(កំពង់ធំ)៖ លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ ២០១៦នេះ បានអញ្ជើញក្នុងពិធីប្រគល់-ទទួល អដ្ឋិធាតុកងទ័ពស្ម័គ្រ ចិត្តវៀតណាមដែលបានពលីជីវិត ក្នុងសម័យសង្គ្រាមនាឆ្នាំ១៩៧០-១៩៨០ នៅភូមិសាស្ត្រខេត្តកំពង់ធំ ។
លោក គង់ វិមាន តំណាងអភិបាលខេត្ត បានថ្លែងថា «ដោយមានកិច្ចសហការល្អ រវាងប្រទេសទាំងពីរ គឺខេត្តទាំងពីរកំពង់ធំ-ខេត្តប៊ិញហ្វឿក ដែលមានគណៈកម្មការជំនាញ របស់ខេត្តទាំងពីរ យើងបានរកឃើញអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលពលីជីវិតក្នុងសម័យសង្គ្រាម ឆ្នាំ១៩៧០-១៩៨០ ក្នុងខេត្តកំពង់ធំសរុបចំនួន១០១៤អដ្ឋិធាតុ ចាប់ពីឆ្នាំ២០០៣ មកដល់ដើមឆ្នាំ២០១៦នេះ»។
ក្នុងនាមគណៈកម្មការខេត្តកំពង់ធំ លោកសូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ មន្ត្រីរាជការដែលមានព័ត៌មានអំពីទីតាំង ស្លាកស្នាម កន្លែងកប់សាកសពកងទ័ពវៀតណាម សម័យសង្គ្រាមកន្លងមក សូមមេត្តាជួយសហការផ្តល់ដំណឹងមកអាជ្ញាធរយើង ដើម្បីឲ្យក្រុមការងារយើង ចុះទៅពិនិត្យ សិក្សា និងគាស់យកធ្វើមាតុភូមិនិវត្តន៍ ត្រឡប់ទៅប្រទេសវៀតណាមវិញ៕