(មណ្ឌលគិរី)៖ ថ្លែងចេញពីខេត្តមណ្ឌលគិរី ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយមន្ដ្រី នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ លោក ស៉ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានលើកឡើងថា ភាពជាអ្នកបម្រើសេវារបស់ គ.ជ.ប គឺជាកត្ដាចាំបាច់សម្រាប់ម្ចាស់ឆ្នោត។

លោក ស៉ិក ប៊ុនហុក ក៏បានបញ្ជាក់ថា ខេត្តមណ្ឌលគិរី មានស្ថានភាពភូមិសាស្រ្តលំបាក ជាកត្តាសត្យានុម័ត ប៉ុន្តែកត្តាដែលសំខាន់បំផុត គឺមន្ដ្រីអាចធ្វើបាន ដូច្នេះលោកសូមកោតសរសើរមន្ត្រីបោះឆ្នោត ព្រមទាំងត្រូវត្រៀមសេវាឲ្យបានល្អបន្តទៀត សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។

គួរជម្រាបថា យោងតាមរបាយការណ៍របស់ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តមណ្ឌលគិរី លោក គិន ជាន បានបញ្ជាក់ថា ខេត្តមណ្ឌលគិរី បច្ចុប្បន្នមានប្រជាពលរដ្ឋចំនួន ២១,៤៧៨គ្រួសារ ស្មើនឹង៩១,៧៩៧នាក់ ក្នុងនោះមាន៦០% ទៅ៧០% ជាជនជាតិដើមភាគតិចដែលមាន១១អំបូរ។ ប្រជាពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើង មានចំនួន៤៩,១៧៧នាក់ ក្នុងនោះអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០១៩ មានចំនួន៤២,៣២៣នាក់ និងអ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតមានចំនួន ៣,០៩៥នាក់។

បើតាមលោក គិន ជាន សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ នេះ តាមឃុំ សង្កាត់ទាំងអស់មានផែនការចុះឈ្មោះថ្មី ចំនួន២,២៣៥នាក់ និងមានការិយាល័យបោះឆ្នោត ចំនួន១៣២ការិយាល័យ។ លោកក៏បានលើកឡើងអំពីបញ្ហាលំបាកមួយចំនួនទាក់ទងនឹងភូមិសាស្រ្ត ដោយឃុំ សង្កាត់ ស្រុក ក្រុង ស្ថិតនៅដាច់ឆ្ងាយពីគ្នា ជាពិសេសគឺស្ថានភាពផ្លូវជួបនូវឧបសគ្គជាច្រើន ក្នុងការបញ្ជូនសម្ភារបម្រើឲ្យការបោះឆ្នោត និងការងារការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។

ទោះបីជាយ៉ាងនេះក្តី លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបានប្រើប្រាស់គ្រប់មធ្យោបាយអស់លទ្ធភាព ដើម្បីដឹកជញ្ជូនសម្ភារទាំងអស់ តួយ៉ាង ទូក កាណូត ឧទ្ធម្ភាគចក្រ និងសត្វជាដើម។ ជាក់ស្តែង លោកប្រធាន ល.ខ.ប មណ្ឌលគិរី រំលឹកថា នៅក្នុងអំឡុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ ដំរីបានក្លាយជាយានជំនិះដ៏សំខាន់ សម្រាប់ដឹកសម្ភារបោះឆ្នោតទៅកាន់ការិយាល័យបោះឆ្នោតលេខ ០០៨៣ មានទីតាំងនៅភូមិឡៅរមៀត ឃុំក្រង់តេះ ស្រុកពេជ្រាដា ដែលជាទីតាំងភូមិសាស្រ្តដ៏លំបាកដោយមិនអាចប្រើប្រាស់មធ្យោបាយអ្វីផ្សេងក្រៅតែពីប្រើដំរី៕