ្វើមិនដឹងមិនលឺ ឬមិនខ្វល់នឹងត្រងត្រាប់ស្ដាប់ទេ។ បញ្ហានេះ បានជាក្នុងរយ:ពេលពីរសប្តាហ៍មកនេះ សហរដ្ឋអាមេរិកបានត្រូវឆ្លងមេរោគកើនមួយថ្ងៃៗពី៥ទៅ៦ម៉ឺនករណី។
ជាចុងក្រោយ លោក រត្ន័ សណ្ដាប់ បានចោទជាសំនួរថា បើដូច្នោះចំពោះស្ថានភាពស្រុកទេសសហរដ្ឋអាមេរិក កំពុងប្រឈមនឹងវិបត្ដិកូវីដ-១៩នេះ តើត្រូវបន្ទោសអ្នកណា? ពីព្រោះចំពោះ អ្នកមាននិន្នាការខាងគណបក្សប្រជាធិបតេយ្យ គេបន្ទោសលោក ដូណាល់ ត្រំា គេថានឹងបោះឆ្នោតឲ្យលោក ជោ បាយដិន។ តែមានមតិមួយចំនួនគេថា ត្រូវតែបោះឆ្នោតបន្ដទៀតឲ្យលោក ត្រំា កាន់កាប់ស្រុកទេសតទៅទៀត ព្រោះពួកអ្នកក្រុមប្រឆាំងនឹងប្រធានាធិបតី លោក ត្រំានេះហើយ ដែលនំាគ្នាបង្ករឿង បំបះបំបោរ បណ្ដាលឲ្យនំាមេរោគឆ្លងកាន់តែច្រើនទ្បើងៗ។
បើទោះបីការស្ទង់មតិថ្មីៗ បង្ហាញថា ប្រជាប្រិយភាពប្រធានាធិបតី លោក ដូណាល់ ត្រំា បានចុះថយនៅក្រោម លោក ជោ បាយដិន។ តែពួកគេថាមិនទាន់យកជាការបានដែរ ដោយពួកគេសំអាងថាយោងតាមការស្ទង់មតិពីអាណត្ដិមុន កាលសម័យបោះឆ្នោតឆ្នំា២០១៦ ក៏បានបង្ហាញថា បេក្ខភាពលោក ដូណាល់ ត្រំា នៅក្រោម លោកស្រី គ្លីនតុន ដែរ!
បើដូច្នេះចំពោះស្ថានភាពស្រុកទេស សហរដ្ឋអាមេរិក នឹងអាចប្រឈមខ្លំាងទ្បើងៗ ប្រសិនបើការគ្រប់គ្រងទប់ស្កាត់មេរោគឆ្លងកូវិដ-១៩នេះ នៅបន្ដមិនមានប្រសិទ្ធភាពនោះ!!!៕