(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនព័ត៌មាន ស្ដីពីករណីព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ចំនួន០៣នាក់។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកនេះបានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ ដែលជាសះស្បើយទាំង០៣នាក់៖

* បុរសជនជាតិខ្មែរ អាយុ ២១ឆ្នាំ អាស័យដ្ឋាននៅភូមិកំពង់អំពិល ឃុំបុរីជលសា ស្រុកបុរីជលសា ខេត្តតាកែវ

* បុរសជនជាតិខ្មែរ អាយុ២១ឆ្នាំ មានអាស័យដ្ឋាននៅភូមិឃឃុំច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

* បុរសជនជាតិខ្មែរ អាយុ៣០ឆ្នាំ មានអាស័យដ្ឋាននៅភូមិកំពង់អំពិល ឃុំបុរីជលសា ស្រុកបុរីជលសា ខេត្តតាកែវ។

បុរសទាំងបីនាក់នេះ ជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌីត ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០នេះ អ្នកមានវីរុសកូវីដ-១៩ ដែលបានរកឃើញទាំងអស់នៅទូទាំងប្រទេស សរុបចំនួន ១៧១នាក់ (ស្ត្រី ៤២នាក់ និងបុរស ១២៩នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន១៣៦នាក់(ស្រី ៣៩នាក់ និងបុរស៩៧នាក់) ខណៈអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួន៣៣នាក់ និង អ្នកសម្រាកព្យាបាលនៅបន្ទប់ដោយឡែក ក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា ដែលជនជាតិអាមេរិក០២នាក់៕