(ភ្នំពេញ)៖ ជនរងគ្រោះម្នាក់ ដែលត្រូវអគ្គិភ័យឆាបឆេះ នៅកន្លែងស្តុកហ្គាសក្បែរហ្គ្រេនភ្នំពេញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីយប់មិញនោះ បានស្លាប់ម្នាក់ហើយ ក្នុងចំណោមជនរងគ្រោះ២នាក់។
មន្រ្តីនគរបាលខណ្ឌសែនសុខ បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ តាត់ គីម អាយុ៥៧ឆ្នាំ មុខរបរកម្មករធ្វើផ្លូវ បានទទួលមរណភាពនៅវេលាម៉ោង១១៖២០នាទីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ នៅមន្ទីរពេទ្យលោកសង្ឃ ខណៈជនរងគ្រោះម្នាក់ទៀត បានរងរបួសធ្ងន់ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ចំពោះការបាត់បង់ជីវិតរបស់ជនរងគ្រោះខាងលើនេះ លោក លី សាវេត អភិបាលខណ្ឌសែនសុខ បានសំដែងការចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំជាមួយគ្រួសារ។ ជាក់ស្តែងនៅវេលាម៉ោងជាង១១ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរង ខណ្ឌសែនសុខ បាននាំយកថវិកាលោក លី សាវេត ទៅចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំជាមួយគ្រួសារសពជនរងគ្រោះដែលមានបច្ច័យចំនួន ៥០០.០០០រៀល។ ជាមួយគ្នានេះ លោកអភិបាលខណ្ឌក៏បានឧបត្ថម្ភថវិកាចំនួនថវិកា២០០.០០០រៀលជូនគ្រួសារជនរងគ្រោះ ឈ្មោះ អិន អ៊ី អាយុ៤២ឆ្នាំ មុខរបរកម្មករធ្វើផ្លូវ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ។ ជនរងគ្រោះទាំង០២ មានស្រុកកំណើតនៅភូមិកញ្ជ្រិល ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ បច្ចុប្បន្នសពជនរងគ្រោះឈ្មោះ តាត់ គីម ត្រូវបានក្រុមគ្រួសារបញ្ជូន ទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត។
សូមបញ្ជាក់ថា កាលពីយប់មិញ មានករណីធ្លាយធុងហ្គាស នៅកន្លែងស្តុកហ្គាសរបស់ក្រុមហ៊ុនយីហោ KM ក្បែរហ្គ្រេនភ្នំពេញ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បណ្តាលឲ្យខូចខាតរថយន្តចំនួន៥គ្រឿង ម៉ូតូជិត១០គ្រឿង និងរងរបួស២នាក់ ហើយបានស្លាប់ម្នាក់។ ប្រតិបត្តិការពន្លត់អគ្គិភ័យ ដែលមានរយៈពេល១ម៉ោងកន្លះ កម្លាំងសមត្ថកិច្ចចំរុះ បានប្រើរថយន្តពន្លត់អគ្គិភ័យ ប្រមាណ៣០គ្រឿង៕