(ភ្នំពេញ)៖ ដោយសារការមមាញឹកនឹងការងារ បុគ្គលមួយចំនួនដែលមាន អចលនវត្ថុ (ដី,អគារ/ផ្ទះ) នៅតាមបណ្តាខេត្តដែលនៅឆ្ងាយពីគេហដ្ឋានរបស់ខ្លួន បុគ្គលទាំងនោះតែងតែស្វែងរក អ្នកត្រួតពិនិត្យ ឬថែរក្សាផ្ទះ ឬចាំមើលដី ឱ្យខ្លួន ដែលអ្នកថែរក្សាដីមានសិទ្ធិក្នុងការប្រើប្រាស់ដីដែលមិនមែនជាកម្មសិទ្ធិរបស់ខ្លួន ដើម្បីដាំដំណាំ ឬធ្វើស្រែចំការជាដើម ទៀតសោតអ្នកថែរក្សា ឬអ្នកចាំដី ក៏មានសិទ្ធិក្នុងការអាស្រ័យផល (ទទួលផល) ពីដំណាំដែលខ្លួនបានដំានោះផងដែរ។
ថ្វីត្បិតតែអ្នកចាំដី មានសិទ្ធិប្រើប្រាស់ (ដំាដំណាំ) និងសិទ្ធិអាស្រ័យផល (ទទួលផលដំណាំ) ក៏ពិតមែន ប៉ុន្តែអ្នកចាំដី ពុំមានសិទ្ធិក្នុងការចាត់ចែង (លក់) ដីនោះឡើយ ដោយហេតុថាដីដែល អ្នកថែរក្សាកំពុងកាន់កាប់ គឺជាដីរបស់អ្នកដទៃមិនមែនជាកម្មសិទ្ធិផ្ទាល់ខ្លួនឡើយ។
ចំពោះទម្រង់នៃការកាន់កាប់ដីបែបនេះ ត្រូវបានគេស្គាល់ក្នុងអត្ថន័យច្បាប់ថាជា ផលុបភោគ។ យើងនឹងធ្វើការពិនិត្យទៅលើនិយមន័យផលុបភោគ, ការបង្កើតផលុបភោគ, សិទ្ធិ និងករណីយកិច្ចរបស់ផលុបភោគី និងការបញ្ចប់ផលុបភោគផងដែរ។
ដូច្នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាព FRESH NEWS ក្រោមកិច្ចសហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី «ផលុបភោគ» មកធ្វើការបង្ហាញជូនបងប្អូន ប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម៖
ផលុបភោគ សំដៅទៅលើសិទ្ធិប្រើប្រាស់ និងអាស្រ័យផលលើអចលនវត្ថុដែលជាកម្មសិទ្ធិរបស់អ្នកទៃ។ មានអត្ថន័យថា ផលុបភោគគឺ ជារបបគតិយុត្តមួយដែល ផ្តល់សិទ្ធិឱ្យបុគ្គលម្នាក់ហៅថា ផលុបភោគី មានសិទ្ធិប្រើប្រាស់ដីសម្រាប់ដំាដំណាំ, ធ្វើស្រែចំការ ឬផ្ទះដើម្បីជួលបន្តឱ្យទៅអ្នកដទៃទៀតបាន និងមានសិទ្ធិអាស្រ័យផលធម្មជាតិ ដែលមានដូចជាផលដំណាំលើសពី នេះទៅទៀតផលុបភោគី អាចធ្វើការអាស្រ័យផលស៊ីវិល គឺប្រាក់ឈ្នួលកើតពីជួលអគារឱ្យអ្នកដទៃផងដែរ។
ផលុបភោគ អាចបង្កើតតាមលិខិតលាយលក្ខណ៍អក្សរ ឬមិនតាមលិខិតលាយលក្ខណ៍អក្សរ(ផ្ទាល់មាត់) ហើយចំពោះអាណត្តិនៃការបង្កើតផលុបភោគ អាចបង្កើតក្នុងរយៈពេលកំណត់ណាមួយ ដែលមិនឱ្យលើសពីមួយជីវិតរបស់ផលុបភោគី។ បន្ទាប់ពីការបង្កើតផលុបភោគរួច ដើម្បីមានសិទ្ធិតតាំងចំពោះបុគ្គលផ្សេងដែលអះអាងលើអចលនវត្ថុ (ដី,អគារ/ផ្ទះ) ផលុបភោគីត្រូវចុះបញ្ជីនៅមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់។
ផលុបភោគី មានសិទ្ធិអាស្រ័យផលធម្មជាតិ (ទទួលបានដំណាំដែលដុះលើដី), សិទ្ធិអាស្រ័យផលស៊ីវិល (ប្រាក់ឈ្នួលដែលកើតចេញពីការជួលដី,អគារ/ផ្ទះ), សិទ្ធិទាមទារដោយផ្អែកលើសិទ្ធិប្រត្យក្ស ដូចដែលម្ចាស់កម្មសិទ្ធិករនៃដីមាន, មានសិទ្ធិយកអចលនវត្ថុ(ដី,អគារ/ផ្ទះ) ដែលជាកម្មវត្ថុនៃផលុបភោគទៅជួលបន្តបាន ដែលមានថិរវេលាមិនឱ្យលើសពី៣(បី)ឆ្នាំ និងអាចបន្តសាជាថ្មីបាន ដោយមិនឱ្យលើសពី៣(បី)ឆ្នាំ។
ផលុបភោគីត្រូវមានករណីយកិច្ចជូនដំណឹងដោយគ្មានការយឺតយ៉ាវទៅម្ចាស់កម្មសិទ្ធិករនៃអចលនវត្ថុ (ដី,អគារ/ផ្ទះ) ក្នុងករណីមានបុគ្គលណាផ្សេង អះអាងថាខ្លួនមានសិទ្ធិលើអចលនវត្ថុ (ដី,អគារ/ផ្ទះ), ករណីយកិច្ចថែរក្សាអចលនវត្ថុ(ដី,អគារ/ផ្ទះ) ឱ្យបានត្រឹមត្រូវតាមខ្លឹមសារនៃផលុបភោគ, ករណីយកិច្ចចេញថ្លៃសេវាជួសជុលថែទាំអចលនវត្ថុ (លើកលែងតែជួសជុលធំៗ ជាបន្ទុករបស់កម្មសិទ្ធិករ), ករណីយកិច្ចទទួលបន្ទុកបង់ពន្ធ និងអាករ (បង់ពន្ធផ្ទះ, បង់ពន្ធដី) និងករណីយកិច្ចបង់ថ្លៃសេវាធានារ៉ាប់រងអចលនវត្ថុជាដើម។
ផលុបភោគ ត្រូវបញ្ចប់នៅក្នុងករណីដូចជា៖ មរណភាពនៃផលុបភោគី, អំឡុងពេលបញ្ចប់មកដល់, ផលុបភោគីប្រព្រឹត្តផ្ទុយពីខ្លឹមសារនៃកិច្ចព្រមព្រៀងផលុបភោគ ឬបញ្ញត្តិច្បាប់(បង្កឱ្យមានការខូចខាត, ថែរក្សាមិនបានត្រឹមត្រូវ), ចំពោះផលុបភោគដែលមិនធ្វើឡើងក្រោមទម្រង់ជាលាយលក្ខណ៍អក្សរ កម្មសិទ្ធិករ (ម្ចាស់ដី,អគារ/ផ្ទះ) អាចស្នើសុំឱ្យរំលត់ពេលណាក៏បាន។
ក្នុងករណីស្នើសុំរំលត់ផលុបភោគ ដោយមិនបញ្ជាក់អំពីពេលរលត់ នោះផលុបភោគត្រូវរលត់នៅអំឡុងពេលដែល បានកំណត់បានកន្លងហួសដូចជា៖ ៣(បី)ខែចំពោះអគារ, ១(មួយ)ឆ្នាំចំពោះដី, មុនពេលផលុបភោគីចាប់ផ្តើមការងារកសិកម្ម សម្រាប់រដូវបន្ទាប់ (ចំពោះដីមានរដូវប្រមូលផល)។
ជាចុងក្រោយយើងអាចសង្កេតបានថាផលុបភោគ ជារបបគតិយុត្តមួយដែលមានបញ្ញត្តិនៅក្នុងក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧ នៃព្រះរាជាណាចក្រកម្ពុជា និងជារបបដែលបង្កើតឡើង តាមរយៈការលាយលក្ខណ៍អក្សរ ឬមិនលាយលក្ខណ៍អក្សរក៏បាន, យកថ្លៃឈ្នួល ឬមិនយកថ្លៃឈ្នួលក៏បាន តាមរយៈការព្រមព្រៀងគ្នាជាក់ស្តែង រវាងកម្មសិទ្ធិករ និងផលុបភោគី។ ម្យ៉ាងវិញទៀត ផលុបភោគី ត្រូវគោរពតាមសិទ្ធិ ក៏ដូចជាករណីយកិច្ចដូចដែលបានបញ្ញត្តិ ជៀសវាងមានបញ្ហាផ្សេងៗ កើតឡើងដូចជាការបញ្ចប់នូវរបបផលុបភោគពីកម្មសិទ្ធិករជាដើម។
រៀបរៀងដោយ៖ លោកមេធាវី សេង ឈុនលី និង លោក ប៉ូល គីមសេង ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕