(បន្ទាយមានជ័យ)៖ ដើមក្ងោកប្រមាណពីរពាន់ដើម ត្រូវបានដាំអមសងខាងផ្លូវលេខជាតិលេខ៥ និងលេខ៦ ចាប់ពីផ្លូវសៀមរាប ដល់សាលាក្រៅ និងចាប់ពីភូមិសែសិន ដល់ស្រុកមង្គលបូរី។ ការដាំកូនឈើនេះ ដើម្បីជាគំរូមួយក្នុងសង្គម ហើយក៏ដើម្បីបង្កើតសម្រស់បៃតងនៅតាមផ្លូវជាតិផងដែរ។
ការដាំនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០នេះ ដោយមានការចូលរួមពីមន្ត្រីព្រឹទ្ធសភា រដ្ឋសភា អាជ្ញាធរខេត្ត សិស្សានុសិស្ស និងកងកម្លាំងប្រដាប់អាវុធផងដែរ។
លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ការដាំដើមក្ងោកនេះ ដើម្បីបរិស្ថានស្អាត នាំមកនូវសុខភាពល្អ។ លោកអភិបាលខេត្ត បានអគុណដល់សប្បុរសជន ដែលបានផ្តល់ដើមក្ងោកយកមកដាំអមសងខាងផ្លូវក្នុងខេត្ត ដើម្បីរួមចំណែកលើកកម្ពស់សម្រស់សោភ័ណភាពខេត្ត។
លោកក៏បានធ្វើការផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋឱ្យចូលរួមថែរក្សាដើមក្ងោកឱ្យបានគង់វង់៕