(កំពត)៖ មានប្រជាពលរដ្ឋចំនួន ២៤០នាក់ បានដាក់ពាក្យគោរពស្នើសុំជំនួយអន្តរាគមន៍ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី ២៩ មិថុនា ឆ្នាំ ២០២០ ប្តឹងតវ៉ាពី ឈ្មោះ សៅ ទីន ជាមន្រ្តីសាលាស្រុកកំពង់ត្រាច ដែលមានម្តាយក្មេកឈ្មោះ សែម វណ្ណថា អាយុ ឆ្នាំ៤៩ ដែលបានចាក់ដីលុបចំណីបឹងដែលជាដីរដ្ឋបម្រុងយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយអះអាងថាបានកាន់កាប់អាស្រ័យផលយូរឆ្នំាមកហើយ។ តាមពិតទៅ ឈ្មោះ សែម វណ្ណថា មានដីដែលមានបណ្ណកម្មសិទ្ធិប្លង់រឹងដែលចេញអោយដោយសុរិយោដីត្រឹមត្រូវមានចំនួនតែជាង ៣,៩៣០ម២ តែប៉ុណ្ណោះ។ ប៉ុន្តែគាត់បានចាក់ដីហៀរចេញមកក្រៅដីគាត់ជាច្រើនម៉ែត្រដែលបានបង្កអោយមានការផ្ទុះកំហឹងតវ៉ាពីប្រជាជន២៤១នាក់នៅទីនោះ។

ប្រជាពលរដ្ឋមិនយល់ព្រមដាច់ខាតអោយដីនោះធ្លាក់ទៅជាដីកម្មសិទ្ធិរបស់បុគ្គលតែម្នាក់ឯង ព្រោះទាំងអាជ្ញាធរ ទាំងសហគមន៍គឺបានដឹងច្បាស់នឹងទទួលស្គាល់ថាដីនោះគឺជាចំណីដីបឹងរបស់រដ្ឋ។

ប្រជាពលរដ្ឋបានស្នើសុំអាជ្ញាធររក្សាដីនោះជាសម្បត្តិរដ្ឋទុកបម្រើអោយផលប្រយោជន៍សហគមរួម (ធ្វើជាសួនសហគម ឬសាលាឆទាន) ដែលមានដាំដើមឈើជាម្លប់សម្រាប់មនុស្សទូទៅ។ ដីនេះមានទីតាំងនៅភូមិ ដំណាក់ក្រឡាញ់ខាងកើត ឃុំ ភ្នំប្រាសាទ ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត។ ការតវ៉ារបស់ប្រជាពលរដ្ឋគឺបានកើតឡើងកាលពីខែ ឧសភា ២០២០ កន្លងមក ប៉ុន្តែដំណោះស្រាយគ្មានលទ្ធផលទើបប្រជាពលរដ្ឋសម្រេចចិត្តប្តឹងមកសម្តេចតេជោនាយករដ្ឋមន្រ្តី។

នៅថ្ងៃទី ១៧ កក្កដា ២០២០ លោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ បានអញ្ជើញចុះទៅពិនិត្យស្ថានភាពជាក់ស្តែង ដោយបានជួប លោកអភិបាលស្រុកកំពង់ត្រាច ប្រធានភូមិបាលកំពង់ត្រាច លោក មេភូមិ មេឃុំ នៅទីនោះ ព្រមទាំងប្រជាពលរដ្ឋជាច្រើនរយនាក់ ដែលបានបញ្ជាក់ច្បាស់សារជាថ្មីថាដីនោះគឺជាដីចំណីបឹងរបស់រដ្ឋដែលត្រូវបាន ឈ្មោះ សែម វណ្ណថា បានចាក់លុបបំណងយកកាន់កាប់ជាច្រើនម៉ែត្រចេញពីដីពិតប្រាកដរបស់ខ្លួន ដោយលើកហេតុផលថាក្រុមគ្រួសារគាត់បានរស់នៅអាស្រ័យផលនៅទីនោះយូរមកហើយ។

លោក ដួង តារា និង លោក អភិបាលស្រុកកំពង់ត្រាច ក៏បានពន្យល់អំពីដីនិងសម្បត្តិធម្មជាតិនានា ដែលជារបស់រដ្ឋរួមទាំង ព្រៃឈើ បឹង ព្រែក ភ្នំ ទន្លេ សមុទ្រជាដើម។ ក្រោយពីប្រជាពលរដ្ឋបានយល់ថាអ្វីជាសម្បត្តិរដ្ឋហើយ លោក ដួង តារា និងអាជ្ញាធរស្រុកបានសម្របសម្រួលផ្សះផ្សាបញ្ចប់វិវាទរវាងភាគីទាំង២ឈរលើគោលការណ៍ឈ្នះឈ្នះសម្តេចតេជោនាយករដ្ឋមន្រ្តី។ ដោយមានការឯកភាពពី លោក អភិបាលស្រុកកំពង់ត្រាច និងអាជ្ញាធរភូមិឃុំនៅទីនោះ គឺបានសម្រេចបន្ថែមដីក្បាលទទឹង ៧ម៉ែត បណ្តោយ ៥៣ម៉ែត្រ ជូនទៅ សែម វណ្ណថា។ ដីនៅសល់ទាំងអស់គឺជាទុកជាសម្បត្តិរដ្ឋសម្រាប់បម្រើជាប្រយោជន៍សហគមរួម ដែលមានប្រជាពលរដ្ឋភាគច្រើនបំផុតគាំទ្រ រួមទាំងអាជ្ញាធរស្រុក ឃុំ និង ភូមិផងដែរ។ ប្រជាពលរដ្ឋមានសេចក្តីសប្បាយរីករាយនិងត្រេកអរយ៉ាងខ្លាំងទទួលយកដំណោះស្រាយនេះ ដែលតម្កល់ផលប្រយោជន៍សហគមជាធំជាងប្រយោជន៍បុគ្គល។

បន្ទាប់មកភាគីទាំងអស់បានផ្តិតមេដៃ ដែលមានសមាសភាពភាគីទាំង២ ព្រមទាំង មេភូមិ មេឃុំ និង អភិបាលស្រុកកំពង់ត្រាច បានចុះហត្ថលេខាទទួលស្គាល់ជាសក្សីដឹងឮបញ្ចប់វិវាទទាំងស្រុងកាលពីថ្ងៃទី១៧ កក្កដា ២០២០។ ភាគីទាំងពីរបានសន្យាធ្វើជាពលរដ្ឋល្អ មិនបង្កជំលោះ មិនឃុបឃិតទន្រ្ទានយកដីរដ្ឋជាបន្តទៀត។ ជាមួយគ្នានេះដែរ ភាគីទាំងពីរក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនសម្តេចតេជោ ហ៊ុន សែន ដែលបានយុត្តិធម៍ជូនដល់ពួកគាត់ទាំងអស់គ្នា។ បងប្អូនប្រជាពលរដ្ឋ បានសន្យាបន្តគាំទ្រនឹងបោះឆ្នោតជូនសម្តេចតេជោ និងគណបក្សប្រជាជនគ្រប់ៗអាណត្តិ។

លោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ និងជាអនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែសណ្តោសប្រណីនឹងផ្តល់ដំណោះស្រាយយុត្តិធម៍ដល់ពលរដ្ឋនៅគ្រប់ទីកន្លែង។ ទន្ទឹមនឹងនេះដែរ លោក ដួង តារា ក៏បានអរគុណដល់លោកអភិបាលខេត្តកំពត អភិបាលស្រុកកំពង់ត្រាច លោកមេឃុំភ្នំប្រាសាទ លោកមេភូមិ ចុងសួង ព្រមទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានចូលរួមដោះស្រាយសម្របសម្រួលបញ្ចប់វិវាទដែលមានរយៈពេលជាង៣ ខែមកនេះបានចប់ជាស្ថាពរតាមគោលការណ៍ឈ្នះឈ្នះសម្តេចតេជោនាយករដ្ឋមន្រ្តី។

ជាមួយគ្នានោះដែរ លោក ដួង តារា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោទាំងអស់ ដែលបានចូលរួមដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដោយមិនគិតពីពេលវេលា និងផលកម្រៃក្នុងការចូលរួមជួយដោះស្រាយបញ្ហាជូនបងប្អូនប្រជាពលរដ្ឋយើង។ អរគុណសន្តិភាព៕